ការធ្វើលំហាត់ប្រាណទទួលការគាំទ្រពីសង្គម

កំពុងដើរហាត់ប្រាណនៅតាមដងទន្លេនៃព្រះបរមរាជវាំង រាជធានីភ្នំពេញ ជារៀងរាល់ល្ងាច អ្នកស្រី ងួន ហ្គិចលឹម មានវ័យជាង៦០ឆ្នាំ តែងតែបាន​ចំណាយពេល ហាត់ប្រាណជារៀងរាល់ថ្ងៃ​ ជាមួយនឹងមនុស្សចំណាស់ផ្សេងៗទៀត កុមារតូចៗ និង​យុវវ័យជាច្រើនទៀត ដោយសារ​អ្នកស្រីយល់ឃើញថា​ ការហាត់ប្រាណជួយអោយសុខភាពរឹងមាំ និងចៀសផុតពីជំងឺផ្សេងៗ។

ស្រ្តីរូបនេះបានព្រលយទាំងកំពុងបោះជំហានទៅមុខបណ្តើរ និយាយបណ្តើរថា កាលពីលោកស្រីមិនទាន់បានហាត់ប្រាណ នៅពេលក្រោកពីដំណេកម្តងៗ រាងកាយគាត់ ស្ពឹកស្រពន់ និងឧស្សាហ៍មានជំងឺ ប៉ុន្តែក្រោយពេល គាត់ដើរហាត់ប្រាណ វាជួយឱុ្យសុខភាពទាំងផ្លូវកាយ និងចិត្ត មានភាពប្រសើរច្រើន។

មតិជាច្រើនបានយល់ថា មនុស្សបច្ចុប្បន្ន​ មានវ័យជាមធ្យមជាង៥០ឆ្នាំ ខុសពីមនុស្សសម័យមុន ដែលមានចន្លោះពី៧០ ទៅ៨០ឆ្នាំ។

អ្នកស្រី ងួន ហ្គិចលឹម បាននិយាយថា៖ «ចំណីអាហារញាំរាល់ថ្ងៃសុទ្ធតែជាតិគីមី ការហាត់ប្រាណធ្វើអោយបញ្ចេញជាតិពុល ការកាត់បន្ថយជំងឺប្រសើរជាងមុន ទោះបីមិនបានច្រើនតែក៏បានពាក់កណ្តាលដែរ»។

កំពុងហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ​កញ្ញា សួន ថាវរី មានវ័យជាង២០ឆ្នាំ បានពន្យល់ថា មូលហេតុដែលនាំអោយគាត់ធ្វើលំហាត់ប្រាណ ដើម្បីបង្ការការកើនឡើងសារធាតុមិនល្អ និងដើម្បីរាងកាយមាំមួន។ ខណៈចំណីអាហារបច្ចុប្បន្នសម្បូរជាតិគីមីច្រើន នាំអោយមានជំងឺផ្សេងៗជាច្រើនដែរ។

នារីសំបុរស រាងខ្ពស់រូបនេះ បានលើកឡើងថា មនុស្សបច្ចុប្បន្នអាយុមិនសូវវែងនោះទេ ពោលមានវ័យពី៦០ ទៅ៦៥ឆ្នាំ ដោយហាក់បន្ទោសលើរាជរដ្ឋាភិបាល ដែលមិនបានហាមឃាត់ការនាំចូលបន្លែគីមី ពីខាងក្រៅ។

កញ្ញា សួន ថាវរី បានថ្លែងថា៖ «ប្រសិនបើយើងមានសុខភាពល្អ អាយុក៏តាមនេះដែរ។ ខ្ញុំគិតថា ស្រុកគេ មនុស្សមានអាយុច្រើនជាង ដូចជាជនបរទេស ខ្ញុំឃើញគេមានអាយុ៨០ ទៅ៩០ឆ្នាំ គេមានសុខភាពល្អ គេដើរផឹកសុីតាមហាងតាមក្លឹប តែបើយើងវិញ ឃើញដេកនៅកន្ទេល»។

ស្ត្រីម្នាក់ទៀតដែលកំពុងជជែកគ្នាលេង ក្បែរទីតាំងនោះ អ្នកស្រី ចាន់ ធឿន មានអាយុ ៥៩ឆ្នាំ បាននិយាយថា ការហាត់កីឡា បានជួយអោយគាត់ លែងឈឺសរសៃ លែងស្ពឹកស្រពន់ រាងកាយ និងសំរាន្តបានស្រួលជាងមុន។ អ្នកស្រី​ ចាន់ ធឿន ក៏ជឿជាក់ថា ការហាត់ប្រាណ ឬលេងកីឡាជួយអោយគាត់មានអាយុវែង។

អ្នកស្រី ចាន់ ធឿន ក៏បង្ហាញក្តីបារម្ភពីការនាំចូលបន្លែ និងជំងឺកាចសាហាវផ្សេងៗទៀតថា អាចធ្វើអោយមនុស្សមានអាយុខ្លី «ឥលូវចំណីអាហារសំបូរជាតិគីមីច្រើន ចាស់ៗពីសម័យដើម គាត់មិនដែលហូបគីមី អីផងនឹង! គាត់ដាំ (បន្លែ) តែរបស់គាត់ពិតៗ និយាយអោយចំ ក្មេងសម័យឥលូវ អាយុត្រឹម៣០ ឬ៤០មិនទាន់ទេ ឈឺនេះ ឈឺនោះ ខ្លះក៏មានមេរោគពេញខ្លួន»។

តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានអោយដឹងថា មនុស្សចាស់មានវ័យ ពី៦០ឆ្នាំ មាន៨ភាគរយ ក្នុងឆ្នាំ២០១៣។ រាជរដ្ឋាភិបាលបានព្យាករណ៍ថា នៅឆ្នាំ២០៣០ តួរលេខមនុស្សចំណាស់នឹងកើនឡើងដល់ជាង ២លាននាក់ ឬស្មើនឹង១១ភាគរយនៃចំនួនប្រជាជនសរុប។ ប៉ុន្តែតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកវិញ បុរសកម្ពុជា មានសង្ឃឹមរស់ បានរហូតដល់៦៧ឆ្នាំ ចំណែកស្ត្រីអាចរស់បាន​ដល់ ៧១ឆ្នាំ៕

 

Add new comment

1 + 5 =

Please wait while the page is loading