ដើម្បីសមាជិកគ្រួសារមានសុខភាពល្អ ស្រ្តីជាមេផ្ទះគួរបន្ថយបរិមាណអំបិលក្នុងសម្លប្រចាំថ្ងៃ

ផលិតផលអំបិល ត្រូវបានស្រ្តីមេផ្ទះជ្រើសរើស ចំអិនអាហារជារៀងរាល់ថ្ងៃ

ទោះបីជាសមភាពខាងភេទ ឬយេនឌ័រត្រូវបាន ជ្រួលជ្រាបពេញផ្នត់គំនិតមនុស្សសម័យថ្មី។ ការដាំស្លសព្វ ថ្ងៃ ក៏មិនពឹងផ្អែកនៅលើស្រ្តីប៉ុន្មាននោះទេ បុរសក៏អាចជាអ្នកដាំស្លសម្រាប់គ្រួសារបានដូចគ្នា តែភាគច្រើនក្នុងប្រទេសកម្ពុជា មិនថាទីក្រុងឬជនបទស្រុកស្រែចម្ការ ក៏ស្រ្តីនៅតែជាអ្នកធ្វើចំអិនអាហារសម្រាប់ សមាជិកគ្រួសារទទួលទានជាប្រចាំ។

អំបិល គឺជាគ្រឿងទេស មួយប្រភេទដែលអាចជួយបង្កើន រសជាតិអាហារឲ្យកាន់តែឆ្ងាញ់ ប៉ុន្តែការប្រើប្រាស់អំបិល ច្រើនពេកអាចបណ្តោលឲ្យមាន បញ្ហាសុខភាពមួយចំនួន។ ក្រសួងជំនាញផ្នែកសុខភាព ​ និយាយ​ថា ការ​ហាត់​ប្រាណ ការ​ទទួល​ទាន ដំណេក និង​របប​អាហារ គឺ​ជា​កត្តា​សំខាន់​សម្រាប់ ​ធ្វើ​ឲ្យ​យើង​មាន​តុល្យភាព​រវាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

នៅ​ពេល​ណា​បាត់​បង់​តុល្យភាព​របប​អាហារ មិន​ត្រឹម​តែ​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ គឺ​នឹង​ប៉ះពាល់​សុខភាព​ផ្លូវ​ចិត្ត​ដែរ។ ការបាត់បង់តុល្យភាពនៃរបបអាហារ ក៏បណ្តាលមកពីការបរិភោគ អាហារដែលមានជាតិប្រៃ ជាពិសេសការចំអិនអាហារតាមផ្ទះ គ្រួសារនីមួយៗ នៅក្នុងសង្គម ប្រើប្រាស់បរិមាណអំបិលច្រើន លើសពីពិដាននៃសុខភាព។

មាន​ជំងឺ​ខ្លះ​មិន​បណ្ដាល​មក​ពី​មេរោគ​ទេ គឺ​បណ្ដាល​មក​ពី​ការ​ទទួល​ទាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ជំងឺ​ទាំង​នេះ​មាន​ដូចជា ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​មហារីក ជាដើម។

ជាស្រ្តីមេផ្ទះ មួយរូបផង កញ្ញា គន កន្នីការ បាននិយាយថា ការធ្វើម្ហូបអាហារប្រចាំថ្ងៃ ប្រសិនបើយើងប្រើប្រាស់ជាតិប្រៃ សម្រាប់គ្រួសារនាងកញ្ញាផ្ទាល់ចូលចិត្ត តែក៏អាចនឹងប្រឈមជំងឺជាច្រើនជៀសមិនផុតនោះ ទេ ក្នុងរយៈពេលខ្លីឬវែង។

ជានិស្សិតពេទ្យមធ្យម និងជាអ្នកចេះចំអិនម្ហូបអាហារម្នាក់ផងនោះ កញ្ញា គន កន្នីការ បានបន្តថា «ប្រសិនបើប្រើអំបិលខ្លាំង នឹងមានការ​លើស​សម្ពាធ​ឈាម ការ​លើស​សារជាតិ​ខ្លាញ់ ភាព​ធាត់ គឺ​ជា​ជំងឺ​ដែល​យើង​តែង​តែ​ជួប​ប្រទះ​ក្នុង​ជីវភាព​យើង​ប្រចាំ​»។

កញ្ញា គន កន្និការ បានបន្តអោយដឹងថា ជាទូទៅការស្លដាំក្នុងផ្ទះតែងតែប្រើប្រាស់ជាតិប្រៃច្រើនលើសការកំណត់ពិតមែន ដើម្បីតម្រូវចិត្តសមាជិកក្នុងគ្រួសារ​ តែប្រសិនបើយើងបន្ថយបរិមាណអំបិលតាម ក្រសួងប្រាប់ក៏ល្អ ដើម្បីសុខភាពទាំងអស់គ្នា។

នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ ស្ថានភាព​ជំងឺ​មិន​ឆ្លង​ដែល​បណ្ដាល​មក​ពី​កត្តា​ទទួល​ទាន​របប​អាហារ​មិន​ត្រឹមត្រូវ ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម ការ​លើស​សារជាតិ​ខ្លាញ់ ភាព​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែម ទឹកនោមប្រៃ មាន​សភាព​កើន​ឡើង​ខ្ពស់​ជាង​ជំងឺ​ឆ្លង​ដែល​បណ្ដាល​មក​ពី​មេរោគ។

ស្ត្រីវ័យជាង២០ឆ្នាំ រូបនេះ បន្តថា ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​បរិបូណ៌​មួយ ប្រការ​សំខាន់ គឺ​យើង​ត្រូវ​ផ្ដោត​ទៅ​លើ​ការ​ទទួល​ទាន​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង «អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ខ្លាំង មាន​សារជាតិ​ខ្លាញ់ ជា​មូលហេតុ​ចម្បង​ដែល​ទាក់ទង​ទៅ​នឹង ជំងឺមិនឆ្លង។ គាត់​ខ្មែរ​របស់​យើង គឺ​វា​ឆ្ងាញ់​ចំពោះ​គាត់ ក៏ដូចជា​ជនជាតិ​ផ្សេងៗទៀតដែរ។  ប៉ុន្តែ​គាត់​គិត​ថា ម្ហូប​ខ្មែរ​យើង​មាន​រសជាតិ​ប្រៃ និង​សម្បូរ​ដោយ​ខ្លាញ់ ហើយ​ភេសជ្ជៈ​ក៏​ផ្អែម​ខ្លាំង​ពេក​ដែរ»។

ចំណែកស្រ្តីមេផ្ទះមួយរូបទៀត អ្នកស្រី គន់ សុគន្ធា បាននិយាយថា គ្រួសាររបស់អ្នកស្រី ទទួល​ទាន​អាហារ​ឲ្យ​មាន​តុល្យភាព ឬ​លំនឹង​សមស្រប ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ហើយ​ចាំបាច់​សម្រាប់​ផ្គត់ផ្គង់ និង​ទ្រទ្រង់​រាង​កាយ​របស់​យើង។

អ្នកស្រី គន់ សុគន្ធា បានបន្តថា «គ្រួសារខ្ញុំ ទាំងអស់​គ្នា​បរិភោគ​មធ្យម បាន​ន័យ​ថា កុំ​ឲ្យ​បរិភោគ​ឆ្អែត​ខ្លាំង​ពេក។ បរិភោគ​បន្លែ​ឲ្យ​បាន​ច្រើន។ សារាយ សណ្ដែក ហើយ​និង​របស់​របរ​ដែល​ធ្វើ​ពី​សណ្ដែក។ បើ​សិន​ជា​ចង់​ពិសារ​សាច់ សូម​ជ្រើសរើស​យក​សាច់​ត្រី។ កាត់​បន្ថយ​ក្នុង​ការ​ប្រើប្រាស់​ដូច​ជា អំបិល ស្ករ ហើយ​និង​ខ្លាញ់»។

វេជ្ជបណ្ឌិត ផ្នែកជំងឺទូទៅ នៃមន្ទីរពេទ្យឯកជនមួយក្នុងរាជធានីភ្នំពេញ លោកស្រី ង៉ែត រស្មី បាននិយាយថា ជាទូទៅ បរិមាណ​ក្នុង​មួយ​ថ្ងៃ គឺ​បន្លែ​ទម្ងន់ ៣៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ដោយ​ឡែក​អំបិល និង​ស្ករ គឺ​ត្រូវ​កាត់​បន្ថយ​ដែរ។

លោកស្រីវេជ្ជបណ្ឌិត ង៉ែត រស្មី​ បានប្រាប់អោយដឹងបន្តថា «ចំពោះ​អំបិល​វិញ គឺ​យើង​ប្រើ​តែ ៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ បើ​សិន​ជា​យើង​អត់​មាន​ជញ្ជីង ឬ​ក៏ដោយ​ខ្លី គឺ​យើង​ដាក់​តែ​មួយ​ស្លាបព្រា​កាហ្វេ​មក។ ជា​កម្រិត​ដែល​យើង​ប្រើប្រាស់​ក្នុង​មួយ​ថ្ងៃ អំពី​អំបិល។ ចំពោះ​សារជាតិ​ខ្លាញ់​វិញ ដូចជា​ប្រេង​ឆា ឬ​មួយ​ប្រេង​ផ្សេងៗ ប្រេង​សណ្ដែក​ប្រេង​អី​ហ្នឹង យើង​អាច​ប្រើ ១៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដែល​យើង​យក​ស្លាបព្រា​បាយ​វិញ។ ចំពោះ​ស្ករ យើង​យក​មួយ​ស្លាបព្រា​កាហ្វេ ដល់​ពេល​ខ្លាញ់​យើង​យក​មួយ​ស្លាបព្រា​បាយ​សម្រាប់​ប្រើប្រាស់​ទៀត»។

បើយោងតាមអង្កការពិភពលោក WHO បានធ្វើការណែនាំថា មនុស្សពេញវ័យគួរប្រើអំបិលតិចជាង ៦ក្រាមក្នុងមួយថ្ងៃ ប្រសិនបើអ្នកញ៉ាំច្រើនជាងនេះ អាចចាត់ទុកជាទង្វើល្មើសដែលនាំឲ្យមានបញ្ហាផ្សេងៗ។ ទោះបីជាយ៉ាងណាមនុស្សភាគច្រើនមិនបានយកចិត្ត ទុកដាក់ចំពោះបរិមាណក្នុងការប្រើប្រាស់អំបិ ប្រចាំថ្ងៃក៏នោះទេ នេះហើយជាមូលហេតុដែលធ្វើឲ្យពួកគេត្រូវប្រឈមនឹងជំងឺធ្ងន់ធ្ងរ ៣ប្រភេទ  គឺបញ្ហាខួរក្បាល សម្ពាធឈាមខ្ពស់ និងគ្រួសក្នុងតម្រងនោម៕

Add new comment

1 + 0 =

Please wait while the page is loading