ស្រ្តីជាម្តាយគួរកុំទម្លាប់តាមចិត្តកូនតូច

សព្វថ្ងៃនេះដោយសារតែក្តីស្រលាញ់របស់ឪពុកម្តាយមួយចំនួនខ្លាំងចំពោះកូនតូចៗធ្វើឱ្យមាន​ការទម្លាប់តាមចិត្តកូន ឬការតាមយកចិត្តកូនស្ទើរគ្រប់កាលៈទេសៈ ចំណុចនេះធ្វើធ្វើឱ្យ​ក្មេង​ជា​ទំពាំង​មួយ​ដើម​នៅពេល​ធំ​ឡើង​នឹង​ដុះ​ជាដើម​ឫស្សី​វៀច ឬកោង ហើយ​ទីបំផុត​ផល​លំបាក​ត្រូវ​ពិបាក​ដល់​ខ្លួនឯង និង សង្គម​ថែមទៀត។

 

អ្នកស្រី តែង សុគន្ធ វ័យ ៣១​ឆ្នាំ ជាបុគ្គលិកបម្រើក្នុងក្រុមហ៊ុនមួយកន្លែងក្នុងទីក្រុងភ្នំពេញបានឱ្យ​ដឹងថា «រហូតដល់ពេលនេះនៅស្តាយក្រោយមិនទាន់បាត់ចំពោះទង្វើខុសឆ្គងទៅលើកូនដោយក្តី​ស្រលាញ់គឺទាំងពីរនាក់ប្តីប្រពន្ធតែងតែតាមចិត្តកូនគ្រប់ពេលវេលា ព្រោះមិនចង់ឱ្យគេមិនសប្បាយ​ចិត្តឬយំនៅពេលដែលទារចង់ទិញអ្វីមួយជាដើម ហើយរហូតដល់ពេលនេះកូនអាយុ៤ឆ្នាំហើយនៅតែ​មានទម្លាប់រឹងរូសចង់បានអ្វីគឺត្រូវតែបានតាមចិត្តរហូត»

 

ស្រ្តីរូបនេះបន្ថែមថា ជួនកាលគាត់​បានចំណាយលុយទៅលើរបស់ក្មេងលេងច្រើន ទោះបីជាកូនមិនបាន​សុំក៏ដោយ ព្រោះគិតថាវាគ្មាន​តម្លៃថ្លៃ ហើយចង់ឱ្យកូនសប្បាយចិត្តពេលឃើញរបស់ទាំងនោះ ដោយមិនបានគិតថាទង្វើបែបនេះធ្វើឱ្យកូនបានចិត្ត ឬដឹងចិត្តមិនរអារក្នុងការស្តីប្រដៅនៅថ្ងៃក្រោយ​ព្រោះគេដឹងថាឪពុកម្តាយស្រលាញ់គេខ្លាំង។

 

តាមរយៈបទសោធន៍៤ឆ្នាំ​ចាប់ពីពេលកូនកើតរហូតដល់ថ្ងៃនេះ ការចិញ្ចឹមកូនអ្នកស្រី សុគុន្ធ ឲ្យ​ដឹង​ថា ការ​ស្រលាញ់​និង​អប់រំ​កូន​គឺ​មិន​ត្រូវ​តាម​ចិត្ត​របស់​គេ​ពេក​ទេ ព្រោះ​នឹង​ធ្វើ​​ឱ្យ​ពួកគេ​ក្លាយ​ជាមនុស្ស​មិន​ល្អនៅ​ពេល​អនាគត។ អ្នកស្រី​បញ្ជាក់​ថា «បើស្រលាញ់កូនគួរកុំបណ្តោយតាម​ចិត្តកូន ឬទុកគេដូចស្តេចក្នុងផ្ទះទង្វើនេះធ្វើឱ្យមានភាពស្តាយក្រោយដូចខ្ញុំ»

 

កំពុងអង្គុយបញ្ចុកអាហារកូនក្នុងហាងអាហារបទេសមួយកន្លែងម្តុំមុខវាំង អ្នកស្រី ជិន ដារតនា វ័យ៤២ឆ្នាំជាស្រ្តីមេផ្ទះ ឲ្យ​ដឹងថា កម្រិត​ជីវភាព​របស់​គ្រួសារ​អ្នកស្រី គឺធូរធារ​មិន​សូវ​​ខ្វល់​ខ្វាយ​ពី​ការ​ចំណាយ​ប៉ុន្មានទេ។ អ្នកស្រី​បន្ថែម​ថា «ប្តីនិងអ្នកជិតខាងតែងតែប្រាប់ថាកុំបណ្តោយតាមចិត្តកូនធ្វើឱ្យគេមិនស្តាប់បង្គាប់នៅថ្ងៃក្រោយតែមិនដែលស្តាប់គេព្រោះគិតថាគេក្មេងមិនដឹងអីទេ។ តែរហូតពេលនេះកូនខ្ញុំមានអារយុ៣ឆ្នាំនិង៥ឆ្នាំហើយគឺនិយាយមិនបាន គេចង់បានអីត្រូវតែបាន ហើយមិនចូលចិត្តញ៉ាំ​អាហារ​នៅផ្ទះទេទាល់តែនាំទៅហាងបានគេញ៉ាំ។​ នេះគឺខុសមកពីខ្ញុំដែលទម្រើសតាមចិត្តកូនតាំងពីដើមរហូតមក​ ចំណុចនេះនាំឱ្យខ្ញុំព្រួយបារម្ភនៅថ្ងៃខាងមុខកូននៅតែបន្តបែបនេះទៀតឬយ៉ាងណា?»

 

រីឯ​អ្នកស្រី ញឹម ចាន់ថន វ័យ ២៨ឆ្នាំមានរបរជាអ្នកធ្វើក្រចកចល័តនៅផ្សារសុវណ្ណាបានឱ្យដឹងថា «ដោយសារតែខ្ញុំមានជីវភាពក្រីក្រចឹង ការអប់រំកូនរបស់ខ្ញុំ បង្រៀនឱ្យកូនចេះអត់ធុន ស៊ូទ្រាំ ដោយ​ការនិយាយពន្យល់សម្តីល្អៗទៅកាន់កូនតូចដែលមានអាយុទើបតែ២ឆ្នាំ ព្រោះគេចេះស្តាប់ចេះនិយាយ​ អីចឹងកូនយល់ថាម៉ាកនិយាយអំពីអ្វី»

 

អ្នកស្រីចាន់ថនបន្ត​ថា កូនរបស់​គាត់មានទម្លាប់ដូចមនុស្សធំដឹងក្តី ដោយ​ចេះ​ស្តាប់​ពាក្យ​ទូន្មាន ការ​ហាម​ប្រាម​នានា​ មាន​របៀប​​និង​ទម្លាប់​ល្អ និង​មាន​សុជីវធម៌ជាដើម។

 

អ្នកស្រីបន្ថែមថា«ខ្ញុំមិនបានរៀនច្រើននៅសាលា តែខ្ញុំមើលឃើញពីសង្គមខាងក្រៅច្រើន ជាពិសេសការតាមចិត្តកូនច្រើន ដោយមិនបង្រៀនគេឱ្យមានរបៀបឬវិន័យត្រឹមត្រូវទេ នឹង​ណែនាំឱ្យកូនទៅជាក្មេងខូចបាន។ ហេតុនេះបើទោះបីជារវល់និងការងាររកប្រាក់យ៉ាងណាក្តី ខ្ញុំតែងតែចំណាយពេល​និយាយ បង្រៀន និងលេងជាមួយកូន ពេលគេធ្វើខុសឱ្យគេចេះទទួលកំហុស ពេលគេធ្វើត្រូវគឺ​សសើរ គឺធ្វើយ៉ាងណាកុំឱ្យកូនដឹងចិត្ត»

 

​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ចិត្ត​វិទ្យា​របស់​សកល​វិទ្យាល័យ​អាមេរិក​ជាច្រើន​ ដែល​គេហទំព័រកោះថ្មីចុះ​ផ្សាយ​បាន​ឲ្យ​ដឹងថា ការ​ធ្វើ​តាម​ចិត្ត​កូន​ពេល​គេ​នៅ​ក្មេង​រហូត​ដល់​ធំ​​ពេញ​វ័យ កុមារ​ទាំង​នោះ​មាន​អត្តចរិត​ មិន​សូវ​មាន​ការ​អត់ធ្មត់ និង​ចង់​បាន​អ្វី​គឺ​ចង់​បាន​ភ្លាមៗ។

 

លោក​បណ្ឌិត ឌែ​ន ខាយ​ឡ​ន អ្នក​ចិត្ត​វិទ្យា​ប្រចាំ​សាកលវិទ្យាល័យ ហា​វ៉ាត បានឱ្យដឹងថា ទង្វើ​នេះ គឺ​កើត​ឡើង​ដោយសារ​​​ឪពុកម្តាយ​តែង​ធ្វើតាម​កូន​ជានិច្ច។​ ការធ្វើ​បែបនេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​កូន​ខូច​ទេ ប៉ុន្តែ​វា​បង្ក​ការ​ខ្ជះខ្ជាយ​ថវិកា​ដែល​ចំណាយ​ខុស​ខ្ទង់។ លោក​បាន​និយាយ​ពី​រឿងនេះ​ថា មិនមាន​អ្វី​ប្លែក​ទេ​ដែល​ក្មេង​អាយុ ៤ ឆ្នាំ ស្រែក​យំទារ​ទិញ​ស្បែកជើង​ថ្មី និង ទារ​ធ្វើ​ខួបកំណើតជាដើម។​

 

ចំណែកលោកសាស្ត្រាចារ្យ ភី​ធើ ក្រេ អ្នកស្រាវជ្រាវ​ផ្នែក​ចិត្ត​វិទ្យា នៅ​រដ្ឋ​ប៉ុ​ស្តុ​ន ខ​ល​ជេន និង ជា​អ្នកនិពន្ធ​សៀវភៅ Free To Learn បាន​ពន្យល់ថា ក្មេង​សម័យនេះ​ថយចុះ​ភាព​អត់ធ្មត់ និង ទន់ភ្លន់ ប៉ុន្តែ​បែរជា​មាន​ក្តីកង្វល់ ទុក្ខសោក និង ភ្លើតភ្លើន។ ទាំងនេះ​កើតឡើង​ដោយសារ​ពួកគេ​កើតមក ស្រប​ជាមួយនឹង​សម័យ​ទំនើប៕

Add new comment

11 + 7 =

Please wait while the page is loading