ប្រជាជនចាត់ទុកថាសាលាវត្តបូព៌ជាសាលាគំរូមួយប្រចាំប្រទេស

សិស្ស​សាលា​កំពុង​ធ្វើ​ដំណើរទៅ​កាន់​ថ្នាក់​រៀន​​នៅ​ក្នុង​សាលា​វត្ត​បូព៌។

សាលា​វត្ត​បូព៌​បាន​កកើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បាន​ក្លាយជា​សាលា​គំរូ​មួយ​ក្នុង​ប្រទេស​ដោយ​សារ​តែ​គុណ​ភាព​អប់រំ​ខ្ពស់ និងមាន​វិន័យ​តឹង​រឹង​។ ហើយ​កុមារ​ដែល​បញ្ចប់ការសិក្សានៅ​សាលា​នេះ មាន​សុជីវធម៌​និង​សមត្ថភាព​ខ្ពស់​។

 

នាយក​សាលា លោក ពឹង គិមឆេង និយាយ​ថា «អ្វី​ដែល​ធ្វើ​ឱ្យ​មាតា​បិតា​សិស្ស ព្រម​ទាំង​ស្ថាប័ន​នានា ទទួល​ស្គាល់​នោះ អ្វី​ដែល​សំខាន់​គឺ​៣​ចំណុច ដែល​ជា​ចក្ខុវិស័យ​របស់​យើង​ខ្ញុំ​នេះ​ឯង​ ទី១​គុណភាព​នៃ​ការអប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព ទី២​គឺ​យើង​បាន​ថែទាំ​សុខភាព​កូនៗ​របស់​យើង ឱ្យ​បាន​កាន់​តែ​ល្អ​ផ្នែក​អនាម័យ ទី៣​ឥរិយាបថ​របស់​ពួក​គេ ដែល​មាន​សីលធម៌ សុជីវធម៌។​ ទាំង​អស់​នេះ​បើ​យើង​និយាយ​ក្តោប​មក​គឺ​មាន​តែ​២​ទេ គឺ​ទី១​វិន័យ​និង​សណ្តាប់​ធ្នាប់ ទី២​គឺ​គុណភាព​នៃ​ការរៀន​របស់​ពួក​គាត់»

 

វិន័យ​និង​ការអប់រំ​ស្តង់​ដារ គឺ​ជា​អ្វី​ដែល​គេ​និយាយ​ពី​ស្តង់ដារ​របស់​សាលា​បឋមសិក្សា​វត្តបូព៌។ វិន័យ​គឺ​នាំ​មក​នូវ​សេចក្តី​ថ្លៃ​ថ្នូរ។ គណៈ​គ្រប់​គ្រង​របស់​សាលា​មួយ​នេះ​បន្ថែម​ថា «វិន័យ​ដាក់​ចេញ​ជា​គោលការណ៍ មាន​លក្ខណៈ​៥​យ៉ាង​គឺ​ទី១​ អប់រំ​ពួកគេ​ឱ្យ​ចេះ​ស្អាត ទី២​គឺ​អប់រំ​ពួកគេ​ឱ្យ​មាន​របៀប ទី៣​គឺ​អប់រំ​ពួកគាត់​ឱ្យ​ក្លាយ​ទៅ​ជា​មនុស្ស​សុភាព​រាបសារ ចេះ​ឱន​លំទោន ចេះ​គោរព​ចាស់​ទុំ ចេះ​និយាយ​ស្តី​ដោយ​ពាក្យ​សម​សួន វិន័យ​អនុវត្ត​ទៅ​លើ​ការអនុវត្ត​ម៉ោង​ពេល ទី៥​គឺ​ឱ្យ​ពួកគេ​រៀន​ធ្វើ​សមាធិ ដែល​ជា​លក្ខណៈ​ចាប់​ផ្តើម​នៃ​ការប្រមូល​ផ្តុំ​នូវ​ចំណុច​៤​ខាង​ដើម»

 

ក្រៅ​ពី​ការរឹត​បន្តឹង​លើ​វិន័យ ការសិក្សា​អប់រំ ចំណុច​ពិសេស​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​លើ​សាលា​បឋម​សិក្សា​វត្ត​បូព៌​នេះ​គឺ លោក​នាយក​បាន​រៀបចំ​ឯក​សណ្ឋាន​ឱ្យ​សិស្សា​នុសិស្ស និង​លោក​គ្រូ​អ្នកគ្រូ នៅ​ក្នុង​គោល​បំណង បង្កើត​នូវ​សមធម៌​និង​បំបាត់​ការរើសអើង រវាង​អ្នកមាន​និង​អ្នកក្រ​។ លោក​នាយក​បន្ត​ថា ឪពុកម្តាយ​គ្រប់​លំដាប់​ថ្នាក់​អាច​យក​កូន​មក​រៀន​បាន​ទាំង​អស់​គ្នា មិន​ថា អ្នក​មាន​ឬ​អ្នក​ក្រ​នោះ​ទេ។

 

អ្នក​គ្រូប​ង្រៀននៅ​សាលា​បឋម​សិក្សា​វត្ត​បូព៌។

សាលា​រៀន វត្ត​បូព៌​ជា​សាលា​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​រដ្ឋ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ក្រសួង​អប់រំ​បាន​ចាត់​ទុក​សាលា​មួយ​នេះ ជា​សាលា​ជំនាន់​ថ្មី ដែល​ជា​សាលា​គំរូ​ប្រចាំប្រទេសកម្ពុជាក្នុងការអប់រំកុមារតូច

 

អាណា​ព្យាបាល​ និង​ឪពុក​ម្តាយ​សិស្ស​ជាច្រើន​បាន​កោត​សរសើរ​ចំពោះ​វិន័យ​និង​ការ​អប់រំ​របស់​សាលា​នេះ ចំពោះ​កូន​ៗ​របស់​គាត់។

 

អ្នកស្រី ង៉ែត សុជាតា «សាលា​នេះ​ជា​សាលា​ល្អ​លេខ​មួយ ព្រោះ​កូន​ខ្ញុំ​រៀន​នៅ​ទីនេះ​ជា​គ្រិះ​រឹងមាំ​តែ​ម្តង ហើយ​កូន​ខ្ញុំ​រៀន​ពូកែ​ណាស់ វិន័យ​និង​សីលធម៌​ល្អ»

 

រីឯ​អ្នកនាង សុជាតា ជា​ម្តាយ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា  «តាំង​ពី​កូន​ខ្ញុំ​មក​រៀន​នៅ​សាលា​នេះ ​មិន​ដែល​ឃើញ​សាលា​ណា​ល្អ​ដូចនេះ​ចឹង​នោះ​ទេ ទើប​ពេល​ដែល​គាត់​គ្រប់​អាយុ​ទើប​យក​មក​ដាក់​សាលា​រៀន​នេះ ព្រោះ​សាលា​នេះ​វិន័យ​តឹង​តែង​ល្អ ទាំង​ការស្លៀកពាក់ ការរស់នៅ​ប្រចាំ​ថ្ងៃ គឺ​គាត់​បង្រៀន​កូន​យើង​សព្វ​គ្រប់​ចឹង​ទៅ​ណា»

 

កុមារី នារី សុធីតា រៀន​ថា្នក់​ទី ៥ក បាន​និយាយ​ថា « ការធ្វើ​លំហាត់ ការសិក្សា​ទៅ​មុខ លោកគ្រូ​អ្នកគ្រូ តឹង​រឹង​ក្នុង​ការសិក្សា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​បាន​កាន់​តែ​ពូកែ ធ្វើ​លំហាត់​លឿន និង​មាន​វិន័យ​ក្នុង​ការរស់នៅ»

 

ចំណែក​កុមារា រុន ដាវីន ជា​សិស្ស​ថ្នាក់​ទី​៤ខ​បាន​ឲ្យ​ដឹង​ដែរ​ថា គាត់​មាន​ជំនាញ​គិត​លេខ​កាន់​តែ​លឿន​ជាង​មុន ការសរសេរ​អក្សរ ការលេង​កីឡា ការសមាធិ ធ្វើ​ឲ្យ​ពួកគាត់​មាន​វិន័យ​ច្រើន​ជាង​កុមាៗ​ដទៃ ព្រោះ​សាលា​នេះ​គ្រូ​តឹង​តែង​ខ្លាំង​ជាង​សាលា​ដទៃ​ទៀត។

 

សាលា​បឋមសិក្សា​វត្ត​បូព៌ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥៧ លើ​ផ្ទៃ​ដី​១៣៧០២,៦៥ ម៉ែត្រ​ក្រឡា។ សាលា​បឋម​សិក្សា​មួយ​នេះ​ពី​ដើម​ឡើយ​មាន​តែ​អាគារ​សិក្សា​ត្រឹមតែ ៣​ប៉ុណ្ណោះ តែ​សព្វ​ថ្ងៃ​មាន​រហូត​ដល់ ១៥​អាគារ​សិក្សា ដែល​មាន​ប្រមាណ​៦១​បន្ទប់ និង​ចែក​ចេញ​ជា​២​ផ្នែក គឺ​មត្តេយ្យ​សិក្សា និង​បឋម​សិក្សា ក្រោម​ការគាំទ្រ​ពី​សហគមន៍​ក្នុង​តំបន់​ដែល​មាន​មាតា​បិតា សិស្ស​និង​អាណា​ព្យាបាល បាន​ធ្វើ​ឱ្យ​ថ្នាល​បណ្តុះ​វិជ្ជា​មួយ​នេះ​ទទួល​បាន​នូវ​ភាពជោគជ័យ លើ​គុណភាព​អប់រំ វិន័យ សីលធម៌ និង​បំណិន​នៃ​ការសិក្សា​រៀន​សូត្រ ដែល​កំពុង​ផ្សា​ភ្ជាប់​ជាមួយ​តថភាព​សង្គម​បច្ចុប្បន្ន៕

Add new comment

16 + 2 =

Please wait while the page is loading