ស្ថានភាពគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា

ប្រជាជនកំពុង​អង្គុយ​ទទួល​ទាន​អាហារ​និង​គ្រឿង​ស្រវឹង​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​កន្លែង​។

នៅប្រទេស​កម្ពុជា​សព្វថ្ងៃ​ ហាក់​ក្លាយជា​ទម្លាប់​សម្រាប់​មនុស្ស​ទូទៅ​ ដែលនៅ​ក្នុង​កម្មវិធី​សប្បាយៗ​ មិនថា​អាពាហ៍ពិពាហ៍​ ខួបកំណើត​ ពិធី​បុណ្យផ្សេងៗ​ដែលទាក់ទង​ទៅនឹង​កម្មវិធី​កម្សាន្ត ​ម្ចាស់​កម្មវិធី​តែងតែ​ទទួលភ្ញៀវ ដោយ​គ្រឿងស្រវឹង​។

 

ការផ្សាយ​ពាណិជ្ជកម្ម​ទៀតសោត​ រឹតតែ​មានការ​រិះគន់​យ៉ាងចាស់ដៃ​ពីសំណាក់​មហាជន​ទូទៅនៅ​ទូទាំង​ប្រទេស​។ នៅតាម​បណ្តា​ស្បត​ពាណិជ្ជកម្ម តែងតែ​នាំមុខភាគ​ច្រើនដោយ​គ្រឿងស្រវឹង​​ជាពិសេស​ស្រាបៀររ។ មិនថា​តែក្នុង​កញ្ចក់​ទូរទស្សន៍​នោះទេ​ តាមផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ធំ​ យើង​សង្កេត​ឃើញ​មាន​ផ្ទាំងប៉ាណូ​ធំៗ​ អំពី​ពាណិជ្ជកម្ម​ស្រាបៀររ។

 

តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ បាន​កំណត់​ឃើញថា កត្តា​គ្រោះថ្នាក់​ចរាចរណ៍​ដែលភាគ​ច្រើន កើត​មាន​ក្នុង​ពេល​យប់ គឺដោយសារ​គ្រឿងស្រវឹង។ ជម្លោះ​ពាក្យ​សម្តី​ ការបាញ់បោះ​មួយ​ចំនួន​ក៏​កើត​ចេញ​ពី ការ​សេព​គ្រឿងស្រវឹង​​ដ៏​ច្រើន​លើស​លប់ ធ្វើ​ឲ្យ​បាត់បង់​ម្ចាស់ការ​លើ​ខ្លួន​ឯង។

 

អាជីវករ​លក់ដូរ​មួយរូប​ ស្ថិតនៅ​​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ លោក រិន រតនៈ មានវ័យ​ជាង​៦០ឆ្នាំ​ បានឲ្យ​ដឹង​ថា​ គាត់​មិន​សូវ​ចូលចិត្ត​ទទួលទាន​គ្រឿងស្រវឹង​ទេ តែនៅ​ពេល​ដែល​គាត់​រៀបចំ​អាពាហ៍ពិពាហ៍​កូនប្រុស កាលពី​ពេល​កន្លង​ទៅនេះ​ ក៏​ទទួល​ស្វាគមន៍​ភ្ញៀវ​កិត្តិយស ដោយ​ស្រា និង​ស្រាបៀរ​ដែរ។

 

លោក រិន រតនៈ និយាយថា៖ «​បើ​សិន​ជា​យើង​គ្មាន​ស្រា​ឬស្រាបៀរ​ទេ កម្មវិធី​នោះ​អត់​សប្បាយ​ទេ។ ហើយ​ជា​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​យើង តាំង​ពី​បុរាណ​មកថា ​បើ​ការ​ជប់​លៀង​ចឹង​មាន​ទឹកក្រូច​ ស្រាបៀរ​នោះ​ចឹង​ដើម្បី​ឲ្យ​បរិយាកាស​វា​សប្បាយ​រីករាយ​»​

នៅ​ក្នុង​ពិធី​នោះ លោក​ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រហែល ១៥០០​ដុល្លា ទៅ​២០០០​ដុល្លា ទៅ​លើ​ភេសជ្ជៈ​ ដើម្បី​បង្កើន​បរិយាកាស​អ៊ូអរ។

 

លោក រិន រតនៈ៖ «​បើ​អត់​មាន​ស្រា​នុះ ក៏​គេ​មិន​ទៅ​ចូលរួម​ដែរ ព្រោះ​ថា​ការ​រាប់អាន​គ្នា វា​ត្រូវ​តែ​ចូល​ចឹង​ហើយ។ តែ​គ្រាន់​តែ​ថា អត់​មាន​បរិយាកាស​នឹង​វា​ស្ងាត់  វា​អត់​សប្បាយ​ហ៊ឹកហ៊ាក់​ចឹង​ទៅ។ តែ​ចំណង​ដៃ​បើ​តាម​ខ្ញុំ​មើល​ទៅ ការ​ដែរលគេ​រាប់​អាន​យើង​ក៏​គេ​មិន​បន្ថយ​ដែរ»

 

ចំណែក លោក សុធារ៉ា និយាយថា​ គាត់​មិន​ធា្លប់​ចូល​រួម​ពិធី​មង្គល​ណា​មួយ​ដោយ​គ្មាន​គ្រឿងស្រវឹង​ឡើយ ផ្ទុយ​ទៅវិញ​បើ​ពិធី​ណា​គ្មាន​គ្រឿងស្រវឹង​ទេ​ ពិធី​នោះ​ហាក់​មាន​បរិយាកាស​សោះ​កក្រោះ ហើយ​នាំ​ឲ្យ​កម្មវិធី​ឆាប់​ចប់​ទៅ​វិញ។

 

លោក សុធារ៉ា៖ « ខ្ញុំ​គិត​ថា​ជា​លក្ខណៈ​ថា​គេ​មិន​សប្បាយ​រីករាយ​ជាមួយ​យើង គេ​ឆាប់​ទៅ​ផ្ទះ​វិញ។ ពិធីការ​របស់​យើង​ស្ងាត់​»

 

ចំណែក​អ្នកនាង​ សុធីតា​ ភរិយា​របស់​លោក សុធារ៉ា កត់​សម្គាល់​ឃើញ​ថា ភ្ញៀវ​ដែល​ចូល​រួម​ពិធី​មង្គលការ​របស់​អ្នក​ទាំងពីរ​ប្រមាណ​៩០​% សុទ្ធ​តែ​ទទួល​ទាន​គ្រឿង​ស្រវឹង។ អ្នកនាង បង្ហាញ​ក្តី​បារម្មណ៍​ពី​សុខភាព​ភ្ញៀវ ញាតិ​មិត្ត​ និង​អំពី​សុខ​សុវត្ថិភាព​ក្នុងពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅវិញ​ ខណៈ​ដែលពួកគាត់​ទទួល​ទាន​គ្រឿង​ស្រវឹង​ហើយ​​បើក​បរ​។

 

អ្នកនាង សុធីតា៖ «អត់​ចង់​ឲ្យ​គាត់​ញ៉ាំ​ស្រា​ច្រើន​ដែរ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព បញ្ហា​សុវត្ថិភាព​តាម​ផ្លូវ​។ ជាតិ​នៃ​សុរា​នោះ​ធ្វើ​ឲ្យ​យើង​បាត់បង់​ស្មារតី​ នៅ​ក្នុង​ការ​បើកបរ»

 

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រជាពលរដ្ឋ​ លោក យឹម គឹម​អេង បាន​យល់​ឃើញ​ថា ការ​កើន​ឡើង​នៃ​ការ​ទទួលទាន គ្រឿងស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ ​ដោយសារ​ការ​ផ្សព្វផ្សាយ​ច្រើន​ ដែលនាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។ យុវវ័យ​ចង់​សាក​ល្បង ចំណែក​មនុស្ស​ចាស់​ចង់​រក្សា​ទំនាក់ទំនង​តាម​រយៈ​គ្រឿងស្រវឹង។

 

លោក យឹម គឹមអេង៖ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន ផ្សព្វផ្សាយ​ពី​គ្រឿងស្រវឹង ប៉ុន្តែ​មិនបាន​ផ្សាយ​អំពី​គ្រឿងស្រវឹង ប៉ះពាល់ ដល់​អ្វី​នោះ​ទេ ដូចជា​ប៉ះពាល់​ដល់​សុខភាព មាន​ជំងឺ ពាក់ព័ន្ធ​ហិង្សា ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍ជាដើម។ រឿងរ៉ាវ​ទាំងអស់នោះ​​មិន​ផ្សាយ​នោះ​ទេ ទូរទស្សន៍ វិទ្យុ តិច​ណាស់​ដែរលផ្សាយ​ពី​រឿង​នេះ។ ការផ្សាយ​(គ្រឿង​ស្រវឹង)​ច្រើន​មែន​ទែន»

ស្រាបៀរ​ត្រូវ​បាន​ប្រើ​ប្រាស់​ គ្រប់​ស្រទាប់​វណ្ណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្លាយជាទម្លាប់នៃ​ការ​ស្វាគមន៍​និង​រាប់​អាន​មិត្ត​ភក្តិ។

លោក យឹម គឹម​អេង បន្ថែម​ទៀត​ថា៖​ «​យើង​ធ្វើ​ច្បាប់​មិន​បាន​ហាម​មនុស្ស​មិនឲ្យ​ផឹក​នោះ​ទេ តែ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ ព្រោះ​មនុស្ស​ម្នាក់ៗ ដឹង​ថា​ខ្លួន​ឯង​ផឹក អាច​នឹង​មាន​បញ្ហា។ នៅ​ពេល​ដែល​មាន​បញ្ហា ខ្លួន​ឯង​ពិសា​ទៀត មិន​ដឹង​ធ្វើ​ម៉េច​នោះ​ទេ។ រឿង​ដែលសំខាន់​បំផុត​នោះ​គឺ​មិន​ចង់​ឲ្យ​អ្នក​ពិសា​​នោះ បើក​បរ​បុក​គេ​បុក​ឯង បង្ក​ហិង្សា​គ្រប់​បែប​យ៉ាង គឺ​យើង​ចង់​ទប់​ស្កាត់​អំពើ​បែប​ហ្នឹង មិន​មែន​​​ទប់​ស្កាត់​មនុស្ស​មិន​ឲ្យ​ផឹក​នោះ​ទេ»​

 

ទោះ​បី​ជា​មតិ​ជា​ច្រើន​អះ​អាង​ថា​គ្រឿងស្រវឹង ធ្វើ​ឲ្យ​កម្មវិធី​នានា​មាន​បរិយាកាស​សប្បាយ​រីករាយ​យ៉ាងណា​ ក៏​គ្រឿងស្រវឹង​​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ជាតិ​ទាំង​មូល ​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ អំពើ​រំលោភ​សេពសន្ថវៈ​ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។

 

តាម​ការ​សិក្សា​មួយ​កាលពី​ឆ្នាំ​មុន​របស់​ក្រសួង​សុខាភិបាលឲ្យ​ដឹងថា ពលរដ្ឋ​ពេញ​វ័យ បុរស​៧៣% ស្រ្តី​២៣% បាន​ទទួលទាន​គ្រឿងស្រវឹង​រយៈពេល​១២​ខែ។ មតិ​ពលរដ្ឋ​៧៥% គាំទ្រ​ឲ្យ​រាជរដ្ឋាភិបាល តម្លើង​ពន្ធ​លើ​ផលិតផល​គ្រឿងស្រវឹង ហើយ​ក៏​ចង់​ឲ្យ​រដ្ឋ​ពន្លឿន​ច្បាប់​ស្តីពី ការ​គ្រប់គ្រង​គ្រឿងស្រវឹង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។

 

ខ្លឹមសារ​សំខាន់ៗ​ដែល​ដក​ស្រង់​ចេញ​ពី​ច្បាប់​នេះ គឺ​ការ​តម្លើងពន្ធ​លើ​គ្រឿង​ស្រវឹង ការ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​អាយុ​តិច​បំផុត​នៃ​អ្នក​ប្រើ​ប្រាស់​គ្រឿងស្រវឹង​ គឺ​អាយុ​២១​ឆ្នាំ​​​។

 

តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៨ កន្លងទៅនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ប្រមាណ​៧​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ក្នុងនោះ​ចំនួន អ្នកស្លាប់​បាន​ថយចុះ​១​ភាគរយ ចំណែកឯ​ចំនួន​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​១៤​ភាគ​៕

Add new comment

1 + 16 =

Please wait while the page is loading