ការកែច្នៃសំណល់ឲ្យទៅជាវត្ថុថ្មី

កុមារ​កំពុងរៀន​ធ្វើ​ចម្លាក់ទៀន​នៅ​ក្នុង​សាលា​អង្គការ​វិចិត្រករខ្មែរដើម្បីកុមារ

ទៀន​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើ​ប្រាស់​ធ្វើ​ជា គ្រឿង​សក្ការ​​បូជា បំភ្លឺ សឹង​តែ​គ្រប់​រដូវ​កាល គ្រប់ទី​កន្លែង​មិន​ថា​ជនបទ​ឬ​ទី​ក្រុង​នោះ​ទេ។ សំណល់​ដែល​កើត​ចេញ​ពី​ទឹក​ទៀន​ស្រក់​រលាយ​នោះ ជា​ទូទៅ​ត្រូវ​បាន​គេ​បោះ​ចោល ឬ​គ្មាន​ការកែ​ច្នៃ​សម្រាប់​ប្រើ​ប្រាស់​ឡើង​វិញ​នោះ​ទេ។ ជា​សាស្ត្រា​ចារ្យ ជា​វិចិត្រករ​ជើង​ចាស់​ម្នាក់​ និង​ជា​ស្ថាបនិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់ បាន​ប្រមូល​យក​សំណល់​ទាំង​នោះ មក​ប្រើ​ប្រាស់​ជា​ផ្ទាំង​គំនូរ​ចម្លាក់​ប្លែកៗ​ជា​ទី​គាប់​ភ្នែក​មនុស្ស និង​ទេសចរណ៍។

សាស្ត្រា​ចារ្យ លោក ព្រហ្ម វិចិត្រ ជា​ស្ថាបនិក​អង្គការ​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ បាន​និយាយ​ថា «ពលរដ្ឋ​មួយ​ចំនួន​ឆ្ងល់​ថា តើ​ចាំបាច់​អី​ប្រមូល​យក​សំណល់​ទៀន​ទាំង​នោះ? ខ្ញុំ​ថា​ខ្ញុំ​យក​ទៅ​បង្រៀន​កូន​ក្មេង​ឲ្យ​ចេះ​ឆ្លាក់ បែរ​ជា​គាត់​ថា ចុះ​គល់​ឈើ​មួយ​គំនរ​មិន​បង្រៀន​ឆ្លាក់​ ទៅ​យករបស់​នេះ​ធ្វើ​អី ខ្ញុំ​ថា​អ្វី​ដែល​គេ​ចោល​ខ្ញុំ​ចង់​បាន​ទាំងអស់ ខ្ញុំ​មិន​ចង់​បាន ឬ​គាស់​គល់​ឈើ​នោះ​ទេ ព្រោះ​ខ្ញុំ​ចង់​ទុក​ឲ្យ​វា​ដុះ​បន្ត​ទៀត»។

ផ្ទះ​ឈើ​លើ​ថ្ម​ខាង​ក្រោម​មួយ ជា​ទីតាំ​ងសាលា​បង្រៀន​កុមារ​ឲ្យ​ចេះ​គូរ​គំនូរ និង​ឆ្លាក់ ដោយ​មិន​គិត​កំរៃ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំង​ពង្រ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លោក​ព្រហ្ម​ វិចិត្រ ឲ្យ​ដឹង​ទៀត​ថា លោក​ចង់​បង្កើត​នូវ​បំណិន​ជីវិត​ដល់​កុមារ​តាម​រយៈ​សិល្បៈ​គំនូរ​បុរាណ និង​គំនូរ​សម័យ វត្ថុ​ឆ្នៃ​ចេញ​ពី​ស្លឹក​ឈើ ចម្លាក់​ខ្មុក ចម្លាក់​ទៀន ទៅ​កាន់​ក្មេងៗ​ជំនាន់​ក្រោយ ក្នុង​ស្រុក​កំណើត​របស់​លោកគ្រូ។

ដោយ​សារ​តែ​មាន​ចិត្ត​ស្រឡាញ់​គំនូរ និង​និស្ស័យ​ពី​កុមារភាព​មក កូន​ក្មេង​តូចៗ​ជា​សិស្ស​នៃ​អង្គការ​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ បាន​ចែក​រំលែក​នូវ​បទពិសោធ​សិក្សា​របស់​ប្អូនៗ​ទៅ​កាន់​ក្មេងៗ​ដទៃ​ទៀត។

កុមារី វ៉ាន់ កន្និកា​ មាន​វ័យ​ជាង​១០ឆ្នាំ ជា​សិស្ស​សិក្សា​ក្នុង​សាលា​ខាងលើ​អស់​រយៈ​ពេល ១ឆ្នាំ បាន​និយាយ​ថា «ខ្ញុំ​គិត​ថា​ល្អ​សម្រាប់​ខ្លួនឯង និង​អាច​ជួយ​ឲ្យ​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់ ព្រោះ​ថា​នេះ​ជា​មុខ​ជំនាញ​មួយ។ មួយ​វិញ​ទៀត​ស្រលាញ់​តាំង​ពី​មិន​ទាន់​ចេះ​គូរ​គំនូរ​សោះ ​រហូតដល់​អាច​ចេះ​ប្រើ​ប្រាស់​ឧបករណ៍​បាន​យ៉ាង​ល្អ»។

ចំណែក​យុវជន​ម្នាក់​ទៀត លោក សេន សុម៉ី ជា​សិស្ស​របស់​អង្គការ​ខាង​លើ​បាន​និយាយ​ថា «សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ចេះ​ធ្វើ​ចម្លាក់​ទៀន​ទាំង​នោះ មិន​នឹក​ស្មាន​ថា​ខ្លួន​អាច​ធ្វើ​បាន​ដូច​បច្ចុប្បន្ន​នេះ​ទេ ហើយ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​យក​ផ្នែក​គំនូរ និង​ចម្លាក់​ទៅ​រៀន​បន្ត​ទៀត»។

មុន​ពេល​ចម្លាក់​ទៀន​អាច​ចេញ​ជា​រូប​រាង​បាន ដំបូង​ត្រូវ​យក​ទៀន​ទៅ​ចំហុយ​ឲ្យ​រលាយ រួច​ចាក់​ពុម្ព​និង​ច្រោះ​យក​សំរាម​ចេញ បន្ទាប់​មក​គេ​អាច​យក​វា​ទៅ​ឆ្លាក់​តាម​រូបរាង​ដែល​គេ​ចង់​បាន។​ បើ​ទោះបី​ជា​ចម្លាក់​ទៀន​សព្វ​ថ្ងៃ​មិន​ទាន់​បាន​ដាក់​ចូល​ក្នុង​ទីផ្សារ​នៅ​ឡើយ លោក ព្រហ្ម វិចិត្រ បាន​យក​ចម្លាក់​ទាំង​នោះ​ទៅ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​នានា ជាពិសេស​គឺ​បាន​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក។

សាស្រ្តាចារ្យ​វ័យ ៦៩​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ចម្លាក់​ទៀន​អាច​រក្សា​ទុក​បាន​រហូត និង​មិន​ផ្លាស់​ប្តូរ​រូប​រាង​នោះ​ទេ ប្រសិន​បើ​យើង​អាច​រក្សា​ទុក​នៅ​ក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​មិន​ក្តៅ​ពេក ការពារ​មិន​ឲ្យ​មាន​សត្វ​កណ្តុរ​ស៊ី។ មិន​ត្រឹម​តែ​ជា​វត្ថុ​តាំង​លម្អ​នោះ​ទេ លោក​សាស្ត្រាចារ្យ​គំនូរ និង​ចម្លាក់​រូប​នេះ​​​ បាន​រៀប​រាប់​អំពី​លក្ខណៈ​ពិសេស​របស់​ចម្លាក់​ទៀន​ថា វត្ថុ​នេះ​អាច​ធ្វើ​ឲ្យ​សិស្ស​របស់​លោក ស្គាល់​ច្បាស់​ពី​គំនូរ ចម្លាក់ និងផ្តល់​ឱកាស​ឲ្យ​ពួក​គេ​យល់​ពី​ការប្រើ​ប្រាស់​អារម្មណ៍ និង​ថាមពល​ទៅ​លើ​គំនូរ​នីមួយៗ។

លោក ព្រហ្ម វិចិត្រ បាន​បន្ត​ថា «បើ​កាល​ណា​អារម្មណ៍​យើង​មិន​ល្អ ឆ្លាក់​មិន​បាន​នោះ​ទេ ទាល់​តែ​អារម្មណ៍​យើង​មូល ដូច្នេះ​កូន​ក្មេង​ទាំង​អស់​យល់​ច្បាស់​ពី​ក្បាច់​នីមួយៗ ក្បាច់​លៀន លោត លិប តើ​យើង​ត្រូវ​ធ្វើ​របៀប​ម៉េច?»។

ឆ្នាំ​២០១៩​នេះ អង្គការ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ស្រប​ច្បាប់ បង្រៀន​សិស្ស​បាន​ជិត​៨០​នាក់​ដោយ​សិស្ស​ទាំង​អស់​អាច ចូល​រៀន​នៅ​អាយុ​ណា​ក៏​បាន ពោល​ឲ្យ​តែ​ពួកគេ​អាច​ចេះ​កាន់​ប៊ិច និង​ខ្មៅ​ដៃ។ នាយក​ប្រតិបត្តិ​អង្គការ​ខាងលើ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ សិល្បៈ​គំនូរ​ខ្មែរ ដើម្បី​ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​វិចិត្រករ​ខ្មែរ​បន្ថែម​ទៀត៕

 

ដោយ​ផល សុផានិត

Add new comment

10 + 9 =

Please wait while the page is loading