សិប្បកម្ម​ចម្លាក់​ឈើ​ផ្តល់ចំណូលប្រសើរ និងផ្តល់​ការងារ​ដល់​ប្រជាជន

ចម្លាក់ឈើ​ជាទីពេញ​និយម​របស់​ប្រជាពល​រដ្ឋខ្មែរ សម្រាប់​ដាក់​តាំងនៅ​តាមគេហដ្ឋាន ហាង​អាជីវកម្ម និង​សណ្ឋាគារ​នានា។ ម្ចាស់​សិប្ប​កម្ម​ចម្លាក់ឈើ អង្គរជុំ ដែល​មានទី​តាំង​នៅសង្កាត់​ផ្សារក្រោម ក្រុងសៀមរាប ខេត្ត​សៀមរាប បានដំណើរ​ការជិត​២០​ឆ្នាំ​មក​ហើយ។  លោក​បាន​ឲ្យ​ដឹង​ថា ហាង​របស់​លោក​ទទួល​ឆ្លាក់​ឈើ​ជាផ្ទាំង​ធំៗ​ ដែល​មានរូប​រាង​ជាក្បាច់​រចនាផ្សេងៗ​តាមបែ​ប​សិល្បៈខ្មែរ។ ចម្លាក់​ស្ទើរ​តែទាំងអស់​របស់សិប្បកម្ម​មួយនេះ គឺ​ជាចម្លាក់​លៀន។

 

លោក ហូរ ហាញ់ ម្ចាស់​សិប្បកម្ម​ចម្លាក់​ឈើ អង្គរជុំ បានឲ្យដឹងថា៖ «មក​ដល់​ពេល​នេះ ការ​រីក​ចម្រើន​ការងារ ទាំង​អតិថិជន​ដែលគាត់​បញ្ជាទិញ ភាគច្រើន​គាត់ដាក់​តាមផ្ទះ ដាក់ផ្ទះ​វីឡាដាក់​អូតែល ភាគ​​ច្រើន​នៅ​​តាម​ភូមិគ្រឹះ ។ សព្វថ្ងៃចម្លាក់​ដែលដាច់ជាងគេ គឺ​រូបអង្គវត្ត ដឹក​ស្បៀង និង​សវនា​ការ»។

ក្នុង​មួយ​ខែៗ សិប្បកម្ម​របស់​លោក បាន​បញ្ចេញ​ផ្ទាំងចម្លាក់​ទៅឲ្យអតិ​ថិជន ចន្លោះពី៣​ទៅ៥ផ្ទាំង និង​មានតម្លៃ​ចន្លោះ​ពី ២៥០០ ទៅ​៣៥០០ ដុល្លា​អាមេរិក។ លោក​បាន​ឲ្យដឹង​ទៀតថា អតិថិជន បានដឹក​យកមក​ឲ្យ ភាគច្រើន​គឺឈើ គគី និងក​កោះ ដែល​មាន​ទំហំមុខ​កាត់១ម៉ែត្រ និង​បណ្តោយ​៣ម៉ែត្រ។

 

លោក​បញ្ជាក់ថា ការឆ្លាក់​មានរយៈ​ពេល​ខ្លីជាង​ពេលមុន បើធៀប​ទៅ​នឹងរបៀប​របប​ពីបុរាណ​ដោយសារ​មានឧបករណ៍ និងម៉ាស៊ីន​ម៉ូទ័រ​ទំនើបៗ។ ហើយ​ដើម្បី​ប្រែក្លាយ​កំណាត់​ឈើទៅ​ជាផ្ទាំង​ឈើដ៏ស្រស់​ស្អាតនោះ លោក ហូរ ហាញ់ ត្រូវប្រើ​កម្លាំង​ជាងចំនួន ៥នាក់ និង​ចំណាយ​ពេល១ខែ​ក្នុង​ឈើ​មួយ​ផ្ទាំង។ រីឯ​ការ​លើក​ដាក់​ផ្ទាំង​ឈើធំៗ​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន។

 

លោក ហូរ ហាញ់៖ «ឥលូវ​មាន​ភាព​ងាយ​ស្រួល ត្រង់ថា​បច្ចុប្បន្ននេះ មានម៉ាស៊ីន​ជួយ​ជា​ជំនួយ មិន​ដូចកាល​ពីពេល​មុននោះទេ ជាង​ត្រូវប្រើដៃក្នុងការឆ្លាក់។   តែបច្ចុប្បន្ននេះ​ទោះបីជាយើង​ប្រើម៉ាស៊ីន តែផ្នែកខ្លះ​ក៏យើង​ត្រូវប្រើដៃ​ដើម្បី​ឆ្លាក់​វាដែរ»។

 

លោក ហូរ ហាញ់ បាន​សិក្សា​ជំនាញឆ្លាក់​ឈើនេះ​រយៈ​ពេល៦ឆ្នាំ តាំង​ពីឆ្នាំ​១៩៩៣ក្នុងវ័យ១៦ឆ្នាំ នៅសាលាវិចិត្រសិល្បៈ​ខេត្តសៀមរាប និង​បានចេញ​ឆ្លាក់នៅ​តាម​ក្រុម​ហ៊ុននានា មុននឹងលោក​បង្កើតសិប្បកម្ម​ផ្ទាល់​ខ្លួន។ លោក​មាន​ប្រសាសន៍​រំលឹក​ថា អ្វី​ដែរ​លំបាក​ជាងគេ គឺដំបូង​គាត់​ត្រូវ​សុំការ​ងារពី​អតិថិជន ពេលខ្លះក៏បាន ពេលខ្លះ​ក៏​មិន​បាន។ ប៉ុន្តែ​ដោយសារតែ​ស្នាដៃ​របស់លោក​​មាន​ទឹកដៃល្អ ទើប​ធ្វើ​ឲ្យ​អតិថិជនចាប់​ផ្តើម​ទទួលស្គាល់ និងគាំទ្រ​សិប្បកម្ម​ចម្លាក់ឈើអង្គរជុំកាន់​តែច្រើន​ឡើងៗ។ ម្ចាស់អាជីវកម្ម​រូបនេះ ឲ្យដឹងថា គាត់​ចាប់ផ្តើម​ដោយ​មាន​រោងតូចមួយ​ជាមួយ​ជាងចម្លាក់​៥នាក់ ប៉ុន្តែ​បច្ចុប្បន្នគឺ​មានជាង​ចំនួន២០នាក់។

 

គិតមក​ដល់ពេលនេះ ស្នារដៃរបស់សិប្បកម្ម លោក ហូរ ហាញ់ ត្រូវបាន​ដាក់តាំង​នៅតាម​សណ្ឋាគារ ផ្ទះ​សំណាក់ និងនៅតាមផ្ទះ​របស់​អតិថិជន នៅតាម​បណ្តាខេត្ត​នានា នៅក្នុង​ប្រទេសកម្ពុជា។

 

លោកហូរ ហាញ់ បន្ថែមថា ទោះជាយ៉ាងណាក្តី សិប្បកម្ម​ចម្លាក់នេះ ក៏ប្រឈម​នូវបញ្ហា​បន្តិចបន្តួ​ច​ដែរ ព្រោះបើ​ធ្វើប្រហែស​ផ្នែកណាមួយ​នៃឈើនោះ នឹងធ្វើឲ្យ​ពិបាក​ ដូច្នេះ​ត្រូវទាមទារ​អ្នកជំនាញ​ធ្វើការ។ ប្រសិន​បើខូចខាត​តិចតួច យើង​អាច​ជួលជុល​បានដោយ​ប្រើកាវបិត។

 

អ្នកនាង ចាន់ សឿន ជាសិប្បិនី ចម្លាក់ឈើ មាន​វ័យ២៤​ឆ្នាំ បានឲ្យ​ដឹងថា អ្នកនាង​បានចាប់​អាជីព ជាជាង​ចម្លាក់ អស់រយៈ​ពេលជាង ១២ឆ្នាំ​មក​ហើយ។ អ្នកនាង​បន្ថែមថា ការ​ប្រកបរបរ​ជាជាង​ចម្លាក់ បានធ្វើឲ្យ​ចំណូលរបស់​នាង​ទៀង​ទាត់ និងធ្វើឲ្យ​ជីវភាព​របស់អ្នកនាង​ប្រសើរជាងមុន។

 

ថ្វីបើគ្មាន​កម្លាំងខ្លាំង​អាចធ្វើការងារ​ដូចជាបុរស ប៉ុន្តែ​ក្រុមជាង​របស់អ្នកនាង ដែល​មានភាគ​ច្រើនជានារី (ក្រុមជាង​ដែរ​ជានារីៗ ត្រូវ​ការប្រើ​ដៃដើម្បីឆ្លាក់​ក្បាច់ល្អិតៗ) មាន​ជំនាញខ្ពស់​ខាងចម្លាក់​ក្បាច់តាមប្រាសាទ​នានា។

 

អ្នកនាង ចាន់ សឿន៖«និយាយរួម​ខាងក្បាច់ គឺ​ខាងស្រីៗ។ និយាយ​រួមក្បាច់​វាមានការ​លំអិត​ច្រើនជាងរូប ដែល​វាមាន​ក្បាច់ច្រើន និយាយ​រួមគឺយើង​អាចឆ្លាក់​បានទាំងអស់»។

 

បច្ចុប្បន្ន​ទីផ្សារ​ចម្លាក់ឈើ នៅ​មានប្រជាប្រិយភាព​នៅក្នុង​សង្គមខ្មែរ សម្រាប់​ការដាក់​តាំង​លំអរ​នៅ​ក្នុង​គេហដ្ឋាន និង​តាម​ទីតាំង​សំខាន់ៗ​នានា តែ​បញ្ហា​ដែរចោទ​សំខាន់នោះ គឺធនធាន​ជំនាញ​ចម្លាក់ឈើ​នៅមិនទាន់​មានគ្រប់គ្រាន់​នៅឡើយ។ ម្ចាស់​សិប្បកម្ម​ខាងលើ បានបញ្ជាក់ថា ការ​ចាប់​យក​ជំនាញ​ចម្លាក់​ឈើ​អាច​រក​ប្រាក់​ចំណូល​បានគួរ​សម និងល្អជាង​ចំណាក​ស្រុកទៅ​ធ្វើការនៅ​ក្រៅប្រទេស៕ ដោយផល  សុផានិត

Add new comment

15 + 0 =

Please wait while the page is loading