យុវជនគិតអ្វីអំពីប្រពៃណីនិងការរស់នៅជាមួយគ្នាមុនរៀបការ?

ការចាប់ដៃគូរជីវិតពិតជាជៀសមិនផុតនោះទេ សម្រាប់មនុស្សម្នាក់ៗជាពិសេសយុវវ័យ។ ទស្សនៈជាច្រើន សម្រាប់យុវវ័យនៅពេលបច្ចុប្បន្ននេះ ទាំងការរៀបការតាមប្រពៃណី និងការរស់នៅជាមួយគ្នាជាមុន មុននឹងកាន់ដៃគ្នាចូលរោងការ។

ប្រពៃណី និងការរស់ជាមួយគ្នាសិន មុននឹងរៀបការ ពិតជាប្រឆាំងនឹងគ្នា តែយុវជននៅពេលបច្ចុប្បន្ននេះ មានគំនិតនិងការយល់ឃើញខុសៗគ្នា​ ទៅតាមការស្រឡាញ់ ពេញចិត្ត ការអប់រំ និងគំនាបពីអាណាព្យា   បាល។

សង្គម​មាន​ការវិវត្ត​ន៍។ ដូច្នេះ របៀប​រស់នៅ ឬ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី​មួយចំនួន​ក៏មាន​ការផ្លាស់ប្តូ​រដែរ។ទាក់ទង​ទៅនឹង​សំណួរ​សួ​ថា តើ​ជា​យុវជន យុវនារី សម័យ​បច្ចុប្បន្ននេះគិតអ្វីអំពីប្រពៃណីនិងការរស់នៅជាមួយគ្នាមុនរៀបការ? មាន​ហេតុផល​មួយចំនួន​ត្រូវបាន​លើកឡើង​ដោយ​យុវជន​ផ្ទាល់​ខ្លួនឯង និង​ម្យ៉ាងទៀត ដោយសារ​កត្តា​សង្គមផ្សេងៗ។

ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ លោក លឿង ពិសិដ្ឋ បាននិយាយអោយដឹងថា ដោយសារតែ​ថ្លៃ​បណ្ណាការ​មាន​កម្រិត​ខ្ពស់​គួរសម ប្រៀបធៀប​ទៅនឹង​ប្រាក់ខែ​របស់​យុវជន​សម័យ​បច្ចុប្បន្ននេះ (ប្រាក់ខែ​ជា​មធ្យម​របស់​ យុវជន​គឺ៣០០ដុល្លារ​អាមេរិក)។ ដូច្នេះ ការរៀប​ការ​របស់​យុវជន យុវនារី ត្រូវតែ​ពន្យា​ពេល។

លោក លឿង ពិសិដ្ឋ បានបន្ថែមថា បើទោះបីជាការពន្យាពេលរៀបការក៏ពិតមែន ផ្នត់គំនិតនិងទស្សនៈ របស់លោក នៅតែមិនចង់រស់នៅជាមួយគ្នាមុនពេលរៀបការនោះទេ ដោយសារតែកត្តាសង្គម និងការសើចចំអកពីអ្នកដទៃ។

អ្នកសា្រវជ្រាវចិត្តសាស្ត្រលើយុវវ័យ​ និងជាពិធីករដោះស្រាយចម្ងល់យុវវ័យ ម្នាក់ផងនោះ កញ្ញា អាណា បាននិយាយថា ចំពោះការរស់នៅជាមួយគ្នា ទាំងតាមប្រពៃណី និង មុនប្រពៃណីនោះ​ រឿងទាំងនេះ ជារឿងរបស់មនុស្សពីរនាក់ គឺមនុស្សប្រុសនិងស្រី តែប៉ុណ្ណោះ កត្តាសំខាន់បំផុត ការអោយតម្លៃពីសង្គម គ្រួសារ និង ខ្លួនឯងដែរឬទេ?

កញ្ញា អាណា បានបន្តថា «ការរស់នៅជាមួយគ្នា តាមប្រពៃណី (ការរៀបការជាមុន) ដូចជាការចុះកិច្ចសន្យា ក្នុងការខ្ចីប្រាក់ដែរ មានការទទួលខុសត្រូវចំពោះមុខច្បាប់។ ប្តីប្រពន្ធដែរគេគេងជាមួយគ្នា (រួមភេទ)​ ក្នុងថ្ងៃរៀបការ ឬក្រោយថ្ងៃរៀបការនោះ មានចាស់ទុំសងខាងជាអ្នកដឹងលឺ មានភ្ញៀវជាច្រើនដឹងលឺ ដូច្នេះវាមានសាក្សីជាច្រើន ហើយបើគិតតាមបែបនេះ មនុស្សប្រុសមានភាពទទួលខុសត្រូវ»។

អ្នកដោះស្រាយវិបិត្តយុវវ័យ ម្នាក់នេះ បានបន្តថា ការដែលយើងនិយាយថា នៅពេលរៀបការនោះ មនុស្សប្រុសទទួលខុសត្រូវនោះ មិនមែនបានន័យថា ការរស់នៅជាមួយគ្នាមុនពេលរៀបការនោះ​ មនុស្សប្រុសមិនទទួលខុសត្រូវនោះទេ តែគ្រាន់តែបើនិយាយចំពោះមនុស្សស្រី គឺប្រថុយពេក បើគេទទួលខុសត្រូវយើងនិងសប្បាយចិត្ត ហើយបើគេមិនទទួលខុសត្រូវនោះ សំនួរជាច្រើននឹងកើតមាន។

កញ្ញា អាណា បានបន្តថា «ការដែលយើងរស់នៅជាមួយគ្នាមុនពេលរៀបការ វាជាការប្រថុយពេកចំពោះមនុស្សស្រី វាមិនដូចជាសម្លៀកបំពាក់ ដែលទិញបាននៅផ្សារ មិនត្រូវចិត្តយកទៅដូរវិញបាននោះទេ និយាយបែបនេះ វាគ្រាន់តែបំភ័យបន្តិច តែខ្ញុំមិនចង់អោយ យុវវ័យរស់នៅជាមួយគ្នាមុនរៀបការនោះទេ»។

កញ្ញា សំ សុផាវី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បាននិយាយថា «ការរស់នៅជាមួយសង្សា (ការរួមភេទ) ដោយមិនទាន់រៀបការ ជារឿងមិនល្អនោះទេ សម្រាប់យើងជាស្រ្តីខ្មែរ មានប្រពៃណី ទំនៀមទម្លាប់ នឹងម្យ៉ាងអាចធ្វើអោយកិត្តិយសគ្រួសារ អាប់ឱន ប្រសិនបើមានអ្នកណាម្នាក់ដឹង»។

លោក សៀង សីហា មានអាយុ៣០ឆ្នាំ ជាអ្នករកស៊ីមួយកន្លែងក្នុងផ្សារកណ្តាល បាននិយាយថា «ប្រសិនបើយើងច្បាស់លាស់ជាមួយនាងនោះ យើងអាចរស់នៅជាមួយបាន តែប្រសិនបើមិនច្បាស់លាស់ទេនោះគួរកុំអីប្រសើរជាង ដោយសារយើងជាខ្មែរ ប្រពៃណីជាធំផងនោះ»។

ជាសាស្រ្តាចារ្យម្នាក់របស់សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ លោក ជា ច័ន្ទរតនា បានអោយយើងដឹងថា ​ទី១ដោយសារ​យុវជន យុវនារី មួយចំនួន​សម្រេច ចិត្ត​ចង់​បន្ត​ការសិក្សា​ អោយបាន​ខ្ពស់ជាង​មុន។
ទី២ គឺ​ដោយសារ ពួកគេ ចង់​រស់នៅ និង​សាកល្បង​ស្គាល់គ្នា​អោយ​បានយូរ​បន្តិច មុននឹង​រៀបការ។
ទី​៣ គឺ​ដោយសារ យុវជន យុវនារី បច្ចុប្បន្ន ទទួលបាន​សេរីភាព​ពេញលេញ​ក្នុង​ស្នេហា (អាច​ផ្លាស់ប្តូរ​ដៃគូ​ស្នេហ៍​បាន​ច្រើន)។ សេរីភាព​ពេញលេញ​ក្នុង​ស្នេហា​នេះ ជំរុញ​អោយ​ពួកគេ​មិន​ចង់​រៀបការ​នៅ​វ័យក្មេង​ពេក​ទេ។

សាស្ត្រាចារ្យ រូបនេះ បានបន្ថែមថា ឪពុកម្តាយ​ខាង​ស្រី​មិន​ត្រូវ ទាមទារ​ថ្លៃទឹកដោះ​ច្រើន​នោះទេ ដើម្បីការពារមុខមាត់របស់ខ្លួន ។ សរុបសេចក្តី​មកវិញ ទាំង​ទំនិញ ទាំង​សេវាកម្ម ឡើងថ្លៃ​កប់​ពពក។

ម្យ៉ាងទៀត សព្វថ្ងៃនេះ ដោយសារតែ​ប្រាក់ចំណូល​របស់​យុវជន និង​យុវនារី នៅមានកម្រិត ហើយ​ដើម្បី​ចៀសវាង​កុំអោយ​ស្នេហា​របស់​ពួកគេ​ត្រូវបាន​ពន្យា​ពេល​ច្រើន​ឆ្នាំ ឬ​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​នោះ ដំណោះស្រាយ​មួយ​សមរម្យ​ដែល​គួរ​ពិចារណា​គឺថា អាណាព្យាបាល​ខាង​ស្រី និង​ខាង​ប្រុស គួរតែ​ចេញថ្លៃ​បណ្ណាការ​ស្មើគ្នា​ដើម្បី​រៀបការ​ជូន​កូនប្រុស​ស្រី​របស់ខ្លួន៕

Add new comment

3 + 2 =

Please wait while the page is loading