យុវវ័យយល់ថា អាហារតាមអនឡាញ មានភាពស៊ីវីល័យ

នេះជា​បញ្ជី​រាយនាម​សេវាកម្ម​របស់​ក្រុម​ហ៊ុន​អាហារ​មួយ​នៅ​ក្នុងប្រទេសកម្ពុជា។

សព្វ​ថ្ងៃ​នេះ​អ្នក​រវល់​នឹង​ការងារ​ គ្មាន​ពេល​វេលា​ទៅ​ទទួល​ទាន​នៅ​ខាង​ក្រៅ ឬ​គ្មាន​ពេលវេលា​ដើម្បី​ធ្វើ​ម្ហូប​អាហារ​ញ៉ាំ​នៅ​ផ្ទះ​មិន​មែន​ជា​បញ្ហា​ទៀត​ទេ។

 

សព្វ​ថ្ងៃ​នេះ កម្ពុជា​មាន​​អ្នក​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន បញ្ជា​ទិញ​អាហារ​ឬ​ភេសជ្ជៈ តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា អែប (App / Application) ដើម្បី​បំពេញ​តម្រូវការ ស្រប​តាម​បរិបទ​នៃ​សម័យ​បច្ចេកវិជ្ជា។

 

យុវជន​មួយ​ចំនួន​បាន​យល់​ឃើញ​ថា ដើម្បី​ឲ្យទាន់​សភាព​ការណ៍​បច្ចុប្បន្ន​ និង​ដើរ​តាម​បច្ចេកទេស​ទំនើប ហើយ​ស៊ីវិល័យ​​​ផង​នោះ ភាគ​ច្រើន​ពួកគាត់​ប្រើ​ប្រាស់​ប្រព័ន្ធ​ទំនើប​នេះ។

 

លោក ឡុង វិចិត្រ ជាបុគ្គលិក​បម្រើ​ការងារ​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ការបញ្ជា​ទិញ​អាហារ​តាមរ​អនឡាញ មាន​ភាព​ងាយ​ស្រួល ដែល​យុវវ័យ​និយម​ប្រ៊េនៗ(Brand)។ យើង​ងាយ​ស្រួល​មិន​បាច់​ដើរ​ទៅ​ទិញ​អាហារ ព្រោះ​យុវវ័យ​បច្ចុប្បន្ន​នេះ​រវល់​ច្រើន​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ការងារ​សាលា និង​កិច្ចការ​ផ្សេងៗ​ទៀត។

 

ឡុង​ វិចិត្រ​បាន​បញ្ជាក់​ថា៖ «តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​ទិញ​អាហារ​តាម​អនឡាញ​ មាន​ភាព​ស៊ីវីល័យ»។ លោក បន្ត​ថា លោក​និង​មិត្ត​ភក្តិ​ពេញ​ចិត្ត​បញ្ជា​ទិញ​អាហារ​តាម​សេវាកម្ម​ថ្មី​នេះ​ ប្រសិន​បើ​ប្រៀប​ធៀប​រវាង ហាង​អាហារ យើង​ចំណាយ​តិច​ជាង​ពី​៣០ ទៅ​៤០​ភាគរយ ពី​ការ​ទទួល​ទាន​អាហារ​ខាង​ក្រៅ។

 

ចំណែក កញ្ញា សេង ស៊ីនួន ជា​បុគ្គលិក​របស់​សាខា​ពន្ធដារ​ខេត្ត​រតនគិរី ដែល​យូរៗ​ម្តង​បាន​មក​ភ្នំពេញ ក៏​ប្រើ​ប្រាស់​សេវា​កម្មនេះ​ដែរ។ នាង​បានឲ្យ​ដឹង​ថា «ការទិញ​អាហារ​តាម​បែប​ថ្មី​នេះ ងាយ​ស្រួល​ជាង​ការ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដោយសារ​តែ​នៅ​ពេល​នេះ អែប អាហារ​ភាគ​ច្រើន​កំពុង​តែ​បញ្ចុះ​តម្លៃ វា​ធ្វើ​ឲ្យ​យើង​ចំណេញ​ច្រើន»។ យុវតី​រូប​​នេះ បន្ត​ទៀត​ថា នៅ​ក្នុង​អែប អាច​ឲ្យ​យើង​ជ្រើស​រើស​ម្ហូប ឬ​អាហារ តាម​ចំណង់​ចំណូល​ចិត្ត និង​មាន​ហាង​ជា​ច្រើនដែល​ប្រព័ន្ធ​ទំនើប​(system) បញ្ជូល​ទៅ​ក្នុង​អែប។

 

នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​មាន​អ្នក​បង្កើត App និង​ផេក ហ្វេសប៊ុក កើន​ឡើង​​ច្រើន​ ហើយ​មួយ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក តុង ស៊ីវ​អាន ជា​ស្ថាបនិក​ក្រុមហ៊ុន​ និង​ជា​អ្នក​បង្កើត ហ្វូតអែប (Food App) សម្រាប់​ដឹក​ជញ្ជូន ដល់​ទីតាំង​អតិថិជន​បាន​បញ្ជាក់​ថា ជាមួយ​នឹង​ភាព​ស៊ីវីល័យ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា ប្រជាជន​កម្ពុជា​កំពុង​ចាប់អារម្មណ៍ បញ្ជា​ទិញ​ម្ហូប​អាហារ​តាម​ប្រព័ន្ធ​ទំនើប​មួយ​នេះ។

 

លោក តុង ស៊ីវអាន «មូល​ហេតុ​ដែល​ខ្ញុំ​បង្កើត ហ្វូតអែប នេះ​ឡើង​ដោយសារ​តែ​យើង​សម្លឹង​ឃើញ​ថា ប្រទេស​កម្ពុជាយើង​សព្វ​ថ្ងៃ​គឺ​មាន​ការរីក​ចម្រើន ខាង​ជីវភាព​រស់នៅ ណា​មួយ​ចរាចរណ៍​នៅ​តាម​ផ្លូវ​មាន​ការកក​ស្ទះ​ខ្លាំង​ ដូច្នេះ​ធ្វើ​ឲ្យ​ប្រជាជន​យើង​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ភោជនីដ្ឋាន យើង​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​យើង»។

 

លោក តុង ស៊ីវអាន បន្ត​ឲ្យ​ដឹង​ថា លោក​បង្កើត​ហ្វូត​អែប​នេះ​ឡើង តាំង​ពី​ឆ្នាំ​២០១៨​មក ដែល​ដំបូង​ឡើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វូត​អែប​នេះ​តិច​តួច ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​ថា​មានការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ប្រើប្រាស់​ហ្វូតអែប​នេះ​កាន់​តែ​ខ្លាំង​ឡើង ជាង​អ្វី​ដែល​លោក​បាន​រំពឹង​ទុក។

 

ស្ថាបនិក ហ្វូត​អែប បន្ត​ទៀត​ថា ហ្វូតអែប​បាន​សហការណ៍​ជាមួយ​ហាង​អាហារ និង​ភេសជ្ជៈ ជិត​៥០០​ហាង ក្នុង​រយៈ​ពេល​ជិត​៨​ខែ​នេះ និង​បន្ត​ធ្វើ​ការសហការណ៍​ជាមួយ​ហាង​អាហារ​ដទៃ​ទៀត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​អតិថិជន និង​អ្នក​ប្រើបា្រស់​ហ្វូតអែប​មាន​ជម្រើស​ច្រើន​ទាំង​មុខ​ម្ហូប និង​ភេសជ្ជៈ​ដែល​គាត់​ចូល​ចិត្ត។

 

លោក តុង ស៊ីវ​អាន៖ «ចំនួន​អ្នក​ដែល ប្រើ​បា្រស់​អែប​របស់​ក្រុមហ៊ុន​យើង​ខ្ញុំ គឺ​មាន​ចំនួន​ជាង ៥០០០​នាក់ ​ចំណែក​ហាង​នៅ​ក្នុង​ដៃ​ជាក់​ស្តែង​យើង​មាន​ចំនួន ជាង​៣៥០​ហាង និង​មាន​ចំនួន​ជាង ១៥០​ហាង​ទៀត​ដែល​យើង​កំពុង​តែអាប់ឡូត​ចូល នៅ​ក្នុង​ស៊ីស្ទេម (System) របស់​យើង»។

 

ម្ហូប​អាហារ និង​ភេសជ្ជៈ​ត្រូវ​បាន​រក្សា​គុណ​ភាព ជូន​ចំពោះ​អតិថិជន ជាមួយ​នឹង​ទូរ​ភ្ជាប់​ម៉ូតូ។ ចំណែក​តម្លៃ​ដឹក​ជញ្ជូន​វិញ គឺ​នៅ​ក្នុង​ក្រុង​ភ្នំពេញ ១​ដុល្លារ​អាមេរិក និង​នៅ​ជាយ​ក្រុង​២​ដុល្លារ​អាមេរិក។ រយៈ​ពេល​នៃ​ការដឹក​ជញ្ជូន​អាហារ​ជូន​ចំពោះ​អតិថិជន គឺ​ប្រើ​រយៈ​ពេល ពី​៣០​ទៅ​៤៥​នាទី។

 

ក្នុង​មួយ​ថ្ងៃ​ក្រុម​ហ៊ុន ខាង​លើ​ទទួល​បាន​ការ​បញ្ជា​ទិញ ប្រហែល​ជាង​៥០០។ ក្នុង​នោះ​ព្រឹក​ចាប់​ពី​ម៉ោង ៧​ដល់​៩ព្រឹក ពេល​ថ្ងៃ​ចាប់​ពី​ម៉ោង ១១​ដល់​ម៉ោង​១ និង​ពេល​ល្ងាច​គឺ​ចាប់​ពី​ម៉ោង ៣​ដល់​ម៉ោង​៧​ល្ងាច។

 

លោក ស៊ីវ វ៉ាន់ ជា​បុគ្គលិក​ក្រុមហ៊ុន​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​និយាយ​ថា៖ «ចំពោះ​យុវវ័យ​បច្ចុប្បន្ន និយម​ប្រើ​ទូរសព្ទ​អូស​ចុះ​ឡើង បើ​គាត់​មិន​មក​ហាង​ដោយ​ផ្ទាល់​គឺ​លោក​បញ្ជា​ទិញ​តាម​ អែប វា​ធ្វើ​ឲ្យ​មាន​ទំនើប​កម្ម​មួយ​សម្រាប់​សេវាកម្ម ជាង​នេះ​​តម្លៃ គឺ (ហាង​)ខ្ញុំ​ឲ្យ​ពី​៤០​ទៅ​៥០​ភាគរយ​ទៅ​លើ​ការបញ្ជា​ទិញ​បែប​ថ្មី​នេះ»។

 

របាយការណ៍​ថ្មី​មួយ​​ចេញ​ដោយ​ TNS ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ពិភពលោក​បាន​​កំណត់​កត្តា​ជំរុញ​​​ ៥ ​រួម​​គ្នា​សម្រាប់​ការ​ផ្លាស់ប្តូរ​គួរ​​ឲ្យ​ចាប់​​អារម្មណ៍​ក្នុង​​ឥរិយាបថ​អ្នក​ប្រើប្រាស់ ​​​ដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ចិន​​ស្ទុះ​ងើប​ខ្លាំង​ និង​​​​​ស្នើ​ឲ្យ​សេដ្ឋកិច្ច​​អាស៊ាន​ផ្សេង​ទៀត​គួរ​ធ្វើ​​ដំណើរ​ផ្លូវ​​​ដូច​គ្នា​នេះ​។ កត្តា​ជំរុញ​ទាំង​៥​នោះ​រួម​មាន៖ ជម្រើស​ទូរទាត់​ប្រាក់​នៅ​ពេល​ទទួល​ទំនិញ, កម្លាំង​ពលកម្ម​ទាប​សម្រាប់​ការចែក​ចាយ,  វត្តមាន​ទូរសព្ទ​ស្មាតហ្វូន និង​ហេដ្ឋា​រចនា​សម្ពន្ធ​ទិន្នន័យ​ចល័ត​ដែល​កំពុង​កើន​ឡើង, ចំនួន​ប្រជាជន​កើត​ឡើង, និង​សក្ដា​នុពល​ផលិត​ភាព​អាស៊ី​ក្នុង​ទីផ្សារ​ក្នុង​ ស្រុក​ប្រចាំថ្ងៃ​ដែល​អតិថិជន​ដើរ​ទិញ​អីវ៉ាន់​ប្រចាំ​ថ្ងៃ​ជា​ជាង​ការ ដើរទិញ​អីវ៉ាន់​ប្រចាំ​សប្ដាហ៍។​

 

របាយការណ៍​ដែល​មាន​​ចំណង​ជើង​ថា​៖ «​​ការ​កើន​ឡើង​​​ពាណិជ្ជកម្ម​អនឡាញ​របស់​​​អាស៊ី​​» ឲ្យ​ដឹង​ថា​កំណើន​ពាណិជ្ជកម្ម​អនឡាញ មាន​សន្ទុះ​​​យ៉ាង​រហ័ស​​​ដែល​​​មិន​នឹក​ស្មាន​​ដល់​របស់​ប្រទេស​​ចិន​ ដែល​បាន​​​​បង្កើត​ការ​យល់​ដឹង​ពី​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការ​បង្កើន​​ការ​​ទិញ​អីវ៉ាន់​តាម​អនឡាញ​៕

 

ដោយ​ផល សុផានិត

Add new comment

1 + 17 =

Please wait while the page is loading