របៀបជ្រើសរើសនិស្សិតរៀននៅសលកវិទ្យាល័យការពារជាតិ

និស្សិត​នៃ​សកល​វិទ្យាល័យការពារជាតិ​

នៅ​ពេល​ដែល​និ​យាយ​អំ​ពី​កង​ទ័ព​នោះ​ គឺ​ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​សម្រាប់​ ប្រ​ទេស​នី​មួយ​ៗ​ ដើម្បី​​រក្សា​សុខ​ សុ​វត្ថិ​ភាព​​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ ជា​ពិ​សេស​ការ​​ការ​ពារ​ទឹក​ដី​ពី​ខ្មាំង​​សត្រូវ​។

 

ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​កាន់​តែ​​រឹង​មាំ​​បន្ថែម​ទៀត​នោះ ទាម​ទារ​ឲ្យយុវ​ជន​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​​លើ​ផ្នែក​នេះ ដើម្បី​ជា​ចំ​ណេះ​ដឹង ​ជំ​នាញ​​ និង​សមត្ថ​ភាព​​មួយ​ពិត​ប្រាកដ​។

 

សាកល​វិទ្យា​ល័យ​ការ​ពារ​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​ និស្សិត​ជា​យោ​ធា​ ឬ​ទា​ហាន​  ​ដើម្បី​ពង្រឹង​​សមត្ថ​ភាព​ និង​កិច្ច​ការ​ពារ​ប្រ​ទេស​ជាតិ​ ស្រប​តាម​បទ​ពិ​សោធ​ប្រ​ទេស​ទាំង​ឡាយ​នៅ​ លើ​ពិ​ភព​លោក។​ ជា​ពិ​សេស​មហា​អំ​ណាច​នានា​នៅ​លើ​ពិ​ភព​លោក ដែល​ចាត់​ទុក​សា​លា​មួយ​នេះ ជា​ឧ​ស្សា​ហ​កម្ម​ធន់​ ធ្ងន់​ដែល​ជួយ​បណ្តុះ​បណ្តាល​ ​ដឹក​នាំ​គ្រប់​គ្រង​ ដើម្បី​សម្រេចភារកិច្ច​​​ការ​ពារ​ជាតិ​មាតុ​ភូមិ​។

 

សព្វ​ថ្ងៃ​នេះ សកល​វិទ្យា​ល័យ​ការពារ​ជាតិ មាន​​បណ្តុះ​បណ្តាល​ថ្នាក់​បរិញ្ញាប័ត្រ បរិ​ញ្ញា​ប័ត្រជាន់​ខ្ពស់​ និង​បណ្ឌិត​ផ្នែក​វិទ្យា​សាស្រ្ត​យោ​ធា និង​វិទ្យា​សាស្រ្ត​សង្គម​ ដល់​កង​យោ​ធពល​ខេម​ភូមិន្ទ។ ក្នុងនោះ​មាន​៥​មហាវិទ្យាល័យ គឺ​ម​ហា​វិទ្យា​ល័យការ​​ពារ​ជាតិ ម​ហា​វិ​ទ្យា​ល័យ​បញ្ជា​ការ​សេ​នា​ធិ​ការ​ ម​ហា​វិ​ទ្យា​ល័យ​សង្គម​និង​ភា​សា​ ម​ហា​វិទ្យា​ល័យ​ស្រាវ​ជា្រវ​ចិត្ត​សាស្រ្ត​យោ​ធា និង​ម​ហា​វិ​ទ្យា​ល័យ​ព័​ត៌មាន​វិទ្យា​ ភស្តុភា​ និង​ហិរញ្ញា​វត្ថុ។ ក្រោយ​បញ្ចប់​​ការ​សិក្សា​ និស្សិត​​អាច​ទទួល​បាន​តួ​នាទី​ផ្សេង​ៗគ្នា​​ទៅ​តាម​សមត្ថ​ភាព​។

 

សា​លា​ជាតិ​យោ​ធា​មួយ​នេះ មាន​សាស្រ្តា​ចារ្យ​ចាប់​ពីថ្នាក់​ឧត្តម​សិក្សា​​រហូត​ដល់​បណ្ឌិត​។ តាម​ស្មារតី​ចំពោះ​មុខ​ យោ​ធា​កម្ពុជា ចាំ​បាច់​ត្រូវ​ទទួល​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​របស់​ ខ្លួន​លើ​គ្រប់​កម្រិត​ គ្រប់​ជំ​នាញ​ ដូច​ជា​ វិទ្យា​សាស្រ្ត​សង្គម និង​វិទ្យា​សាស្រ្ត​យោ​ធា​។

 

ឧត្តម​សេនីយ៍​ត្រី រស់​ សុគន្ធ នាយក​រង​ម​ហា​វិទ្យា​ល័យ​បញ្ជា​ការ​សេ​នា​ធិ​ការ «សិក្ខា​កាម និស្សិត​របស់យើង​ទទួល​ ការ​ស្នាក់​នៅ​ នៅទី​នេះ ទទួល​ការ​ហូប​ចុក​ទៅ​តាម​គោល​របប​របស់​ក្រ​សួង​ការ​ពារ​ជាតិ។ និស្សិត​ស្នាក់​នៅ​ទី​នេះ ខុស​ប្លែក​ពី​សកល​វិទ្យា​ល័យ​ផ្សេង​ៗ ចំពោះ​យោ​ធា​របស់​យើង​មិន​មាន​ផ្្ទះ​ស្នាក់​នៅ​ ក្នុងភ្នំ​ពេញ​ទេ សា​លា​កំ​ណត់​ថា ត្រូវ​ឲ្យ​និ​ស្សិត​ស្នាក់​នៅ​ទី​នេះ ការ​ស្នាក់​នៅ​ទី​នេះ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ផង​ ការ​ហូប​ចុក​ជា​រួម​»

 

ការ​សិក្ស​ា​នៅ​ក្នុង​សា​លា​នេះ ជា​ការ​លត់​ដំ​ខ្លួន​ជា​ខ្លាំង​ តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​ក្នុង​វគ្គ​នី​មួយ​ៗ​ ដើម្បី​ទទួល​បាន​បទ​ពិ​សោធ​សម្រាប់​និស្សិត​ និង​ដើម្បី​ធ្វើ​ឲ្យ​មាន​គុណ​ភាព តម្រូវ​ការ​របស់​កង​យោធ​ពល​ខេម​រភូមិន្ទ។

 

ឧត្តម​សេនីយ៍​ត្រី រស់​ សុគន្ធ «ការ​សិក្សា​នៅ​ទី​នេះ ខុស​ប្លែក​ពី​សកល​វិទ្យា​ល័យ​ផ្សេងៗ​ទៀត ព្រោះ​ថា​នៅ​ទី​នេះ ជា​សកល​វិទ្យា​ល័យ​យោ​ធា ក្រៅ​ពី​ការ​រៀន​យោ​ធា ក៏​សកល​នេះ​តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ខាង​វិទ្យា​សាស្រ្ត​សង្គម​ដែរ ដូច​ជា​ភាព​ជា​អ្នក​ដឹក​នាំ នយោ​បាយ​សា​ធា​រណៈ​ ឬ​ក៏​មេ​រៀន​ផ្សេង​ៗទៀត​ទាក់​ទង​និង​ច្បាប់​ ដែល​ប្រទេស​ជាតិ​យើង​ត្រូវ​ការ ចំ​ពោះ​ការ​សិក្សា​យោ​ធា ក្រៅ​ពី​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​ យើង​ឲ្យ​សិស្ស​ប្រើ​ខួរ​ក្បាល​ កាយ​សម្ប​ទា អ្នក​សិក្សា​នៅ​ទី​នេះ សិក្សា​ក្នុង​នាម​ជា​មេ​បញ្ជា​ការ មិន​មែន​ជា​នាយ​ទា​ហាន​ទេ ជា​អ្នក​តាក់​តែង​ប្រ​យុទ្ធ​ រ​បៀប​ត្រៀម​ការ​ពារ​»

 

ការ​សិក្សា​ផ្នែក​យោ​ធា​នេះ ​តម្រូវ​ឲ្យ​និស្សិត​មាន​ចំណេះ​ដឹង​ទូ​លំ​ទូលាយ​ អត់​ធ្មត់​ និង​មាន​កាយ​សម្ប​ទារឹង​មាំ​ ដើម្បី​​ហ្វឹក​ហាត់​ជា​មួយ​នឹង​អា​វុធ​ផ្សេង​ៗ។ យ៉ាង​​ណា​ក៏​ដោយ​និស្សិត​​ទាំង​ឡាយ​ មុននឹង​ចូលរៀន​នៅ​សាលា​យោធា​នេះ បេក្ខជន​ត្រូវ​ដាក់​ពាក្យ​ប្រលង លើមុខវិជ្ជាចំណេះដឹងទូទៅ (ថ្នាក់ទី១២) និងវិញ្ញាសារកាយសម្បទា (កីឡា) និងភាសាបរទេសមាន​អង់គ្លេស ឬបារាំង។

 

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជា​ការ​រង នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ បាន​ថ្លែង​នៅ​ក្នុង​ការប្រឡង​ជ្រើស​រើស​សិក្ខាកាម​យោធា​ឆ្នាំ​២០១៩ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការប្រឡង​ជ្រើសរើស​នាយ​ទាហាន​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌​ហើយ​ថា អ្នក​ដែល​បាន​ជោគ​ជ័យ និង​ត្រូវបាន​ជ្រើស​រើស​យក​ធ្វើ​ជា​ទាហាន គឺ​ដោយ​សារ​តែ​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយ​មិន​អាច​មាន​ការ​ជួយ​អន្តរា​គមន៍​ណាមួយ​ឡើយ។

 

លោក​បញ្ជាក់​ថា ៖«ការ​ប្រកួត​ប្រជែង និង​ការ​ខិតខំ​របស់​ប្អូនៗ សម្រាប់​ការ​ប្រឡង​លើក​នេះ​សូម​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន ហើយ​ភារកិច្ច​របស់​អនុ​គណៈ​កម្មការ​ប្រឡង ក៏​ដូចជា​គណៈ​កម្មការ​ជ្រើសរើស​របស់​យើង​គឺថា ធ្វើ​ម៉េច​ឲ្យ​ការ​ប្រឡង ការ​ជ្រើសរើស នាយ​ទាហាន​របស់​យើង ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹម​ត្រូវ​មាន​តម្លាភាព​និង​យុត្តិធម៌»

 

លោក​បន្ថែមថា បេក្ខជន​ទាំងអស់ ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​និង​ត្រូវ​ហ៊ាន​ប្រកួត ដោយ​តម្លាភាព និង​យុត្តិធម៌ ហើយ​បាន​ព្រមាន​ថា ពួកគេ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​រំលោភ​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ដើម្បី​ទទួល​បាន​ជោគជ័យឡើយ។ លោក​ក៏បាន​ណែនាំ​អនុ​គណៈ​កម្មការ​ប្រឡង​ជ្រើសរើស ក៏​ដូចជា​គណៈ​មេ​ប្រយោគ អគា​នុរក្ស និង​អនុរក្ស​ត្រូវ​អនុវត្ត​បទ​បញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ប្រឡង​នេះ។

 

នៅ​ក្នុង​ឆ្នាំ​១៩៩៥ សកល​វិទ្យា​ល័យ​ការ​ពារ​ជាតិ  គ្រាន់​តែ​ជា​សា​លា​ភា​សា​អង់​គ្លេស​ សម្រាប់​កង​ទ័ព ក្នុង​ការ​ហ្វឹក​ហ្វឺន​ភា​សា​អង់​គ្លេស។ នៅ​ក្នុង​ឆ្នាំ​១៩៩៦ ការ​ប្រើ​ប្រាស់​ភា​សា​នៅ​ក្នុង​ប្រទេស​កាន់​តែ​ទូលាយ​ ក្រសួង​ការ​ពារ​ជាតិ បាន​ប្តូរ​សា​លា​មួយ​នេះ ទៅ​ជា​មជ្ឍ​មណ្ឌល ហ្វឹក​ហ្វឺន​ភា​សា​បរទេស​ ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ អន្ត​រជាតិ ក្រោយ មក​ដោយ​សារ​តែ​ការ​វិ​វត្តន៏​របស់​កម្ពុជា រដ្ឋា​ភិបាល​ប្តូរ​ឈ្មោះ​សា​លា​នេះ​ទៅ​ ជា​សកល​វិទ្យា​ល័យ​ការ​ពារ​ជាតិ​វិញ​៕

 

ដោយ​ផល សុផានិត

Add new comment

4 + 1 =

Please wait while the page is loading