ថ្ងៃទី ១៤ ខែកុម្ភៈ ៖ រំលឹកសន្តៈវ៉ាឡេនទិន( St. Valentine)

រូបគំនូរសន្តៈវ៉ាឡេនទិន

 

នៅ​ថ្ងៃទី​១៤ កុម្ភៈ ព្រះសហគន៍​កាតូលិក រំលឹក​ដល់​សន្ត​មួយរូប​ឈ្មោះ​វ៉ាឡេន​ទិន ដែល​ជា​អភិបាល​ព្រះសហគមន៍​ពីដើម ក្នុង​សម័យ​ព្រះចៅអធិរាជ​រ៉ូម៉ាំង​បៀតបៀន​គ្រីស្តបរិស័ទ។ 

ឈ្មោះ​របស់​សន្តៈវ៉ាឡេនទិន ក្លាយ​ទៅ​ជា ឈ្មោះ​របស់​ទិវា​នៃ​ក្តីស្រឡាញ់ (Valentine Day) ដែល ជា​ថ្ងៃ នៃ​ក្ដី​ស្រឡាញ់​សកល ។

លោក​ជា​បូជាចារ្យ​ដ៏​វិសុទ្ធ​មួយ​រូប ក្រោយ​មក​លោក​ជា​អភិបាល។ លោក​រង​ការ​បៀតបៀន​ពី ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះ​បាទ Claudius ទីពីរ រួម​ជា​មួយ​សន្តម៉ារីអុស។ លោក​ជា​មរណសាក្សី ដែល​មិន​ព្រម​បោះបង់​ចោល​ជំនឿ​គ្រីស្តបរិស័ទ។ អ្នក​ប្រវត្តិសាស្ត្រ​ខ្លះ​ដឹង​ថា លោកជាបូជាចារ្យ​ដែល​ត្រូវ​គេ​ចាប់​ដាក់គុក ដោយសារ​ប្រឆាំង​នឹង​ព្រះរាជ​បញ្ជា​របស់​ចៅ​អធិរាជ ព្រោះ​លោក​ជួយ​គូស្រករ​ឲ្យ​បាន​អាពាហ៍ពិពាហ៍​កាតូលិក ដែល​ស្តេច​ហាម​មិន​ឲ្យ​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍។ នៅ​ក្នុង​អំឡុង​ពេល​នោះ​កំពុង​មាន​សង្រ្គាម ហើយ​ស្តេច គិត​ថា កាល​ណា​មាន​អាពាហ៍ពិពាហ៍ ទាហាន​មិន​គិត​រឿង​ច្បាំង​ទេ បាន​ជា​ហាម​មិន​ឲ្យ​មាន​អាពាហ៍ពិពាហ៍ ។ 

ក្រោយ​លោក​ត្រូវ​គេ​ចាប់​ដាក់​គុក ព្រះ​ចៅ​អធិរាជ​ចូលចិត្ត​ស្តាប់​អ្នកទោស​នេះ​និយាយ​អំពី​ជំនឿ​របស់​គាត់ ស្តេច​និយាយ​ថា “លទ្វិ​ជំនឿ​របស់​បុរស់​នេះ ស្តាប់​ហើយ​ជាប់​ចិត្ត​មែនទែន”។  លោកវាឡេនទិន ក៏​ខិតខំ​ធ្វើ​ឲ្យ​ព្រះចៅអធិរាជ ប្រែ​ចិត្ត​គំនិត​ទទួល​ព្រះយេស៊ូគ្រីស្ត​ដែរ ។ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ទេ។

មាន​រឿង​និទាន​មួយ​ទៀត​ថា នៅ​ពេល​ជាប់​ឃុំឃាំង​នោះ កូន​ស្រី​របស់​ឆ្មាំ​គុក​ជា​មនុស្ស​ខ្វាក់ ហើយ​លោក​បាន ជួយ​ឲ្យ​ភ្នែក​របស់​កូនស្រី​ឆ្មាំ​គុក​នោះ​មើល​ឃើញ​វិញ។ មុន​ពេល​គេ​យក​លោក​ទៅ​ប្រហារ​ជីវិត លោក​សរសេរ សំបុត្រ​មួយ​ដែល​ចុះ​ឈ្មោះ​ខាង​ចុង​ថា “ពី​វ៉ាឡេនទិនរបស់​អ្នក”។

លោក​ជា​មរណសាក្សី​នៅ​ឆ្នាំ ២៦៩ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ផ្លូវ Flaminian។ ហើយនៅ កាតាកម្ប៍ ដែល​ជា​ផ្នូរ​បុរាណ និង​ព្រះសហគមន៍​បុរាណ​មាន​ឈ្មោះ​ឧទ្ទិស​ដល់​លោក។ ក្នុង​ឆ្នាំ ៤៩៦ សម្តេចប៉ាប យេឡាស៊ីអុស(Gelasius) បាន​កំណត់​ថ្ងៃទី ១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យរំលឹក​លោក​ក្នុង​ឋានៈ​ជា​មរណសាក្សី។

សន្តវាឡេនទិន ជា​ឧបការី​សម្រាប់៖ គូស្រករ, អ្នកចិញ្ចឹមឃ្មុំ, អំណរ​សប្បាយ​នៅ​ពេលអាពាហ៍ពិពាហ៍, សេចក្តីស្រឡាញ់, អ្នកធ្វើ​ដំណើរ, យុវជន។  រូប​របស់​លោក​តែងតែ​មាន​សត្វ​ស្លាប​និង​ផ្កាកុលាប។

រិះគិត៖

+ សន្តវ៉ាឡេនទិន​យកចិត្ត​ទុកដាក់​និង​លើក​តម្លៃ​អាពាហ៍ពិពាហ៍ ដោយ​ប្រារព្ធ​អាពាហ៍ពិពាហ៍​ឲ្យ​គូស្រករ ទោះបី​មាន​បញ្ជា​ពី​ស្តេច​ហាម​ក៏​ដោយ។ តើ​យើង​ឲ្យ​តម្លៃ​អាពាហ៍ពិពាហ៍​យ៉ាងណា? 

+ លោកវ៉ាឡេនទិន​ប្រកាស​ដំណឹងល្អ ទោះបី​មាន​ការ​ពិបាក តើ​យើង​ខិតខំ​នាំ​ដំណឹង​ល្អ​ដល់​អ្នកដទៃ​យ៉ាង​ដូចម្តេច?

អធិដ្ឋាន៖

សូម​ព្រះជាម្ចាស់​ជួយ​ឲ្យ​គូស្រករ​មាន​សេចក្តីស្រឡាញ់​យ៉ាង​ពិត​ប្រាកដ។

សូម​ឲ្យ​យុវវ័យ​ទាំង​អស់​យល់​ដឹង​អត្ថន័យ​ដ៏​មាន​តំលៃ​នៃ​សេចក្តីស្រឡាញ់។

ដកស្រង់ពី៖

http://www.catholic.or.th/spiritual/books/saints/saintsfeb/feb14.html

 

Add new comment

8 + 11 =

Please wait while the page is loading