ពង្រឹង​ជំនឿ​បន្ថែម​ដល់​យុវជន​ដោយ​​ជិះកង់​ទៅ​តាម​ព្រះសហគមន៍

យុវជន យុវនារីនៃព្រះសហគមន៍តំបន់មណ្ឌលគិរី នៃភូមិភាគកំពង់ចាម ចំនួន២៨ នាក់ ដែល​ដឹកនាំ​ដោយលោក​បូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល បានធ្វើ​ដំណើរ​បូជនីចរ​ដោយ​ជិះកង់រិះគិត​អំពីជំនឿ​ដែល​មានរយៈ​ចំងាយ​ប្រមាណ១០០​គីឡូម៉ែត គឺ​ធ្វើដំណើរ​ទៅតាម ព្រះសហគមន៍ ចំនួន៣កន្លែង​ក្នុងខេត្ត​កំពង់ចាម។

 

លោកបូជាចារ្យហ្វ្រង់ស្វ័រ អេមេល្សដាល ជាអ្នក​ដឹកនាំ​ក្រុមយុវជន​ក្នុងកម្មវិធីបូជនីចរ​មាន​ប្រសាសន៍ថា គោលដៅ​នៃកម្មវិធីនេះ គឺដើម្បី​ឲ្យយុវជន​ខិតខំ​តស៊ូ​នឹងភាព​ហត់នឿយ មាន​ជំនឿ​មាំមួន​លើព្រះជាម្ចាស់ និងឲ្យពួក​គេចេះ​ស្រឡាញ់គ្នា​ទៅវិញ​ទៅមក។

 

នៅក្នុង​ឱកាសនោះ លោកបូជាចារ្យបាន​បង្រៀនយុវជន យុវនារីអំពី​ជីវិត​របស់សន្តីក្លារ៉ា ដែល​មានជំនឿ​យ៉ាងមុត​មាំ​ទៅលើ​ព្រះជាម្ចាស់។ នាងបាន​ក្លាយ​ជាពន្លឺស​ម្រាប់​អ្នកដែល​អស់សង្ឃឹម។ សន្តីក្លារ៉ា​ជាយុវនារីម្នាក់ កើតនៅ​ប្រទេសអ៊ីតាលី។ នៅពេលនាង​មាន​អាយុ១៧ ឆ្នាំ នាង​បាន​កើតជំងឺ​មហារីក ប៉ុន្តែ​នាងបាន​តស៊ូជា​មួយវា ដោយ​មាន​ជំនឿយ៉ា​ងមុត​មាំទោះ​បី​ដឹងថា ២ឆ្នាំ​ក្រោយ​ទៀត​នាង​នឹងស្លាប់ក៏ដោយ។

 

លោកបូជាចារ្យមានប្រសាសន៍​អំពីសន្តីរូប​នេះយ៉ាងនេះថា «គាត់រួម​ជាមួយព្រះយេស៊ូ​យ៉ាងស្និទ្ធស្នាល ហើយគាត់​មាន​ជំនឿរឹងមាំ​លើព្រះយេស៊ូ ដោយមិន​ខ្លាចសេច​ក្តីស្លាប់ ហើយគាត់​ស៊ូទ្រាំជាមួយ​ជំងឺរបស់គាត់ ហើយគាត់​ទៅជាពន្លឺ​សម្រាប់អ្នកដទៃ»។

 

យុវជនលាក ឡែម បាននិយាយថា ដំណើរបូជនីយចរនេះ បាន​ធ្វើឲ្យគាត់ ផ្លាស់ប្តូរការ​គិត​​ក្នុង​ជីវិតរស់នៅ។ ឡែម និយាយថា «ជីវិត​របស់ខ្ញុំ​ពីមុន មាន​រឿងតិច​តួច​គឺខ្ញុំឆាប់អស់សង្ឃឹម មិន​មានជំនឿ​ជឿជាក់លើ​ខ្លួនឯង។ ក្រោយ​ពេលខ្ញុំចូលរួម​កម្មវិធីនេះ ធ្វើឲ្យ​ខ្ញុំមានជំនឿ​ជឿជាក់​លើខ្លួនឯង ហើយ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​កាន់​តែ​ខ្លាំង​ថែម​ទៀត»។

 

កម្មវិធី​បូជនីយចរដោយជិះកង់នេះបាន​ធ្វើឡើង​រយៈពេល​បីថ្ងៃពីថ្ងៃទី៧-៩ តុលា ២០១៩ ដោយ​ជិះកង់ពី​ព្រះសហគមន៍​កំពង់​ចាមក្រុង​ទៅ​ព្រះសហគមន៍​​ក្តុលលើស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបញ្ចប់ដំណើរទៅព្រះសហគមន៍កោះរការ ស្រុកកំពង់សៀមខេត្តកំពង់ចាម។

 

ក្វែ ប៊ីម មក​ពី​​ព្រះសហគមន៍​កាតូលិ​ប៊ូស្រា ឲ្យដឹងថា ក្នុងរ​យៈពេ​ល​៣ថ្ងៃនេះ នាង​បាន​ចាប់​អារម្មណ៍​ជាខ្លាំង​នូវ​ជីវិត​របស់សន្តីក្លារ៉ា​​ដែល​ហៀប​នឹងស្លាប់​ហើយនេះ គាត់​បាន​ឲ្យឪពុកម្តាយ​ប្រើពាក្យ​ស្រឡាញ់​គ្នាទៅវិញ​ទៅ​មក។ ប៊ីម បន្តថា «ឃ្លានេះ គឺចង់​ឲ្យយើង​ម្នាក់ៗ​​ចេះអត់​ធ្មត់​គ្រប់ប​ញ្ហា និង​ឧបសគ្គ​ដែល​កើត​មាន​និង​ឲ្យ​យើង​ចេះ​លើក​ទឹកចិត្តគ្នា​ទៅវិញ​ទៅមក ហើយកុំឲ្យ​យើងបាក់​ទឹកចិត្ត​​នៅពេល​មានអ្វីកើ​ត​ឡើងចំពោះ​យើង»។

 

យុវតីរូបនេះឲ្យដឹងថា ពីមុន​មកនាងធ្លាប់​ធ្លាក់​ទឹកចិត្តចំពោះ​រឿងរ៉ាវ​ក្នុងជីវិត​របស់នាង។ ប៉ុន្តែ​ក្រោយ​ពេលដែលនាង​បានឈ្វេង​យល់អំពីជីវិត​របស់សន្តីក្លារ៉ា អ្វីៗ​ត្រូវបាន​ផ្លាស់ប្តូរ។ ក្វែ ប៊ីម «មនុស្ស​យើងម្នាក់​ៗ​តែង​តែមានបញ្ហា​នៅក្នុង​ជីវិត​មិន​ថាតូច​ឬធំ យើង(អាច)​ដោះស្រាយ​តាម​សន្តិវិធី ហើយ​នឹង​អធិដ្ឋាន ផ្ញើ​កិច្ចការ​ទាំង​អស់​ទៅ​ព្រះជាម្ចាស់»។

 

ក្រៅពីជីវិត​របស់​សន្តីក្លារ៉ា យុវជន​ក៏សិក្សា​បន្ថែម​​អំពីជីវិត​របស់​លោកបូជា​ចារ្យរ៉ាប៉ាំង​ដែលបាន​បូជាជីវិត​ក្នុងសម័យ​សង្គ្រាម​ទសវត្ស១៩៧០​ នៅក្នុងប្រទេសកម្ពុជា និងសក្ខីភាព​របស់​បងស្រីម៉ារី​ដែលជា​ដូនជី​កំពុង​បម្រើការងារ​នៅព្រះសហគមន៍​កោះរការ។ យុវជន​ទាំង២៨នាក់នេះ​មកពី​ព្រះសហគមន៍​ចំនួន​​៣ក្នុង​ខេត្តមណ្ឌលគិរី គឺ ព្រះ​សហគមន៍​​កាតូលិក​ប៊ូស្រា ដាក់​ដាំ និងកែវសីមា៕

Add new comment

12 + 0 =

Please wait while the page is loading