រដូវវស្សាមកដល់ ជម្ងឺគ្រុនឈាមក៏មកដល់

លោក​គ្រូពេទ្យ​កំពុង​ពិនិត្យ​ជំងឺ​ឲ្យ​កុមារ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​​ក្នុ​ងរាជធានី​ភ្នំពេញ។

តាម​របាយការណ៍​សិក្សា​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម របស់​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម របស់​ក្រសួង​សុខាភិបាល បាន​បង្ហាញ​យ៉ាង​ច្បាស់​​ថា កុមារ​ដែល​មាន​អាយុ​ចាប់​ពី​អាយុ​៥ ដល់​១៤​ឆ្នាំ ដែល​ជា​វ័យ​កំពុង​សិក្សា​នោះ មាន​អត្រា​ខ្ពស់​ក្នុង​ការ​កើត​មាន​ជំងឺ​គ្រុនឈាម។

 

របាយការណ៍​បន្ត​ឱ្យ​ដឹង​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​កុមារ​ប្រឈម​ខ្ពស់​ នឹង​ជំងឺ​គ្រុនឈាម​នោះ ដោយ​សារ​តែ​ពួកគេ​នៅ​វ័យ​ក្មេង មិន​ទាន់​យល់ដឹង​ច្បាស់​ពី​វិធី​ការពារ ជំងឺ​គ្រុនឈាម គឺ​មាន​តែ​ឪពុកម្តាយ អាណាព្យាបាល ជា​អ្នក​ការពារ​កុំ​ឱ្យ​កើត​​ជំងឺ​នេះ​តែ​ប៉ុណ្ណោះ។

 

ប្រភព​ដដែល​បាន​បន្តថា ខេត្ត​រាជធានី របស់​កម្ពុជា​មួយ​ចំនួន​ ប្រឈម​​ជំងឺ​គ្រុនឈាម​ច្រើន​នោះគឺ រាជធានី សៀមរាប កំពង់ចាម ​បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង ​និង​​កំពង់ស្ពឺ។

 

ជំងឺ​គ្រុនឈាម​ភាគ​ច្រើន​កើត​ទៅ​លើ​កុមារ ដែល​ឆ្លង​តាម​រយៈ​មូស​ខ្លា​ញីខាំ។ យើង​មិន​អាច​កំណត់​ជំងឺ​នេះ​កើត​នៅ​ពេលណា​នោះទេ ​មាន​តែ​ការ​ពិនិត្យ​ឈាម​តែ​មួយ​មុខ​ទេ ដែល​អាច​ឱ្យ​យើង​ដឹង​បាន។

 

ថ្មីៗ​នេះ ជំងឺ​ប្រភេទ​នេះ មិន​ត្រឹមតែ​កើត​លើ​កុមារ​នោះ​ទេ សូម្បី​តែ​មនុស្ស​ចាស់​ក៏​កើត​មាន​ជំងឺ​នេះ​​ដែរ ប៉ុន្តែ​ក្នុង​អត្រា​ភាគរយ​តិចតួច។ ​ការ​ការពារ​ជំងឺ​នេះ អ្នក​ជំនាញ​បាន​ឱ្យ​ដឹងថា ​​ជំងឺ​នេះ​យើង​អាច​ការពារ​បាន ដោយ​គ្រាន់​តែ​នៅ​តាម​សហគមន៍ ត្រូវ​សហការណ៍​គ្នា​ធ្វើ​អនាម័យ​បរិស្ថាន​ឱ្យ​បាន​ស្អាត ជា​ពិសេស​នៅ​តាម​លំនៅដ្ឋាន​នីមួយៗ​នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​នេះ។

លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋាន​ប្រយុទ្ធ​ នឹង​ជំងឺ​ឆ្លង ក្រសួង​សុខាភិបាល៖ «ជា​រៀងរាល់​រដូវ​ទឹក​មក​ដល់ យើង​តែង​បញ្ជូន​មន្ត្រី​របស់​យើង​ចុះ​ទៅ​អប់រំ​ដល់​ប្រជាជន ក៏​ដូចជា​ការ​ដាក់​អាប៊ែត ប៉ុន្តែ​ក៏​សូម​ស្នើ​ដល់ ប្រជាពលរដ្ឋ​ក្នុង​ការ​ទប់​ស្កាត់​ទាំងអស់​គ្នា ធ្វើ​យ៉ាងម៉េច​បំបាត់​ទឹកដក់ ឱ្យ​កុមារ​ស្លៀកពាក់​ការពារខ្លួន​ ដូចជា​អាវ​វែង កុំ​ទៅ​កន្លែង​ងងឹត អនាម័យ​នៅ​ជុំវិញ​ផ្ទះ​របស់​យើង​គ្រប់ៗ​គ្នា »

 

លោក​ វេជ្ជបណ្ឌិត លី សុវណ្ណ បន្ថែម​ថា ដើម្បី​លុប​បំបាត់​ជំងឺ​គ្រុន​ឈាម យើង​ត្រូវ​លប់​បំបាត់​វត្ថុ​ដក់​ទឹក​ទាំង​អស់ ជាពិសេស​ពាង​អាង វត្ថុ​ស្តុក​ទឹក ត្រូវ​តែ​គ្រប កុំ​ឲ្យ​មូល​ខ្លា​អាច​បង្ក​កំណើត​បាន។

 

ប្រជាពលរដ្ឋ​អាច​កត់សម្គាល់​រោគ​សញ្ញា​នៃ​ជំងឺគ្រុនឈាម​នេះ​បាន​ តាម​រយៈ​ការ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង​ចាប់ពី​ ៣៨,៥​អង្សា​សេ​ឡើង​ទៅ​ មុខ​អ្នកជំងឺ​ឡើង​ក្រហម​ ឈឺក្បាល​ ឈឺ​សាច់ដុំ​ ឈឺសន្លាក់​ដៃ​ សន្លាក់ជើង​ ឈឺ​ក្នុង​គ្រាប់ភ្នែក​ កុមារ​មាន​ស្ថានភាព​ងងុយគេង​សន្លឹម​ មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក​ និង​ដងខ្លួន​ លើស​ពី​នេះ​បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ កុមារ​ នឹង​មាន​ស្លាក​ស្នាម​​ជាំ​ឈាម​ជា​បន្ទះៗ​ លើ​ដៃ​ ដងខ្លួន​ និង​ជើង​។​

 

តាម​ឯកសារ​ពេទ្យ​ ឪពុកម្តាយគួរនាំកុមារទៅមន្ទីរពេទ្យ ករណីក្តៅខ្លួនលើសពីលើស​ពី​បី​ថ្ងៃ ហើយមិនត្រូវឱ្យកូនទទួលទានថ្នាំ អាស្ពេរីន រឺថ្នាំផ្សះ ព្រោះ​វានឹង​បណ្តាល​ឲ្យជំងឺ​កាន់តែ​ធ្ងន់ធ្ងរ និងឲ្យកូនញ៉ាំទឹកឆ្អិន​ឲ្យបានច្រើន សម្រាកឲ្យច្រើន។ ម្យ៉ាងទៀត​ ឪពុកម្តាយ គួរនាំកូនទៅមន្ទីរពេទ្យភ្លាមៗ បើសង្ស័យថាមានជំងឺនេះ មិនត្រូវទុកកូននៅផ្ទះព្យាបាលដោយខ្លួនឯងឡើយ ដែល​អាច​នឹង​ប៉ះពាល់​ដល់​អាយុជីវិត​​របស់​កុមារ។

ប្រជាពលរដ្ឋ​កំពុង​មើល​ថែ​ទាំ​កូន​ៗ​របស់​ពួកគាត់​ក្នុង​មន្ទីរពេទ្យ។

បើ​តាម​ការ​ស្រាវជ្រាវ​ដដែល​ បង្ហាញ​ថា​​សម្រាប់​ឆ្នាំ​នេះ មិន​សូវ​មាន​សន្ទុះ​កើត​ឡើង​ជំងឺ​នេះ​នៅ​ឡើយ​ទេ​ មូលហេតុ​សំខាន់​មក​ពី​ប្រជាជន​កម្ពុជា បច្ចុប្បន្ន​នេះ មាន​ការ​យល់​ដឹង​ខ្ពស់​ពី​របៀប​ការពារ តាមរយៈ​ការអប់រំ​ ជា​ពិសេស​នៅ​តាម​សាលា​រៀន និង​គុណភាព​នៃ​ការ​ព្យាបាល​របស់​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ ដែល​កំពុង​តែ​ធ្វើ​ឱ្យ​ប្រជាជន​ទទួល​បាន​សេវា​កាន់​តែ​ច្រើន។

 

មូស​ខ្លា​ គឺ​ពង​កូន​ក្នុង​ទឹក​រង​ថ្លា​ មិន​មាន​ក្លិនស្អុយ​​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ដើម្បី​បំផ្លាញ​ទីជម្រក​របស់​ពពួកសត្វ​មូស​ខ្លា​ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ពិនិត្យ​ឲ្យ​បានជា​ប្រចាំ​នូវ​ ថូផ្កា​ ចាន​តម្កល់​ជើង​ទូ​មានទឹក​ ក្រឡ​ សំបក​កំប៉ុង​ សំបក​កង់​ឡាន​ កង់​ម៉ូតូ​ សំបក​ដូង​ និង​ជា​ពិសេស​ត្រូវ​លាង​សម្អាត​អាង​ ឬ​ពាងទឹក​ឲ្យ​បាន​រៀង​រាល់​ស​ប្ដា​ហ៍​ ឬ​មិន​ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ចិញ្ចឹម​ត្រី​ ៧​ពណ៌​ ដើម្បី​ឲ្យ​ស៊ី​ដង្កូវទឹក​។​ លើស​ពី​នេះ​អាណាព្យាបាល​ត្រូវ​តែ​ស្លៀកពាក់​ខោអាវ​វែង​ ឲ្យ​កុមារ​តូចៗ​ និង​ដាក់​ឲ្យ​ដេក​ក្នុង​មុង​ជា​ប្រចាំ​ ដើម្បី​កុំ​ឲ្យ​មូស​ខ្លាខាំ​។

 

គិត​ពី​ខែមករា​ មក​ដល់​ចុងខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ១​ម៉ឺន​ ៥​ពាន់​ ២៣៣​នាក់​ បាន​កើត​ជំងឺគ្រុនឈាម​ ហើយ​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ចំនួន​ ១៦​នាក់​បាន​ស្លាប់​។​ តួលេខ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទាំង​ចំនួន​ពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនឈាម​ និង​ស្លាប់​ នៅ​ឆ្នាំ​២០១៨​​ គឺ​កើនឡើង​ជាង​កាលពី​ឆ្នាំ​២០១៧​៕

Add new comment

7 + 0 =

Please wait while the page is loading