អាហារបំប៉នសុខភាព ផលិតផលគ្រឿងសំអាង នៅលើអនឡាញកំពុងបំភ្លៃប្រជាពលរដ្ឋ

នគរបាលសេដ្ឋកិច្ច ចុះបង្ក្រាបគ្រឿងសម្អាងខុសច្បាប់

នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក សព្វថ្ងៃមានការ បង្ហោះនិងចរាចរណ៍នៅទំនិញជាប្រភេទ គ្រឿងសំអាង ដូចជាឡេ ម៉្សៅ ក្រែម អាហារបំប៉នសុខភាព ដែលយើងទាំងអស់មិនដឹងថាស្របច្បាប់ឬមានច្បាប់នោះទេ។

ការឃោសនាលក់ អាហារបំប៉ន ឱសថ ឡេ សម្លៀកបំពាក់ និង ទំនិញផ្សេងៗ ត្រូវបានក្រសួងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសក្រសួងសុខាភិបាល បានចេញនូវសេចក្តីប្រកាសជាបន្តបន្ទាប់ សូមឲ្យបញ្ឍប់ការផ្សព្វផ្សាយ និងដាក់លក់នូវទំនិញទាំងនោះ ដែលនាំឲ្យប្រជាពលរដ្ឋភាន់ច្រឡំ។

ចាប់តាំងពីមានបណ្តាញសង្គមជាពិសេសគឺហ្វេសបុកនេះរីកចម្រើន ហើយចំនួនអ្នកលេងហ្វេសបុកក៏កាន់តែមានច្រើនជាហេតុធ្វើឲ្យអ្នកដែលឆ្លៀតឱកាសយកហ្វេសបុកនេះធ្វើមុខរបរ រកប្រយោជន៍ផ្សេងៗរួមទាំងការឃោសនាក៏មានកាន់តែច្រើន ប៉ុន្តែស្របពេលជាមួយគ្នានោះ ភាពអនាធិបតេយ្យនៃសង្គមក៏មានច្រើន។

ផលិតផលមួយចំនួន ដែលអាចនឹងប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគឺពពួកអាហារបំប៉ន ឱសថ ឡេ និងផលិតផលមួយចំនួនដែលពាក់ព័ន្ធនឹងសុខភាព។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ព័ត៌មានក្លែងបន្លំ នៅទីស្តីការអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីពេលកន្លងទៅថ្មីៗនេះថា សព្វថ្ងៃកម្ពុជាកំពុងតែស្ថិតនៅក្នុង សម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តឧស្សាហកម្ម ៤.០ ដូច្នេះលំហូរនៃព័ត៌មានពីគ្រប់ទិសទី ក៏កំពុងតែស្ថិតនៅក្នុងដៃរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានបន្តឲ្យដឹងថា ដោយសារតែកម្ពុជាបើកចំហរដោយសេរី នូវព័ត៌មាន នេះក៏ជាការជ្រៀតនៃព័ត៌មានក្លែងបន្លំនៅក្នុងបណ្តាញទំនាក់ទំនងសង្គមដែលកំពុងពេញនិយម និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

អ្នកនាង មុំ សូរក្សា ដែលជាអតិថិជននិយមទិញទំនិញអនឡាន ដែលជាទូទៅ អ្នកនាងនិយមប្រើប្រាស់ការបញ្ជាទិញទំនិញតាមអនឡានស្ទើរតែជារៀងរាល់ថ្ងៃ ភាគច្រើនអ្នកនាងបានទិញនៅទំនិញសឹងតែគ្រប់ប្រភេទ និង គ្រប់ម៉ូត។

អ្នកនាង មុំ សូរក្សា បានបន្តថា «អីវ៉ាន់ដែលខ្ញុំអន់ចិត្តបំផុតគឺសំលៀកបំពាក់ ដែលតម្លៃរបស់វារៀងថ្លៃដែរដែលយើងមើលនៅក្នុងផេករបស់គេ នៅពេលយើងសួរនាំគេទៅ គេថាសាច់ក្រណាត់វាល្អ ពេលដែលយើងយកមកវាមិនសាកសមទៅនៅនឹងអ្វីដែលយើងចង់បាន»។

លោក ស្រ៊េង សីហា ជាមន្ត្រីរាជការមួយរូប បាននិយាយថា «ទាក់ទងទៅនឹងការបង្ហោះទំនិញទាំងអស់នោះ វាមានអាថ៌កំបាំងជាច្រើន ហើយការលក់តាមអនឡាញនោះមានច្រើន តើអ្នកទាំងអស់គ្នាគួរទិញអត់? ចំណែកខ្ញុំគួរទិញ តែត្រូវពិចារណា ព្រោះបច្ចុប្បន្ននេះមានអ្នកធ្វើនំអត់ម្ស៉ៅច្រើន»។

លោក ស្រ៊េង សីហា បានបន្តថា «បច្ចុប្បន្ននេះ បែបបទមានច្រើន ការលក់គ្មានប្រភពច្រើន និងគ្រាន់តែមាន ផេកមួយចំនួនផុសដើម្បីស៊ីក្បាលកាក់ឲ្យគេក៏មានច្រើន។ ដូច្នេះធ្វើឲ្យមនុស្សមានទំនោចិត្តរកស៊ី និងធ្វើនំអត់ម្ស៉ៅនឹងក៏ច្រើន»។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា ក្រសួងសុខាភិបាល នឹងរៀបចំបញ្ជិកាតាមច្បាប់ ដើម្បីគ្រប់គ្រង ការលក់ផលិតផលគ្រឿងសម្អាង (Cosmetic) និងផលិតផលសុខភាព អាហារបំប៉ន តាមអនឡាញ។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តី គឺឆ្លើយតបនឹងចម្ងល់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ក្រសួងសុខាភិបាល។ រយៈពេលកន្លងទៅនេះ ការលក់ផលិតផលសុខភាព គ្រឿងសម្អាង និងអាហារបំប៉នតាមអនឡាញ ចាប់ផ្តើមផុសផុលនៅក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនោះ ក៏មានផលិតផលមួយចំនួន មិនមានការទទួលស្គាល់ស្តង់ដារ ដោយក្រសួងជំនាញផងដែរ។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងរៀបចំការចុះបញ្ជិកាតាមផ្លូវច្បាប់ សម្រាប់គ្រប់គ្រងការលក់ផលិតផលអាហាបំប៉ន ឬសុខភាព តាមអនឡាញ ដើម្បីគ្រប់គ្រងគុណភាព នៃការលក់នោះឱ្យមានគុណភាពបម្រើប្រជាពលរដ្ឋពិតប្រាកដ កុំឱ្យពលរដ្ឋរងគ្រោះដោយសារតែការលក់អនឡាញ ដែលគ្មានច្បាប់ត្រឹមត្រូវ។

កាលពីពេលកន្លងទៅថ្មីៗនេះ ថ្នាំពេទ្យ និងគ្រឿងសំអាងក្លែងក្លាយទម្ងន់ជាង ៥តោន មានតម្លៃជាង ១លានដុល្លារ ដែលនាំ ចូលពីប្រ ទេសវៀតណាម មកចែកចាយក្នុងប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចដុត កម្ទេចចោល បន្ទាប់ពី ប្រតិបត្តិការបង្រ្កាប បានជាច្រើន ទីតាំងនៅក្នុង រាជធានីភ្នំពេញ។ ដើម្បីទប់ស្កាត់ ចរាចរណ៍ ផលិត ផលក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់ តែមានប្រសិទ្ធភាព អាជ្ញាធរបានអំពាវនាវ ប្រជាពលរដ្ឋ ចូលរួមផ្តល់ព័ត៌មានពីបទល្មើស ចរាចរណ៍ផលិតផលក្លែងក្លាយ ព្រមទាំងប្រកាស ផ្តល់រង្វាន់ លើកទឹកចិត្ត ថែមទៀតផងសម្រាប់ អ្នកផ្តល់ព័ត៌មាន៕

Add new comment

2 + 15 =

Please wait while the page is loading