ស្រ្តីខ្មែរនៅតែមិនចោលហូល ផាមួង

ប្រជាជន​ខ្មែរ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​បែប​ប្រពៃណី​ខ្មេរ​ ជាហូល​ ផាមួង ក្នុងពិធី​អាពាហ៍ពិពាហ៍។

សម័យ​បច្ចុប្បន្ន បើ​ទោះ​បី​ជា​មាន​សម្លៀក​បំពាក់​ទំនើបៗ​ច្រើន​ក្តី តែ​ស្រ្តី​ខ្មែរ​នៅ​តែ​និយម​ប្រើប្រាស់​សម្លៀក​បំពាក់​ប្រពៃណី​ដែល​ធ្វើ​ពី​សូត្រ ហូល ផាមួង​ដែល​ជា​ក្រណាត់ ប្រពៃណី​តាំង​ពី​បុរាណ​ដែល​ផលិត​ចេញ​ពី​ហត្ថ​កម្ម​ខ្មែរ។ របស់​របប​ទាំង​ឡាយ​ដែល​ផលិត​ពី​ក្រណាត់​សូត្រខ្មែរ​នៅ​តែ​មាន​ប្រជាប្រិយ​ភាព​ពិសេស​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ បុណ្យ​ជាតិ  និង​កម្មវិធី​ផេ្សងៗ ជាដើម។

 

កំពុង​ដើរ​រើស​សាច់​ក្រណាត់​ហូល​ដើម្បី​ឱ្យ​ជាង​កាត់​សម្រាប់​ចូល​រួម​ពិធី​មង្គលការ​ក្មួយ​ អ្នកស្រី សុខ សុផារី វ័យ​ ៣៨ឆ្នាំ រស់​នៅ​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា៖ការ​ចូល​រួម​ពិធី​ផ្សេងៗ​គឺ​អ្នកស្រី​តែង​តែ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ប្រពៃណី​ព្រោះ​វា​មើល​ទៅ​សមរម្យ ថ្លៃ​ថ្នូរ និង​សុភាព​រាបសារ។ ចំណែក​ម៉ូត​ម៉ាក​ផ្សេងៗ​គឺអាស្រ័យ​ទៅ​លើ​ការស្រលាញ់​ចូល​ចិត្ត​របស់​បុគ្គល។

 

អ្នកស្រី សុផារី​បន្ថែម​ថា៖«តាំង​ពី​ដើម​មក​ខ្មែរ​យើង​មិន​ដែល​ចោល​ទេ​ខោ​អាវ​ប្រពៃ​ណី​ព្រោះ​វា​ជា​មរតក​របស់​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក ថ្វី​ត្បិត​តែ​វា​មាន​តម្លៃ​ថ្លៃ​បន្តិច​តែ​សម្រាប់​ខ្ញុំ​គឺ​ស្រលាញ់​ខ្លាំង​នៅ​ពេល​យក​វា​មក​គ្រង​លើ​ខ្លួន​ម្តងៗ គឺ​មាន​អារម្មរណ៍​ថា​ពេញ​ចិត្ត​និង​មោទនភាព​ចំពោះ​ខ្លួន​ឯង​ជា​ស្រ្តី​ខ្មែរ»

 

ចំណែក​កញ្ញា តុង លីកា វ័យ ២៥ ឆ្នាំ មកពី​ខេត្ត​តាកែវ កំពុង​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា៖នាង​តែង​តែ​ជ្រើស​រើស​សំពត់​អាវ​ប៉ាក់​សម្រាប់​ទៅ​ចូល​រួម​ក្នុង​ពិធី​ហែ​ជំនូន ពិធី​មង្គល​ការ ឬ​ ពេលចូល​រួម​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​ព្រោះ​សមរម្យ​ក្នុង​ការ​ចូល​រួម​ក្នុង​ពិធី​ទាំង​នោះ។

 

លីកា​បន្ថែម​ថា​ សព្វ​ថ្ងៃ​នេះ​មាន​ការច្នៃ​ម៉ូត​ស្អាតៗ​ជាច្រើន ហើយ​ពណ៌​វិញ​ក៏​ស្អាតៗ​ដែរ ចឹង​ហើយ​មើល​ទៅ​គឺ​ស្រលាញ់​តែ​ម្តង។ លីការ៖ «ម៉ាក់​ប៉ា​និង​អ្នក​ផង​តែង​តែ​សសើរ​ថា​ស្អាត​ នៅ​ពេល​ស្លៀក​ពាក់​បែប​ប្រពៃណី ជាពិសេស​ជា​ស្រី្ត​ខ្មែរ ពុំ​គួរ​មើល​រំលង​ហូល​ផាមួង សូត្រ អាវ​ប៉ាក់​ឌិន​របស់​ខ្មែរ​ព្រោះ​វា​ជា​មរក​របស់​ខ្មែរ​តាំង​ពី​ដើម​មក»

កញ្ញា លីកា​បន្ថែម​ទៀត​ថា នាង​ទទួល​ស្គាល់​ថា​តម្លៃ​វា​ថ្លៃ​មួយ​ក្បិន​អាច​លើស​ពី​១០០ដុ​លា្ល​អាមេរិក  ឬ​ថោក​ជាង​នេះ​ តាម​សាច់​ក្រណាត់។ ចំពោះ​ម៉ូត​ខោអាវ​ អាច​នឹង​ឆាប់​សាំ គឺ​ប្រើ​បាន​តែ​ម្តង​រឺ​ពីរ​ដង​ប៉ុណ្ណោះ។ លីការ៖ «បើ​ចំពោះ​ខ្ញុំ​វិញ គឺ​យើង​អាច​កែ​ច្នៃ​ខ្លះៗ​ដូច​ជា​សំពត់​ហូល​ ផាមួង ពណ៌​អី​ក៏​បាន​គឺ​ប្រើ​ជា​មួយ​អាវ​ប៉ាក់​ពណ៌​ស គឺ​មិន​ចាំ​បាច់​តែ​ពណ៌​ឈុតៗ​ជាមួយ​អាវ​ដែល​កាត់​តម្រូវ​តាម​កម្មវិធី​នោះទេ។ លើស​ពី​នោះ​គឺ​តែង​រក្សា​ទុក​ឱ្យ​ល្អ​ដើម្បី​ប្រើ​នៅ​ពេល​ក្រោយ​ទៀត»

 

ចំណែក អ្នកស្រី កែវ រីដា វ័យ ៣២​ឆ្នាំ​ជា​បុគ្គល​បម្រើ​ការ​នៅ​ក្រុម​ហ៊ុន​មួយ​កន្លែង​នៅ​ភ្នំពេញ​បាន​ឱ្យ​ដឹង​ផងដែរ​ថា ក្រណាត់​ហូល ផាមួង​ សូត្រ​នេះ មិន​មែន​ប្រើ​តែ​ចំពោះ​ស្រី​ៗ​នោះទេ បុរស​ក៏​អាច​ប្រើ​បាន​ដែរ។

 

អ្នកស្រី រីដា​បន្ត​ថា៖« ការ​ប្រើ​ប្រាស់​ហូល ផាមួង រឺ ​ក៏​សូត្រ​នេះ​គឺ​មិន​មែន​តែ​ស្រី​ទេ​ ប្រុសៗ​ក៏​គេ​និយម​ដែរ​គឺ​កាត់​ជា​អាវ​ចឹង​ទៅ គឺ​ទាំង​ស្រី​ទាំង​ប្រុស​ពេល​បាន​ស្លៀក​ពាក់​លើ​ខ្លួន​ហើយ​ គឺ​ស្អាត​ប្លែក​តែ​ម្តង។ ខ្ញុំ​និង​គ្រួសារ​តែង​តែ​កាត់​ជា​គូ ដូចជា​ពណ៌​ដូ​ច​គ្នា​ជា​ដើម​ ព្រោះ​សម័យ​នេះ ​ភាគ​ច្រើន​គេ​និយម​ចឹង ជួន​កាល​ជា​សំពត់​បត់​ជួន​កាល​ឱ្យ​ជាង​ច្នៃ​ម៉ូត​ជា​រ៉ូប​ក៏​មាន»

 

លោក កៃ សុគន្ឋ វ័យ ២៨ឆ្នាំជា​កូន​ជាង​ក្នុង​ហាង​កាត់​សម្លៀក​បំពាក់​បុរាណ​សម័យ​ដែល​មាន​ឈ្មោះ​ថា​ស្នា​ដៃ​ខ្មែរ​នៅ​ម្តុំ​ផ្សារ​ថ្មី​បាន​ឱ្យ​ដឹង​ថា៖«រាល់​ថ្ងៃ​រវល់​ខ្លាំង​ជាមួយ​នឹង​ការ​កុំម្ម៉ង់​​ម៉ូត​របស់​ភ្ញៀវ​ជាពិសេស​ក្នុង​រដូវ​មង្គលការ គឺ​ភាគច្រើន​មក​កាត់​ទាំង​ស្រី​ទាំង​ប្រុស ​គឺ​ជា​បែប​ប្រពៃណី​និង​រ៉ូប​សម័យ»

 

ក្នុង​មួយ​ថ្ងៃ​ក្នុង​ហាង​ដែល​លោក​សុគន្ឋ​ធ្វើការ​ គឺ​ទទួល​ការ​បញ្ជា​កាត់​ពី​ភ្ញៀវ​មិន​ក្រោម​៥កំ​ប្លេរ​នោះទេ​ហើយ​ចំណែក​ការ​រក​ចំណូល​វិញ​គឺ​គួរ​សម​ដែរ​ក្នុង​មួយ​ខែៗ។

 

កៃ សុគុន្ឋ​បន្ថែម​ថា៖«ខ្ញុំ​គិត​ថា​បង​ប្អូន​ខ្មែរ ​គឺ​គាត់​ចាប់​អារម្មរណ៍​និង​សម្លៀក​បំពាក់​ប្រពៃណី​ច្រើន​បើទោះ​បី​ជា​គាត់​កាត់​ម៉ូត​ស៊ិច​ស៊ី​បន្តិច តែ​ក៏​ពួកគាត់​មិន​បោះបង់​ចោល​ក្រណាត់​ហូល​ ផា​មួង​ខ្មែរ​ ជាពិសេស​នៅ​ពេល​មាន​កម្មវិធី​ផ្សេងៗ ស្រីៗ​និយម​​ស្លៀក​តែ​ម្តង។ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ខ្មែរ​ម្នាក់​មាន​អារម្មរណ៍​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ឃើញ​បង​ប្អូន​ខ្មែរ​នៅតែ​រក្សា​បាន​នូវ​កេរ​ដំណែល​របស់​ខ្លួន​ដូចនេះ»

 

ប្រទេស​ខ្មែរ​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ប្រពៃណី ទំនៀម​ទំលាប់​ដ៏​ឧត្ដុង្គ​ឧត្ដម​មួយ​នៅ​អាស៊ី​អាគេ្នយ៍​ជា​យូរ​លុង​ណាស់​មក​ហើយ។ យ៉ាងណាមិញ តម្បាញ​គឺ​ជា​ស្នាដៃ​សិល្បៈ​សិប្បកម្ម​ខ្មែរ​មួយ ដែល​មាន​តាំង​ពី​ក្រោយ​សម័យ​ហ្វូណន​ឬ​នរគ​ភ្នំ សំលៀក​បំពាក់​ប្រពៃណី ដែល​ធ្វើ​អំពី​សូត្រ​ដូចជាហូល​ ផាមួង ចរបាប់ សារុង សូត្រ។ល។ អាច​ប្រើ​ប្រាស់​បាន គ្រប់​ជាន់​ថ្នាក់ ទាំ​ងប្រជារាស្ដ្រ​ទាំង​នាម៉ឺន​មន្ដ្រី​តូច​ធំ​រហូត​ដល់​សែ​រាជវង្ស​និង​ព្រះមហាក្សត្រ៕

Add new comment

11 + 9 =

Please wait while the page is loading