ស្វាមី​ត្រូវ​ការ​កំលាំង​ចិត្ត​ពី​ភរិយា

បុរសជាស្វាមី​ភាគ​ច្រើន​បាន​សំដែង​អារម្មណ៍​របស់​ខ្លួន​ ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ និង​កិច្ច​ពិភាក្សា​គ្នា​ពី​ភរិយា។

កម្លាំង​ចិត្ត​ឬ​កា​រ​លើក​ទឹក​ចិត្ត​គឺ​ជា​ឱសថ​ពិសេស​ដែល​​ធ្វើ​​ឲ្យ​​មនុស្ស​​អាច​​​យក​​ឈ្នះ​ឧបសគ្គ​​នានា​បាន​។ គ្រាន់​តែ​ពាក្យ​សម្តី​​និងកាយវិការដែលមនុស្សម្នាក់ផ្តល់ទៅឲ្យមនុស្សម្នាក់ទៀតនៅពេលគេអស់សង្ឃឹមឬបរាជ័យ​ក្នុង​រឿង​អ្វី​មួយ។ ជីវិត​គ្រួសារ​ក៏​ដូច្នេះ​ ពាក្យ​ផ្អែម​ល្ហែម​របស់​ភរិ​យា ជា​ទឹក​អម្រិត​ម្យ៉ាង​ជួយ​ដល់​ស្វាមី ដើម្បី​រំងាប់​ឧបសគ្គ​និង​ភាពអ​​វិជ្ជា​មួយ​ចំនួន​។

 

អ្នក​ស្រី ញ៉ែត សុខុន​វ័យ​៣៦​ឆ្នាំ​ជា​ម្ចាស់​ហាង​សាឡន​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ក្រុម​គ្រួសារ​ គាត់​តែ​ងតែ​ប្រើ​ពាក្យ​សម្តី​ពីរោះ​ និង​គោរព​ចំពោះ​សមាជិក​ក្នុង​ផ្ទះ។  អ្នក​ស្រី ក៏​មិន​ភ្លេច​​ផ្តល់​កំលាំង​ចិត្ត​ដល់​ស្វាមី​របស់​គាត់​ដែរ។

 

អ្នកស្រី​សុខុន «ចំពោះ​ប្តី​វិញ​គឺ​ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​គាត់​គ្រប់​ពេល​មិន​ថា​ពេល​ជោគ​ជ័យ​ឬ​បរាជ័យ​នោះ​ទេ​ព្រោះ​គិត​ថា​មាន​តែ​ភរិយា​ទេ​ដែល​នៅ​ជិត​ស្និទ្ធ​ជាង។  រាល់​ពេល​ដែល​គាត់​ប្រាប់​រឿង​មិន​សប្បាយ​អ្វី​មួយ​គឺ​ខ្ញុំ​តែង​តែ​និយាយ​ឲ្យ​កម្លាំង​ចិត្ត​គាត់ ដើម្បី​បន្ត​ទៅ​មុខ​ទៀត​កុំ​ចុះ​ចាញ់»។

 

ដោយ​សារតែ​ទង្វើ​នេះ  អ្នកស្រី​សង្កេត​ឃើញ​ថា ក្នុង​គ្រួសារ​របស់​គាត់​មិន​ដែល​មាន​ទំនាស់​ពាក្យ​សម្តី​អ្វីឡើយ។ អ្នក​ស្រី​សុខុន​បន្ថែម​ថា «ផ្ទុយ​ទៅ​វិញ​ប្តី​តែង​តែ​គោរព​និង​ឲ្យ​តម្លៃ​ខ្ញុំ​ជា​ប្រពន្ធ​ គឺ​មុន​នឹង​ធ្វើ​អ្វី​តែង​តែ​មាន​ការ​សួរ​នាំ ឬ​ពិភាក្សា​គ្នា​យ៉ាង​ល្អ»។

 

អ្នក​ស្រី​សុខុន បន្ថែម​ថា ក្នុង​គ្រួសារ​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​ពី​សំណាក់​​​ភរិយា​ទៅ​កាន់​ស្វាមី ​គឺ​ជា​ទំនុក​ចិត្ត​មួយ​យ៉ាង​ធំ ធ្វើ​ឲ្យ​ស្វាមី​មាន​ទំនុក​ចិត្ត​និង​កម្លាំង​ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេងៗ​បាន​ដោយ​មាន​ប្រសិទ្ធ​ភាព។

 

ជា​ម្តាយ​ដែល​មាន​កូន​បួន​នាក់ ដែល​មាន​ចំណង​អាពាហ៍​ពិពាហ៍​ជាង​១០​ឆ្នាំ​មក​ហើយ ​អ្នក​ស្រី​កែវ​ រីដា  វ័យ ៤៣ ឆ្នាំ​រស់​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ  អ្នកស្រី​ទទួល​បាន​សុភមង្គល​ណាស់ ដោយ​សារ​ការ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

 

អ្នក​ស្រី រីដា បាន​បន្ត​ថា ជីវិត​មនុស្ស​ម្នាក់ៗ​តែង​តែ​ជួប​នូវ​បញ្ហា​គឺ​ជៀស​មិន​ផុត។ ជួន​កាល​រឿង​តិច​រឿង​ច្រើន។ ហើយ​ស្វាមី​របស់​អ្នកស្រី​តែង​តែ​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​ប្រពន្ធ ឬ​ពី​សមាជិក​ក្នុង​គ្រួសារ។

 

អ្នក​ស្រី ឲ្យ​ដឹង​ទៀត​ថា គាត់​តែ​ង​រក​ពេល​វេលា​តែ​ពីរនាក់​ប្តី​ប្រពន្ធ​ដើម្បី​និយាយ​ពី​រឿង​រ៉ាវ​ជីវិត​ដែល​ពួកគាត់​ជួប​ប្រទះ។ ការ​ចែក​រំលែក​នេះ បាន​ធ្វើ​ឲ្យ​ចំណង​ស្នេហា​របស់​ពួក​គាត់​កាន់​តែ​ស្អិត​ល្មួត។

 

អ្នកស្រី​បញ្ជាក់​ថា «ចំពោះ​ខ្ញុំ​វិញ​ គឺ​តែង​តែ​រក​ពេល​វេលា​មួយ​ក្នុង​មួយ​ថ្ងៃ​ម្តង​ឬ​មួយ​អាទិត្យ​ម្តង​ ដើម្បី​អង្គុយ​និយាយ​លេង​ជា​មួយ​ប្តី។ ជជេក​ពី​នេះ​ពី​នោះ ដើម្បី​ដឹង​ថា​តើ​គាត់​ជួប​រឿង​ពិបាក​អ្វី​ខ្លះ?  ហើយ​ការ​ធ្វើ​បែប​នេះ​មិន​មែន​ដើម្បី​សួរ​ដេញ​ដោល​ចង់​ដឹង​ច្រើន​តែ​ដើម្បី​ផ្តល់​ប្រឹក្សារ​ក​ដំណោះ​ស្រាយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។

 

អ្នក​ស្រី​បន្ថែម​ថា​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​រក្សា​ទំនាក់​ទំនង​រវាង​ប្តី​ប្រពន្ធ​មិន​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​និង​ជា​ឱកាស​បើក​ចិត្ត​ក្នុង​ការ​ប្រាប់​រឿង​រ៉ាវ​គ្រប់​យ៉ាង​រវាង​ប្តី​ប្រពន្ធ​កុំ​ឲ្យ​មាន​ការ​សង្ស័យ។

 

លោក កុយ ដារ៉ូ វ័យ ៥៣ឆ្នាំ ជា​អ្នក​ភ្នំពេញ​មាន​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​បាន​ឲ្យ​ដឹង​ថា  «ក្តី​សុខ​ពេល​ខ្លះ​មិន​ចាំ​បាច់​ទាល់​តែ​មាន​មាស​ប្រាក់​លុយ​កាក់​ច្រើន​នោះ​ទេ​ តែ​គ្រាន់​តែ​ឮ​សម្តី​ផ្អែម​ល្ហែម​  ឬ​ការ​មិន​ខឹង​សម្បាពី​ប្រពន្ធ​គឺ​សប្បាយ​ចិត្ត​ហើយ»។

 

លោក ដារ៉ូ​បន្ថែម​ថា «ប្រពន្ធ​គាត់​ជា​មនុស្ស​មិន​សូវ​ចេះ​លេង​សើច​ច្រើន​តែ​ចូល​ចិត្ត​បំពេញ​កិច្ច​ការ​អ្វី​មួយ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ទង្វើ​របស់​គាត់​គួរ​ឲ្យ​គោរព​ព្រោះ​រាល់​ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ​ គាត់​មិន​ដែល​ស្តី​បន្ទោស​ឬ​ខឹង តែ​ផ្ទុយ​ទៅ​វិញ​នាង​តែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ដោយ​និយាយ​សម្តី​ថា ​មិន​អី​ទេ​យើង​ខំ​ប្រឹង​បន្ត​ទៀត បញ្ហា​ថ្ងៃ​នេះ​ទុក​ជា​បទ​ពិសោធ។ នេះ​ជា​កម្លាំង​ចិត្ត​ខ្លាំង​ណាស់​សម្រាប់​ប្តី​ទោះ​បី​ធ្វើ​ការ​ហត់​នឿយ​យ៉ាង​ណា​ក៏​អាច​ទៅ​បាន​ដែរ»។

 

ចំណែក​លោក ខុន វាសនា វ័យ ៣៦​ឆ្នាំ​ជា​អ្នក​រត់​តាក់ស៊ី​ពី​ភ្នំពេញ-​កំពង់​ចាម​បាន​ឲ្យ​ដឹង​ថា​ ការ​សង្ស័យ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​​ដែរ។ លោក​និយាយ​ថា «សង្ស័យ​ច្រើន​ថា​ចាយ​លុយ​ច្រើន​ ឬ​មាន​ស្រី​ក្រៅ​ដោយ​សារ​តែ​មុខ​របរ​ជា​អ្នក​រត់​តាក់ស៊ី​នេះ។ ទង្វើ​បែប​នេះ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត​គ្មាន​កម្លាំង​ធ្វើ​ការ ហើយ​ពេល​ខ្លះ​ស្ទើរ​ឈ្លោះ​គ្នា​ផង​ក៏​មាន»។

 

លោក​វាសនា​បន្ត​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រពន្ធ​របស់​គាត់​កែ​ប្រែ​របៀប​បន្តិច គឺ​ពី​ការ​ស្តី​បន្ទោស​ មកជា​ការ​សួរ​នាំ​ដោយ​សម្តី​សមរម្យ។ លោក​បន្ថែម​ថា «ពេល​ដែល​ឃើញ​ខ្ញុំ​មាន​ទឹក​មុខ​មិន​សប្បាយ​ចិត្ត គាត់​ចេះ​មក​និយាយ​លួង​លោម លើក​ហេតុ​ផល​ពី​នេះ ដើម្បី​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​និង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បំ​ពេញ​កិច្ចការ​រក​ស៊ី​បន្ត​ទៀត»។

 

លោកវាសនា​សំណូម​ពរ​ដល់​ស្ត្រី​ជាភរិយា​ទាំង​ឡាយ ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​និង​សួរនាំ​ស្វាមី​របស់​ខ្លួន​ដោយ​ទទួល​យក​ហេតុ​ផល មុន​ពេល​ចាប់​ផ្តើម​បន្ទោស។ លោក​បន្ថែមថា «សូម​ឲ្យ​ចេះ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រក​ដំណោះ​ស្រាយ ឬ​ពេល​ម្នាក់​បាក់​ទឹក​ចិត្ត​មិន​សប្បាយ​ចិត្ត​កុំ​នាំ​បញ្ហា​ថែម​ ព្រោះ​ប្រពន្ធ​កូន​គឺ​ជា​កម្លាំង​ចិត្ត​ធំ​ណាស់​សម្រាប់​ប្តី»។

 

ឆ្លង​កាត់​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សកល​វិទ្យាល័យ Carnegie Mellon បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ស្វាមី ឬ​ភរិយា​ដែល​ជា​អ្នក​ជម្រុញ​ទឹក​ចិត្ត គឺ​មាន​ឱកាស​ច្រើន​ជាង​បុគ្គល​ដទៃ​ទៀត​ក្នុងការ​ទទួល​បាន​ជោគ​ជ័យ។

 

ការ​ពិសោធ​នេះ​ត្រូវ​បាន​រក​ឃើញ​ឡើង​ ក្រោយ​ពេល​ដែល​ស្វាមី​ភរិយា​ចំនួន​ ១៦៨ គូ  ត្រូវ​បាន​គេ​សិក្សា​ពី​ភាព​ជោគ​ជ័យ​របស់​ពួក​គេ ជា​មួយ​ទំនាក់​ទំនង​នៃ​ការ​សហការ​ពី​ប្តី ​ឬ​ប្រពន្ធ។  ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​មាន​ស្វាមី ឬ​ភរិយា​ដែល​ចាំ​ឲ្យ​កម្លាំង​ចិត្ត​និង​ផ្តល់​ប្រឹក្សា ​មាន​ភាព​ក្លាហាន​ក្នុង​ការ​សាក​ល្បង​ទទួល​យក​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា​បំផុត៕

Add new comment

12 + 6 =

Please wait while the page is loading