សំបុត្រអាពាហ៍ពិពាហ៍ មានសារៈសំខាន់យ៉ាងណាសម្រាប់គូស្វាមីភរិយា

ការរៀបអាពាហ៍ពិពាហ៍ ពិតជារឿងមួយជៀសមិនផុតសម្រាប់​ ជីវិតមនុស្សម្នាក់ ចំពោះមនុស្សស្ថិតក្នុងវ័យរៀបអាពាហ៍ពិពាហ៍។ ការរៀបអាពាហ៍ពិពាហ៍ ថ្វីត្បិតជារឿងរបស់មនុស្សពីរនាក់ តែន័យទូលំទូលាយទៅ អាពាហ៍ពិពាហ៍ ជារឿងរបស់គ្រួសារ សង្គម ជាពិសេសផ្លូវច្បាប់។

ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ទោះបីជារឿងគោរពប្រពៃណី តែវាមិនទាន់គ្រប់លក្ខណៈសម្បត្តិផ្លូវច្បាប់សម្រាប់ បុរស និងស្ត្រីនោះទេ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានតែសំបុត្រអាពាហ៍ពិពាហ៍ ឬហៅជាភាសាបរទេសថា អេតាស៊ីវិល មួយមុខប៉ុណ្ណោះទើបច្បាប់ ទទួលស្គាល់ជាស្វាមីភរិយាស្របច្បាប់។

សំបុត្រ​អាពាហ៍​ពិពាហ៍ ជា​ការ​បញ្ជាក់ថា សហព័ន្ធន៍​ទាំងពីរ បាន​សុខចិត្ត​ព្រមព្រៀង​គ្នា​ជា​ឱឡារិក​ទទួល​យក​គ្នា​ធ្វើ​ជា​គូស្វាមី​ភរិយា ទៅតាម​ផ្លូវ​ច្បាប់។

គ្រប់​គូស្វាមី​ភរិយា​ទាំងអស់ ក្រោយពី​ពួកគេ​រៀប​អាពាហ៍​ពិពាហ៍​រួចហើយ ត្រូវ​បំពេញ កាតព្វកិច្ច​មួយ​សំខាន់​ទៀតគឺ ការ​ធ្វើ​សំបុត្រ​អាពាហ៍​ពិពាហ៍​ពីព្រោះ​សំបុត្រ​នេះមាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់ សម្រាប់​គូ ស្វាមី​ភរិយា​និង​ក្រុម​គ្រួសារ​របស់​គេផងដែរ។

មេធាវី លោក គង់ រ៉ាឌី បានពន្យល់ថា នៅ​ក្នុង​អត្រានុកូលដ្ឋាន​មាន​លិខិត​សំខាន់​ចំនួនបី គឺ លិខិត​កំណើត លិខិត​អាពាហ៍ពិពាហ៍ និង​លិខិត​មរណៈ។សំបុត្រ​អាពាហ៍ពិពាហ៍ ឬ​បញ្ជី​អាពាហ៍​ពិពាហ៍ វា​គឺជា​លិខិត​មួយ​ដែល​សហព័ទ្ធន៍​ទាំងពីរ (ប្តីប្រពន្ធ) បាន​សុខចិត្ត​ព្រមព្រៀង​គ្នា​ជា​ឱឡារិក​ទទួល​យក​គ្នា​ជា​គូ​ស្វាមី​ភរិយា​ទៅតាម​ផ្លូវច្បាប់។

លោកមេធាវី គង់ រ៉ាឌី អោយដឹងថា «បើយើងចង់បានអេតាស៊ីវិល ទាល់តែយើង (ប្តីនិងប្រពន្ធ)​កាន់ដៃគ្នាទៅសាលាឃុំដែលជាសមត្ថកិច្ចក្នុងការចុះអេតាស៊ីវិលបាន»។

លោកមេធាវី ដដែលបានបន្តថា ប្តីប្រពន្ធដែលគ្មានអេតាស៊ីវិល ឬភាសាច្បាប់ហៅថា អនិតិសង្វាស់ អាចលែងលះគ្នាដោយស្មគ្រ័ចិត្តបាន ក៏បានដែលក្នុងសង្គមបច្ចុប្បន្ននេះ។

លោក គង់ រ៉ាឌី​ បានបន្តថា «និយាយរួម ប្រសិនបើភាគីណាមួយមិនចុះសម្រុងគ្នា ច្បាប់កម្ពុជាត្រូវទៅតុលាការ តែបើយើងគ្មានអេតាស៊ីវិលទេនោះ បើយើងសុខស្រួលគ្នាថា លែងលូកលាន់គ្នា យើងឈប់នៅជាមួយគ្នា យើងមិនចាំបាច់ទៅតុលាការក៏បានដែរ។ ជាបទពិសោធកន្លងមក គឺពិបាកសម្រាប់ស្ត្រី ខាងប្តីមានប្រពន្ធថ្មី ហើយប្រពន្ធចង់មានប្តីថ្មី ខាងប្រុសចង់មករករឿង ហួងហែងប្តីប្រពន្ធមិនទាន់ដាច់គ្នា នឹកឃើញចង់បានប្រពន្ធច្រើនអីចឹងទៅ»។

តាមភាសាច្បាប់​ ប្តីប្រពន្ធអនិតសង្វាស់ មានការទាក់ទងទៅនឹងការលក់ ការចែកទ្រព្យសម្បត្តិគ្នា។ លោកមេធាវី គង់ រ៉ាឌី បានពន្យល់ថា ប្រសិនបើប្តីប្រពន្ធអនិតិសង្វាស់ មិនបានប្តឹងលែងគ្នាជាផ្លូវការ ដល់កម្រិតតុលាការ ដែលមានការចេញសាលក្រមត្រឹមត្រូវនោះ ការលក់ ការចែកទ្រព្យសម្បតិ្តគ្នា​នឹងមានការលំបាកជាមិនខាន។

លោកមេធាវី បានបន្តថា «ដំណោះស្រាយល្អទៅតុលាការ។ តុលាការទទួលដែលដើម្បីអ្វី​ ដើម្បីកុំអោយមានបញ្ហា ភាគីខ្លះមិនព្រមព្រៀង ភាគច្រើនគឺមិនដាច់ស្រឡះ ជួនការក្នុងការចែកទ្រព្យសម្បត្តិគ្នា»។

ទាក់ទង​ទៅនឹង​វ័យ ឬ​អាយុ​នេះ​ផងដែរ លោក​មេធាវី បាន​បញ្ជាក់​ឲ្យដឹង​ថា ចំពោះ​ស្ត្រី ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ ក៏​អាច​ធ្វើ​សំបុត្រ​អាពាហ៍​ពិពាហ៍នេះ​បានដែរ ក្នុង​ករណី ដែល ស្ត្រីនោះ​បាន​រួមរស់​ជាមួយ​បុរស​ជាដៃគូ​រហូត​មាន​ផ្ទៃពោះ នោះ​ពួកគេ​ក៏​អាច​ទៅ​ធ្វើ​សំបុត្រ​អាពាហ៍​ពិពាហ៍​បានដែរ។

ការ​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​មិនបាន​កំណត់​ថ្ងៃទេថា គូស្វាមី​ដែល​ទើប​តែរៀបការ​រួច​ហើយ ត្រូវតែ​ទៅ​ធ្វើ​បែបបទ​ចុះ​បញ្ជី​អាពាហ៍​ពិពាហ៍​នោះទេ។ ស្វាមី​ភរិយា​អាច​ទៅ​ធ្វើ​សំបុត្រ អាពាហ៍​ពិពាហ៍ ពេលណា​ក៏បាន ឬ​នៅ​ពេល​ដែល​ពួកគេ​មាន​កូនពីរ ឬ​បីនាក់​ហើយ​ក៏ដោយ ក៏​អាច​ទៅ​ធ្វើ​សំបុត្រ​អាពាហ៍​ពិពាហ៍​នេះបាន    ​ដែរ។

លោក​បាន​ធ្វើការ​បញ្ជាក់ថា បើពួកគេ​គ្រាន់តែ​ធ្វើជា​ពិធី​ភ្ជាប់ពាក្យ ជប់លៀង ឬរៀបការ តែ ពួកគេ​មិនបាន​ធ្វើ​សំបុត្រ​អាពាហ៍​ពិពាហ៍​នោះ នៅពេល​ដែល​ពួកគេ​ប្តឹង​សុំ​ធ្វើការ​លែងលះ គឺ តុលាការ​នឹង​មិន​ចេញ​សាលក្រម​ឲ្យ​ពួកគេ​បានទេ ព្រោះ​ពួកគេ​គ្មាន​សំបុត្រ​អាពាហ៍​ពិពាហ៍។ ប៉ុន្តែ​ពួកគេ​អាច​សម្រេច​លែងលះ​គ្នា​ដោយ​ចិត្ត​របស់​គេ បាន​ដោយ​ទៅឃុំសង្កាត់​ដើម្បី ប្រកាស​ឲ្យ​ដឹងថា ពួកគេ​សុំ​ធ្វើការ​លែងលះ​គ្នា​ចំណែក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ គឺ​មិនមាន​ នរណា​អាច​សម្រេច​បែងចែក​ឲ្យ​ពួកគេ​បានទេ៕

Add new comment

2 + 2 =

Please wait while the page is loading