ស្រ្តី​មេផ្ទះ​មួយ​ចំនួន​ត្អូញ​ថា​សម័យ​Facebook ញ៉ាំ​បាយ​លែង​មើល​មុខ​គ្នា

ពាក្យ​អរគុណ​របស់​អ្នកប្រើ​ប្រាស់​​បណ្តាញ​ហ្វេសបុក​ ក្នុង​ពិធី​ភ្ជាប់​ពាក្យ​របស់​ខ្លួន​ជូន​ដល់​គូ​ដណ្តឹង​​។

ការ​រស់នៅ​ក្នង​គ្រួសារ​ត្រូវ​ការ​ពេល​វេលា​នៅ​ជាមួយ​គ្នា ជជែក​ពិភាក្សា ចែក​រំលែក​អំណរ​សប្បាយ និង​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា។ ចាប់​តាំង​ពី​ប្រព័ន្ធ​អ៊ីធឺណេត​បាន​ចាប់​ផ្តើម​រីក​សុះ​សាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ស្រ្តី​មួយ​ចំនួន​ដែល​ជា​មេ​ផ្ទះ​លើក​ឡើង​ថា​ក្នុង​ផ្ទះ​មាន​សភាព​ស្ងប់​ស្ងាត់ ព្រោះ​ដៃ​កាន់​តែ​ទូរសព្ទ​ស្មាតហ្វូន សូម្បី​ពេល​ញ៉ាំ​បាយ​ក៏​មិន​ខ្វល់​ថា​មាន​ម្ហូប​អ្វី​លើ​តុ​ដែរ។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​មេ​ចុង​ភៅ​ក្នុង​ផ្ទះ​​​ស្រងាក​ចិត្ត​​នូវ​អ្វី​ដែល​ខ្លួន​ខិត​ខំ​ធ្វើ​សម្រាប់​អ្នក​បរិភោគ។

 

អ្នកស្រី ជិន តុងហ៊ី វ័យ ៤៥ ឆ្នាំ​ជា​ស្រ្តី​មេ​ផ្ទះ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ជីវិត​គ្រួសារ​អ្នកស្រី​បាន​ខុស​ប្លែក​ពី​ពេល​មុន​ គឺ​ចាប់​តាំង​ពី​មាន​ទូរសព្ទ​គ្រប់​ដៃ​មក អ្វីៗ​បាន​ផ្លាស់​ប្តូរ​​ពី​អ៊ូរអរ​មក​ជា​ស្ងប់​ស្ងាត់ និង​ដាក់​ឡែក​ពី​គ្នា។ អ្នក​ស្រី​បាន​ពោ​លថា «បើ​ពេល​វេលា​ត្រឡប់​បាន​ចង់​ឱ្យ​វិល​ទៅ​កាល​ពី​កូន​នៅ​ក្មេងៗ​ដែរ​តែង​តែ​ហៅ​ម៉ែ​ពុក​គ្រប់​ពេល​ សួរ​ម៉ែ​ថា​មាន​អី​ញ៉ាំ? ទៅ​ណា? មក​ណា? សុំ​លុយ​ញ៉ាំ​នំ? ហើយ​មាន​សំលេង សើច​សប្បាយ​ពេញ​ផ្ទះ​តែ​ពេល​នេះ​គឺ​មិន​ដូច​មុន​ទេ»។

 

ក្នុង​មួយ​ថ្ងៃៗ​សមាជិក​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី តុង​ហ៊ី គឺ​គ្មាន​ពេល​ជួប​មុខ​គ្នា​ច្រើន​ទេ ដោយ​សារ​អ្នក​ខ្លះ​ត្រូវ​ក្រោក​ពី​ព្រឹក​ព្រលឹម​ទៅ​ធ្វើការ ហើយ​ខ្លះ​ទៀត​ទៅ​រៀន លុះ​ដល់​ល្ងាច ឬ​ថ្ងៃអាទិត្យ​ទើប​បាន​ជុំ​គ្នា។ ក្នុង​ផ្ទះ​មាន​សមាជិក​៥​នាក់ ប៉ុន្តែ​ហាក់ដូច​ជា​គ្មាន​មនុស្ស​រស់នៅ ស្រ្តីរូប​នេះ​បន្ថែម​ថា «គេ​មាន​ការងារ​ធ្វើ​ មាន​ទូរសព្ទ​គ្រប់​ដៃ។ ម្ហូប​ខំ​ធ្វើ​ទុក​ទាំង​ព្រឹក​ទាំង​ល្ងាច​គេ​មិន​ចាប់​អារម្មរណ៍ គឺ​គិត​តែ​ពី​ថតរូប និង​ចុច​ទូរសព្ទ​រហូត។ ខ្ញុំ​ជា​ម្តាយ​អន់​ចិត្ត​ហើយ​គិត​ថា​ខ្ញុំ​លែង​សំខាន់​សម្រាប់​ពួក​គេ​ទៀត​ហើយ»។

 

មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ពី​ស្រ្តី​ខាង​លើ អ្នក​ស្រី កៅ នួន វ័យ ៣៣ ឆ្នាំ ជា​អ្នក​ស្រុក​ព្រៃឈរ ខេត្តកំពង់​ចាម​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នកស្រី​មិន​ហាម​ឃាត់ ឬ​បិទ​សិទ្ធ​កូន​ៗ​និង​ប្តី​មិន​ឱ្យ​ប្រើ​ទូរសព្ទ​ទេ សូម្បី​តែ​ខ្លួន​អ្នកស្រី​ផ្ទាល់​ក៏​ប្រើ​ដែរ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​សូម​តែ​កុំ​ភ្ជាប់​ខ្លួន​ជាមួយ​របស់​នោះ​រហូត​ភ្លេច​អ្វីៗ​នៅ​ជុំវិញ​ខ្លួន។

 

អ្នក​ស្រី​នួន​ថា «កូន​ញ៉ាំ​បាយ​ផង​លេង​ហ្គេម​ផង ប្តី​ញ៉ាំ​ផង​លេង​ហ្វេសប៊ុក​ផង លែង​សួរ​នាំ​ប្រពន្ធ​ដូច​មុន។ តើ​សម្រាប់​បាយ​មួយ​ពេល​សមាជិក​ក្នុង​ផ្ទះ​មិន​អាច​ញ៉ាំ​ដោយ​សប្បាយ​ចិត្ត​​បាន​ទេ​មែន​ទេ? ក្នុង​នាម​ជា​ស្រ្តី​មេ​ផ្ទះ​ម្នាក់​ពេល​ខ្លះ​ធុញ​ថប់​ក្នុង​ចិត្ត​ សឹង​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​គេ​លែង​ខ្វល់​ពី​អ្នក​ដែល​ខិត​ខំ​រៀប​ចំ​សម្រាប់​គេ​បែប​នេះ»។

 

សកម្មភាព​នេះ មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយទៀត។ នេះ​បើ​តាម​អ្នកស្រី សុខ ឈឿន វ័យ ៥៤ ឆ្នាំ​ជា​អ្នក​ភ្នំពេញ​និង​អតីត​គ្រូ​បង្រៀន​កម្រិត​វិទ្យាល័យ​ម្នាក់។ អ្នកស្រី​បានឱ្យ​ដឹង​ដែរ​ថា «ប្រហែល​អ្នក​ម្តាយ​មួយ​ចំនួន​ធំ​មិន​ចេះ​ប្រើ​ទូរសព្ទ​ទំនើប ឬ​លេង​ហ្វេសប៊ុក​ដូច​កូនៗ គឺ​មាន​តែ​ខិតខំ​យក​ពេល​វេលា​ទៅ​ធ្វើការ​រក​លុយ​មក​ផ្គត់​ផ្គង់​អ្វីៗ​គ្រប់​យ៉ាង​ឱ្យ​កូនៗ។ ហេតុ​នេះ​កូនៗ​ខ្ញុំ ពេលណា​ប្រដៅ​ស្តី​ថា គេ​បោះ​សម្តី​ថា​សម័យ​នេះ​ចឹង​ហើយ​ ម៉ាក់មិន​យល់​ទេ ឬ​ម៉ាក់​ដើរ​មិន​ទាន់​គេ​សោះ!»។

 

អ្នកស្រី ឈឿន​បន្ថែម​ថា៖ «ក្នុង​ជីវិត​ចុង​ក្រោយ​នេះ​អ្នក​ម្តាយ​ទាំង​អស់​ចង់​ឱ្យ​កូនៗ​យក​ពេល​វេលា​មើល​ថែ និង​មាន​ទំនាក់​ទំនង​គ្នា​ដូច​ជា​ការ​និយាយ ​សសើរ​ ឬ​ប្រាប់​អំពី​អ្វី​ក្នុង​ចិត្ត​ច្រើន​ជាង​ការ​ដែល​កូន​មក​ថត​រូប ឬ​សរសេរ​អ្វី​អរគុណ​និង​សូមទោស​នៅ​ក្នុង​ហ្វេសប៊ុក។សូម​ទុក​ទូរសព្ទ​ខ្លះ​មក​ញ៉ាំ​អាហារ​និយាយ​ពី​នេះ​ពី​នោះ​ជាមួយគ្នា​ដោយ​ស្នាម​ញញឹម​ច្រើន​ជាង​ការ​ផុស​ម្ហូប​ដែល​មាន​លើ​តុ»។

 

ចំណែក​កញ្ញា កែវ​នេត្រា វ័យ ១៨ឆ្នាំ រស់​នៅ​ភ្នំពេញ​បា​នឱ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​នាង​ប្រើ​ទូរសព្ទ​យ៉ាង​ហោច​ណាស់​៥​ម៉ោង​ឡើង​ទៅ។  ការ​ប្រើ​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​លេង​ហ្វេសប៊ុក ស្តាប់​ចម្រៀង លេង​ហ្គេម និង​ហៅ​ទូរសព្ទ​ចេញ​ខ្លះៗ​ឡើយ។ នេត្រា​និយាយ​ថា «បើ​នៅ​ផ្ទះ​វិញ គឺ​អត់​សូវ​បាន​និយាយ​ជាមួយ​ម៉ាក់ ឬ​ជួយ​ធ្វើ​អី​គាត់​ផង ព្រោះ​បើ​អត់​ទៅ​ណា​ទេ គឺ​នៅ​ក្នុង​បន្ទប់​លេង​ទូរសព្ទ​មើល​សៀវ​ភៅតិ​ចតួច ហើយ​ពេល​ខ្លះ​ម៉ាក់​ប៉ា​រអ៊ូ​ដាក់​ដែរ តែ​មិន​សូវ​ចាប់​អារម្មរណ៍​នឹង​សម្តី​គាត់»។

 

នេត្រា​បន្ត​ថា «ដឹង​ថា​ម៉ាក់​ប៉ា​ខឹង អន់​ចិត្ត​តែ​គិត​ថា​គាត់​ស្រលាញ់​ខ្ញុំ​ ចឹង​ខ្ញុំ​មិន​ខ្វល់​ទេ ​ពេល​ចង់​ធ្វើ​អី​គឺ​ធ្វើ ហើយ​បើ​ទោះ​បី​ជា​អត់​មាន​អ្នកណា​នៅ​ក្បែ​គឺ​មាន​តែ​ទូរសព្ទ​ទៅ​គឺ​បាន​ហើយ»។

 

នេត្រា​បាន​ឱ្យ​ដឹង​ថា អ្វីៗ​ដែល​ធ្លាប់​គិត​កន្លង​មក គឺ​ខុស​ទាំង​ស្រុង។ នាង​បាន​ភ្ញាក់​ខ្លួន​និង​មាន​វិប្បដិសារី​ ក្រោយ​ពេល​ម្តាយ​មាន​ជំងឺ​ហើយ​ទទួល​មរណភាព។ យុវតី​រូប​នេះ​បន្ត​ថា «ខ្ញុំ​ស្តាយ​ពេល​វេលា​កន្លង​មក​ដែល​មាន​ម៉ាក់​ ​គឺ​អត់​បាន​បំពេញ​នាទី​ជា​កូន​ល្អ​យក​ពេល​ចំណាយ​ទៅ​លើ​ស្មាតហ្វូន​ច្រើន​ជាង។ តែ​ពេល​នេះ​អ្វីៗ​ហូស​ពេល​អស់​ហើយ​ ខ្ញុំ​សន្យា​នឹង​ខ្លួន​ឯង​ថា​នឹង​កែ​ខ្លួន​ជា​ថ្មី ហើយ​សូម​យុវវ័យ​ទាំង​អស់​កុំ​ធ្វើ​ដូច​ខ្ញុំ។ ទូរសព្ទ​ចង់​បាន​បែប​ណា​ក៏​បាន​តែ​ពេល​វេលា​និង​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​សមាជិក​ក្នុង​ផ្ទះ ​មិន​អាច​យក​លុយ​ទៅ​ទិញ​បាន​ទេ»។

 

នៅ​ក្នុង​ប្រទេស​កម្ពុជា អត្រា​នៃ​ប្រជាជន​ដែល​ប្រើប្រាស់​ទូរសព្ទ​ចល័តស្មាតហ្វូន គឺមាន​ចំនួន​ប្រមាណ​ជាង១៩​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​អត្រា​ខ្ពស់ជាង​ចំនួន​ប្រជាជន​សរុប​ ១៦​លាន​នាក់ទៅទៀត។ អត្រា​នៃ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ជាពិសេស​ហ្វេសប៊ុក​មាន​ចំនួន​៧លាន​គណនី នៅ​ក្នុងឆ្នាំ​២០១៨៕

Add new comment

6 + 8 =

Please wait while the page is loading