អំពើអត្តឃាតរបស់យុវវ័យសព្វថ្ងៃមានកើនឡើង

តាម​ការសង្កេត​មួយ​រយៈ​តាម​ទំព័រ​សារព័ត៌មាន កាលពីពេលថ្មីៗនេះ បានបង្ហាញថា ភាគ​ច្រើ​នៃ​អត្តឃាតជន គឺ​មាន​ទាំង​ប្រុស​ទាំង​ស្រី និង​គ្រប់​វ័យ ហើយ​មធ្យោ​បាយ​នៃ​ការសម្លាប់​ខ្លួន​គឺ​មាន​ចម្រុះ​ផងដែរ ប៉ុន្តែ​ភាគច្រើន​គឺ​លោត​ទឹក ចង​ក និង លេប​ថ្នាំ​សម្លាប់​ខ្លួន។

 

ជាទូទៅ​នៅ​ក្នុង​ចំណោម​អត្តឃាតជន​ដែល​បាន​ស្លាប់​​ស្ថិត​នៅ​វ័យ​ក្មេង។​ ភាគច្រើន​កើត​មាន​គំនិត​ខ្លី​បញ្ចប់ជីវិត​ដ៏​មាន​តម្លៃ​របស់​ខ្លួន គឺ​ដោយសារ​តែ​មូល​ហេតុ​ ​វិបត្តិ​ស្នេហ៍ ឬ មួយ​ក៏​ខក​ចិត្ត​នឹង​ស្នេហ៍ ឬ​ក៏​ខកចិត្ត​នឹងអ្វី​ដែល​មិន​បាន​គាប់​ប្រសើរ តាម​តម្រូវការ​ដែល​ពួកគេ​ចង់​បាន។

 

នៅ​ក្នុង​ជួរ​អត្តឃាត​ជន​ដែល​មាន​វ័យ​ចំណាស់ ភាគ​ច្រើន​បំផុត​នៃ​អ្នក​ដែល​បាន​សម្លាប់​ខ្លួន​ជោគ​ជ័យ​និង ប៉ុន​ប៉ង​សម្លាប់​ខ្លួន​គឺ​ភាគ​ច្រើន​គឺ​ដោយសារ​តែ​បញ្ហា​សុខភាព។ ពួកគេ​ភាគច្រើន​អស់​សង្ឃឹម​នឹង​ស្ថានភាព​ជំងឺ​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ ហើយ​ដើម្បី​កុំ​ឲ្យ​ក្រុម​គ្រួសារ​ពិបាក គឺ​ជ្រើស​រើស​អំពើ​អត្តឃាត។

 

ចំពោះ​អត្តឃាត​ជន​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​កណ្តាល និង​ជា​វ័យ​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​ការងារ គឺមាន​ចម្រុះ ពោល​គឺ​រាប់​តាំង​ពី​បញ្ហា​គ្រួសារ បញ្ហា​ការងារ បញ្ហា​តាន​តឹង​ផ្លូវ​អារម្មណ៍ បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ដែល​ត្រូវ​ប្រឈម។ តើយុវវ័យបច្ចុប្បន្ននេះគិតបែបណាចំពោះរឿងនេះ?

អ្នកនាង សំ រតនា ជាស្រ្តីមេផ្ទះ បានអោយដឹងថា «ការដែលយុវវ័យយកការធ្វើអត្តឃាតដោយសារតែ ពួកគាត់ខកបំណងរឿងអ្វីមួយ ឧទាហរណ៍ គាត់រកស៊ីខាត លើកដំបូងជាហេតុធ្វើអោយគាត់សុញគំនិត ឈានទៅរកផ្លូវបែបនេះ»។

 

ស្រ្តីមេផ្ទះ វ័យ៣០ឆ្នាំរូបនេះ បន្តថា ជួនកាលស្រ្តីដែលមានវ័យច្រើនហើយ មិនសមបំណងជាមួយរឿងរ៉ាវស្នេហា របស់គាត់ ដូចជាការផិតក្បត់ ការចង់បានពីដៃគូរជីវិតរបស់គាត់ តែមិនសមតាមការប្រាថ្នា ក៏ជាហេតុធ្វើអោយពួកគាត់គិតខ្លី។

អ្នកនាង សំ រតនា បានអោយដឹងបន្ថែមថា នៅក្នុងបណ្តាញសារព័ត៌មានជាច្រើន ឃើញថាក្មេងៗជាមនុស្សស្រី បានចាញ់បោកសង្សាររបស់ខ្លួន ត្រូវសង្សាររបស់ខ្លួនបោះបង់ចោល​ក៏នាំអោយគាត់គិតខ្លីបញ្ចប់ជីវិតរបស់ខ្លួនជាដើម។

 

ចំណែក លោក តុំ សុភត្ត្រា ជានិស្សិតវ័យ២៧ឆ្នាំម្នាក់ក្នុងទីក្រុងភ្នំពេញ បានអោយដឹងថា «មេរៀនជីវិតជាច្រើនដែលធ្វើអោយយុវវ័យមានការឈឺចាប់ ដែលខ្ញុំគិតថា សម្រាប់ខ្លួនឯង ពេលវេលាមិនមែនជាសូចនាករ ទាល់តែជីវិតមនុស្សរស់នៅក្នុងសង្គម បាន៥ឆ្នាំបានស្គាល់គ្រប់រសជាតិនោះទេ។ យុវវ័យនៅពេលគាត់ជួបការខកបំណង គាត់ច្រើនមួរម៉ៅ គិតនេះគិតនោះច្រើនជាហេតុធ្វើអោយគាត់ចង់បញ្ចប់ជីវិតខ្លួន»។

 

លោក តុំ សុភត្ត្រា បន្តអោយដឹងថា ការគិតខ្លី (អត្តឃាត) ជាអំពើមួយដែលមិនគួរអោយកើតមាននោះទេ។ នៅពេលដែលយើងឃើញមនុស្សដែលមានសញ្ញាបញ្ញាក់ប្រាប់ដូច្នេះ គួរតែមនុស្សនៅជុំវិញខ្លួនគាត់ ជួយលើកទឹកចិត្តដើម្បីកុំអោយគាត់ធ្វើរឿងបែបនេះ។

 

សម្តេចប៉ាប​បានថ្លែងសារថ្មីមួយ ទៅកាន់យុវជន​ទាំង​អស់​ត្រូវ​ការ​ការថែទាំ និង​ការ​ការពារ​យ៉ាង​ពិសេស។ «យើង​ដឹងថា ផ្នូរ​គឺជា​បញ្ហាដែល​កំពុង​តែ​​មាន​នៅ​ក្នុង​សហគមន៍​ដែលយើង​កំពុង​រស់នៅ ហើយ​មាន​ហេតុផល​ជាច្រើនដែល​កើត​មាន​គឺ​ដោយ​សារ​ភាព​ឯកោ អស់សង្ឃឹម និង​ភាព​ដាច់​ឡែក​គ្មាន​អ្នករាប់​រក»។

 

សម្តេចប៉ាប​បាន​គូស​បញ្ជាក់ថា ដើម្បី​ចូលរួម​ក្នុង​រឿង​នេះឲ្យ​ប្រសិទ្ធិភាព​និង​ជោគ​ជ័យ ដើម្បី​កាត់​បន្ថយ​ឬ​លុប​បំបាត់​ គឺត្រូវ​ជំរុញនូវ​វប្បធម៌​នៃ​សេចក្តី​ស្រឡាញ់​និងការ​ស្រឡាញ់​ខ្លួន​ឯង​ទៅ​ដល់​យុវជន។

នៅ​ក្នុង​ប្រទេស​ជប៉ុន ចំនួន​អ្នក​ស្លាប់​ដោយ​អត្តឃាត​មាន​ចំនួន​៩១០០០ករណី ដែល​ខ្ពស់​ជាង​ឆ្នាំ​មុនៗ។ យ៉ាងហោច​ណាស់មាន ៤៧៤ ករណី​ត្រូវបាន​គេ​កំណត់​ថា“ ធ្ងន់ធ្ងរ” ខណៈ​ដែល ៥៥ ករណី​ត្រូវ​បាន​ចាត់ថ្នាក់​ពាក់​ព័ន្ធ​នឹង“ គ្រោះថ្នាក់​ដល់​អាយុ​ជីវិត”។

 

ចំណែកប្រទេសកម្ពុជាវិញមិនទាន់​មាន​តួលេខ​បញ្ជាក់​ច្បាស់​លាស់​អំពី​ចំនួននៃ​អំពើ​អត្តឃាត​ទេ តែអាជ្ញាធរ​ក៏​ដូច​គ្នា គួរ​តែ​មាន​ការកត់ត្រា​ហេតុ​និង​ផល រក្សា​ទុក​ទិន្នន័យ​ ដើម្បី​ជា​ផ្នែក​មួយ​ដែល​អាច​នឹង​ឲ្យ​យើង​យក​មក​ច្នៃ​រៀប​ចំ​សកម្មភាព ដើម្បី​ជួយ​លើក​កម្ពស់​វិធានការ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​អត្តឃាត​នេះ៕

Add new comment

5 + 15 =

Please wait while the page is loading