យុវជនធ្វើយុទ្ធនាការតាមបណ្តាញសង្គម ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

បញ្ហាសំរាម និងការប្រើប្រាស់ថង់ប្លាស្ទិក បានជំរុញឲ្យយុវជនជាច្រើនក្រុមនៅរាជធានីភ្នំពេញ ចាប់ផ្ដើមធ្វើយុទ្ធនាការមួយតាមបណ្ដាញសង្គម ដើម្បីបង្កើនការយល់ដឹងក្នុងស្រទាប់យុវជន និងរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា។

ជានិស្សិតឆ្នាំទី៤ សិក្សានៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ កញ្ញា ហ៊ីង សុផាន់ណា បានឲ្យដឹងថា កញ្ញាបានសម្រេចចិត្តចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីបំផុសឲ្យយុវជនដទៃទៀត មើលឃើញពីផលប៉ះពាល់ដែលកើតចេញពីការប្រើប្រាស់ថង់ប្លាស្ទិក ទៅលើបរិស្ថាន សុខភាព និងវិស័យទេសចរណ៍របស់កម្ពុជា។

កញ្ញាសង្កេតឃើញថា ពលរដ្ឋមួយចំនួនមិនទាន់យល់ដឹងពីរបៀបបែងចែកសំរាមទៅតាមប្រភេទ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផលប៉ះពាល់របស់វានោះទេ។

ជាពិសេសចំណេះដឹងខាងផ្នែកប្លាស្ទិក គឺយើងរឹតតែទទួលបានច្រើន ព្រោះអី យើងរកព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងវា វាមានផលប៉ះពាល់ខ្លាំង ជាពិសេសថង់ដែលមានចម្រុះពណ៌។ ភាគច្រើនពួកគាត់និយមប្រើថង់ចម្រុះពណ៌ហ្នឹង គឺផ្ដល់ផលប៉ះពាល់ខ្លាំង គឺដោយសារថង់ប្លាស្ទិកធ្វើឡើងពីសារធាតុពុល ហើយត្រូវដាក់ពណ៌ឲ្យវាមួយតង់ទៀត អីចឹងវាប៉ះពាល់ខ្លាំង

និស្សិតម្នាក់ទៀតរៀននៅវិទ្យាស្ថានជាតិសង្គមកិច្ច កញ្ញា សំ សុភក្រ្ត យល់ថា បញ្ហាសំរាម ឬកាកសំណល់ថង់ប្លាស្ទិក មានការកើនឡើងខ្លាំងនៅក្នុងទីក្រុងភ្នំពេញ និងបានបង្កជាផលប៉ះពាល់ដល់បរិស្ថាន សោភ័ណ្ឌភាពទីក្រុង និងសុខភាពរបស់អ្នកប្រើប្រាស់។

សុភក្ត្រនិយាយថា ខ្លួនកញ្ញាផ្ទាល់បានព្យាយាមកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក និងបានពន្យល់ដល់សមាជិកគ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងអំពីបញ្ហានេះ ប៉ុន្ដែ ពលរដ្ឋមួយចំនួនហាក់មិនចាប់អារម្មណ៍នោះទេ។

សុភក្ត្របន្តថា យើងឃើញថា មិនមែនតែយុវជន ឬប្រជាពលរដ្ឋទេ ពេលខ្លះសូម្បីបុគ្គលក្រុមហ៊ុន ឬជាមន្ដ្រីរាជការ ក៏នៅប្រើប្រាស់ប្លាស្ទិកហ្នឹងដែរ។ នៅពេលយើងធ្វើយុទ្ធនាការ វាមិនសូវបានទូលាយថា ប្រជាពលរដ្ឋគាត់អាចកាត់បន្ថយទាំងអស់ទេ គ្រាន់តែយើងអាចសង្កេត អ្នកមួយចំនួន ដែលនៅជិតខ្លួនយើង អាចជាមិត្តភក្ដិ គ្រួសារយើង ឬក៏អ្នករៀនជាមួយយើង ដែលយើងបានធ្លាប់ណែនាំ

និស្សិតម្នាក់ទៀតរៀននៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច លោក ម៉ានិត  អះអាងថា លោកបានចូលរួមក្នុងយុទ្ធនា ការតាមបណ្តាញសង្គមនេះ៣ឆ្នាំមកហើយ។ លោកថា យុវជនមួយចំនួនដែលបានចូលរួមយុទ្ធនាការនេះបានប្ដេជ្ញាចិត្ដថា ពួកគេនឹងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងករណីមិនចាំបាច់ និងនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។

យុវជនរូបនេះយល់ថា ដើម្បីកាត់បន្ថយបញ្ហាថង់ប្លាស្ទិក គឺត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព និងលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់លើបញ្ហានេះ។

លោកម៉ានិតបន្ថែមថា ទាំងយុវជន ទាំងប្រជាពលរដ្ឋសាមញ្ញធម្មតាហ្នឹង យើងមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយថង់ប្លាស្ទិក ប៉ុន្ដែ ដើម្បីឲ្យមានប្រសិទ្ធិភាព លុះត្រាតែភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាក់ទងនឹងបរិស្ថានហ្នឹង ព្យាយាមធ្វើយ៉ាងណាជំរុញ ឲ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយប្លាស្ទិក តាមរយៈការបង្កើតឲ្យមានច្បាប់ ប៉ុន្ដែ សុំឲ្យការអនុវត្តមានប្រសិទ្ធិភាពតាមហ្នឹងដែរ

លោកជឿថា ការអប់រំ និងផ្សព្វផ្សាយសាធារណៈជនឲ្យយល់ដឹងពីបញ្ហានេះ គឺជាវិធានការចាំបាច់មួយ។ ប៉ុន្ដែ លោកបន្ថែមថា រដ្ឋាភិបាលគួរបង្កើតឲ្យមានរោងចក្រកែច្នៃសំរាមឡើងវិញ ព្រោះថា វាអាចកាត់បន្ថយសំរាមនៅក្នុងប្រទេសកម្ពុជាមួយកម្រិតធំ។

មួយទៀត យើងចង់បង្កើតឲ្យមានរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា «ចំពោះរោងចក្រកែច្នៃ ខ្ញុំគិតថា វាជាយន្ដការមួយល្អមែនទែន បើសិនជាប្រទេសកម្ពុជា ឬក្រសួងពាក់ព័ន្ធ អាចធ្វើយ៉ាងណាឲ្យមានការវិនិយោគកែច្នៃសំណល់ប្លាស្ទិកឡើងវិញ»។

លោកថា មូលហេតុចម្បងនៃបញ្ហានេះ គឺដោយសារកម្រិតយល់ដឹងរបស់ពលរដ្ឋ ទម្លាប់នៃការចោលសំរាមពាសវាលពាសកាល ចន្លោះប្រហោងក្នុងប្រព័ន្ធអប់រំ និងចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាល។

លោកម៉ានិត បន្តថា « ខ្ញុំគិតថា គួរតែបន្ថែមពន្ធលើការចរាចរថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា បង្កើនការអប់រំប្រជាជនទូទៅ ទី៣ សហការជាមួយភាគីពាក់ព័ន្ធ និងវិធីមួយទៀត គឺត្រូវតែលើកកម្ពស់ឲ្យមានការផលិត និងការប្រើប្រាស់ថង់ ដែលមានលក្ខណៈប្រសើរសម្រាប់បរិស្ថាន»។

កាលពីខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពកាត់បន្ថយការនាំចូល ការផលិត ចែកចាយ និងប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធានានូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណ័ភាពទីក្រុង។

រដ្ឋាភិបាលថា បច្ចុប្បន្ន  កាកសំណល់ប្លាស្ទិកកំពុងបង្កហានិភ័យដល់ប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍមនុស្សនៅទូទាំងពិភពលោក ដោយថា កាកសំណល់ប្រភេទនេះ ត្រូវប្រើពេលវេលាយូរ ទើបរលួយអស់ពីផែនដី ពោលគឺចាប់ពី ៥០០ទៅ១ ០០០ឆ្នាំឯណោះ។

ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថាន លោក ឌី គីដែន មានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីកាត់បន្ថយបញ្ហាថង់ប្លាស្ទិកនេះ ដូចជា រឹតបន្ដឹងការនាំចូលប្រភេទថង់ប្លាស្ទិក លើកទឹកចិត្តដល់ការផលិត និងចែកចាយថង់ប្លាស្ទិក ដែលគិតពីបរិស្ថាន និងយន្ដការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមិនចាំបាច់។

ថង់ដែលអនុញ្ញាតឲ្យប្រើប្រាស់ គឺត្រូវតែមានកម្រាស់ក្រាស់ជាង ០,០៣មីលីម៉ែត្រ ហើយទទឹងបាត ត្រូវធំជាង ២៥សង់ទីម៉ែត្រ ហើយការរឹតបន្ដឹងដើមខ្សែនេះ វាអាចជួយកាត់បន្ថយនូវការគ្រប់គ្រង និងបន្ថយបរិមាណ ព្រោះយើងរឹតបន្ដឹងដែលយើងហាមឃាត់ ចំណុចទី២ គឺយើងលើកទឹកចិត្តឲ្យមានការនាំចូល ឬផលិតប្រភេទថង់ប្លាស្ទិក ដែលផលិតពីសារធាតុងាយពុកផុយ។

ការសិក្សារបស់អង្គការមូលនិធិអក្ខរា (ACRA Foundation) កាលពីឆ្នាំ២០១៨ ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានខាតបង់ថវិកាអស់រាប់លានដុល្លារអាមេរិក ពីកាកសំណល់ប្លាស្ទិក។ មិនតែប៉ុណ្ណោះ កម្ពុជាត្រូវចំណាយថវិកាជាង ៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ទៅលើការសម្អាតថង់ប្លាស្ទិកនៅក្នុងខេត្តក្រុងធំៗចំនួន៣ ដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងនៅរាជធានីភ្នំពេញ៕

Add new comment

12 + 2 =

Please wait while the page is loading