
ស្វាមីភរិយាត្រូវធ្វើអ្វីខ្លះ ដើម្បីថែរក្សាចំណងប្រាំប្រការរបស់ខ្លួន?

ចំណងប្រាំប្រការ គឺជាទ្រឹស្តីតាមបែបព្រះពុទ្ធសាសនា ចំណងដែលជាអាវុធ តាមចងរឹតមនុស្ស សត្វ អោយស្លាប់ចិត្ត គំនិត និង ស្មារតី ដដែលជាដដែល មាន ៥ គឺ រូប សម្លេង ក្លិន រស និង ផោដ្ឋពៈ។ បើនិយាយពីចំណងប្រាំប្រការរបស់ស្វាមីភរិយា គឺការថែក្សានូវសុភមង្គល កូន ឪពុកម្តាយទាំងសងខាង សាច់ញាតិ និងចៅៗ។ ចំណងមួយនេះគឺជាចំណែកមួយក្នុងជីវិតសា្វមីនិងភរិយា ដែលត្រូវយល់ដឹង នៅក្នុងជីវិតក្រោយអាពាហ៍ពិពាហ៍ ឬហៅបានថាជាជីវិតគូរ។
តែមានទស្សនៈខ្លះទៀត យល់ថា ចំណងប្រាំប្រការនោះ គឺជាខ្សែ ជាច្រវាក់ សម្រាប់ចងក សម្រាប់ចងដៃ ជាដើម។ មានខ្លះទៀត បកស្រាយ ចំណងប្រាំប្រការ ក្នុងគោលបំណង បង្ហាញស្ត្រីទាំងឡាយ នូវវិធីចងចិត្តស្វាមីអោយជាប់ មិនអោយស្វាមី គេចកែទៅមានថ្មី ដោយប្រើប្រាស់វិធីផ្សេងៗ ដូចជាប្រឹងតុបតែងលម្អខ្លួន ត្រូវមានកូនបន្តពូជប្ដី អោយចេះចាញ់ប្ដី មិនឈ្លោះប្រកែក អោយចេះរក្សាទ្រព្យ ជាដើម។
ព្រះភិក្ខុ ទេន វន្នី គង់នៅវត្តសំពោងផលអណ្តែត មានសង្ឃដិការថា «ស្វាមីត្រូវលើកតម្កើង អោយភរិយាមានមុខមាត់ខ្ពស់ សមជាភរិយាដ៏ឧត្តម។ ស្វាមីមិនបង្អាប់ភរិយា អោយទៅជាទាសករ មិនប្រើហឹង្សាទៅលើភរិយា។ ស្វាមី មិនក្បត់ចិត្តភរិយា។ ស្វាមីត្រូវប្រគល់ សិទ្ធអោយភរិយាជាមេផ្ទះ គ្រប់គ្រងផ្ទះ ទ្រព្យសម្បត្តិ កូនចៅអោយបានត្រឹមត្រូវ និងស្វាមីទាំងអស់ត្រូវរកគ្រឿងតុបតែងអោយភរិយាតាមលទ្ធភាពដែលខ្លួនមាន»។
លោក ជា ពិសី ជាជាងទងម្នាក់ក្នុងរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា ចំពោះលោកជាស្វាមីដើម្បីថែ រក្សា នូវចំណងប្រាំប្រការរបស់ខ្លួនជាមួយប្រពន្ធ គឺលោកមិនប្រើអំពើហឹង្សាទៅលើភរិយានិង បង្កើននូវភាពផ្អែមល្ហែម ដើម្បីអោយចំណងអាពាហ៍ពិពាហ៍របស់ខ្លួន បន្តទៅ មុខជានិច្ច។
លោក ជា ពិសី បានបន្តថា «ប្តីត្រូវស្រឡាញ់ប្រពន្ធដូចដើម មិនមែនស្រឡាញ់តែដំបូងនោះទេ ត្រូវផ្អែមល្ហែមដូចជាពេលនៅជាសង្សានឹងគ្នាផងដែរ»។ ជាងមាស រូបនេះ បានបន្ថែមថា បុរសជាស្វាមីគ្រប់រូប មិនត្រូវលោបលន់នឹងទ្រព្យសម្បត្តិនោះទេ ពេលកសាងគ្រួសារ ត្រូវគិតថាប្ដីប្រពន្ធមានសិទ្ធិដូចគ្នាចាត់ទុកគ្នាដូចជាមិត្ដដ៏ ស្មោះត្រង់ មិនត្រូវគិតថាប្ដីជាអ្វីៗទាំងអស់ទេ ហើយមើលស្រាលប្រពន្ធខ្លួនឯង ចាត់ទុកជាអ្នកបំរើ ឬអ្នកនៅក្រោមបញ្ជារបស់ខ្លួន នោះគឺជាប្រការខុសឆ្គងដ៏មានគ្រោះថ្នាក់បំផុត។ វាជាការពិតដែលបុរសជាអ្នកធ្វើការរកលុយជួយគ្រួសារ។
ចំណែក អ្នកនាង ស៊ិន កញ្ចនា ជាបុគ្គលិកផ្នែកលក់នៅបុរីភ្នំពេញ បានប្រាប់ថា ដើម្បីថែរក្សានូវចំណងប្រាំប្រការរបស់ខ្លួន បុរសជាប្ដីកុំធ្ងន់ស្រាលមនោសញ្ចេតនាម្ខាងៗ មានន័យថាកុំធ្ងន់មកលើគ្រួសារខ្លួនឯងពេក ហើយមើលស្រាលខាងប្រពន្ធ។ ស្វាមីមាននាទីឈរនៅកណ្ដាលរវាងក្រុមគ្រួសារទាំងសងខាង។ ឪពុកម្ដាយបងប្អូនរបស់លោកអ្នកក៏ ដូចជាឪពុកម្ដាយបងប្អូនខាងប្រពន្ធដែរ។ បើចង់ទិញអ្វីជូន ត្រូវទិញជូនទាំងសងខាង បើជូនតែខាងខ្លួនឯងប្រពន្ធលោកអ្នកនឹងពិបាកចិត្ដ គិតថាលោកមិនស្មោះត្រង់ ហើយមើលស្រាលខាងប្រពន្ធ។
ពាក្យថាគ្រួសារបើតាមវេចនានុក្រម របស់សម្តេចសង្ឃជួន ណាត បានអោយដឹងថា ត្រកូល ប្រជុំត្រកូល មនុស្ស មានមាតា បិតា និងបុត្រធីតា។ ជីវិតគ្រួសារនេះហើយជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ពោលគឺគេចង់បានគ្រួសារមួយប្រកបដោយភាពកក់ក្តៅ និងមានសុភមង្គល។ ជាទូទៅក្នុងគ្រួសារនីមួយៗតែងតែមានច្បាប់ទម្លាប់ផ្សេងៗគ្នា ដើម្បីរៀបចំនូវសុភមង្គលក្នុងគ្រួសារ ហើយខ្លះទៀតបានចែកផ្លូវគ្នាដោយសារតែខ្វះនូវវិធីសាស្ត្រគ្រប់គ្រង៕

Add new comment