កុំទម្លាប់និយាយបង្អាប់ ឬចំអន់ចិត្តកូនក្មេង

កុមារ​ជា​ក្រដាស​ស​មួយ​សន្លឹក​ដែល​ត្រូវ​តែ​គូសវាស​ដោយ​ប្រុង​ប្រយ័ត្ន។

«មិន​ហ៊ាន​ទុក​កូន​តូច​ឱ្យ​នៅ​តែ​ពីរ​នាក់​បង​គេ​ទេ​ព្រោះ​អាបង​នឹង​ធ្វើ​បាប​អាប្អូន​ដូចជា​វាយ​ឬ​ដាក់​ខ្នើយ​ខ្ទប់​មុខ​ជាដើម»។ នេះ​ជា​សម្តី​របស់​អ្នកស្រី ភិន សុភី វ័យ ៣៥ឆ្នាំ ជា​ស្រ្តី​មេផ្ទះ​នៅ​ភ្នំពេញ។

 

ស្ត្រី​រូប​នេះ​តែង​តែ​ជួប​ហេតុការណ៍​បែប​នេះ​ជា​ញឹកញាប់​បន្ទាប់​ពី​កូន​ប្រុស​ក្រោយ​របស់​អ្នកស្រី​កើត​មក។ អ្នកស្រី​បាន​ឲ្យ​ដឹងថា ពេល​ដែល​ប្អូន​នៅ​ក្នុង​ផ្ទៃ កូន​បង​ហាក់​ដូចជា​ស្រលាញ់​ប្អូន​ខ្លាំង គឺ​តែង​តែ​និយាយ​លេង​ជាមួយ ឬ​ឱប​ថើប​ពោះ​ជាដើម តែ​នៅ​ពេល​ដែល​ប្អូន​កើត​ចេញ​មក គឺ​មិន​បាន​ប៉ុន្មាន​គាត់​បែរ​ជាមិន​ចូល​ចិត្ត​ប្អូន​ទៅ​វិញ។ អ្នកស្រី​ពោល​ថា គឺ​ភាគ​តិច​ណាស់​ដែល​គេ​ស្រលាញ់​ប្អូន។

 

ស្រី្ត​រូប​នេះ​បន្ថែម​ថា៖«អ្វី​ដែល​ធ្វើ​ឱ្យ​កូន​អ្នកស្រី​ក្លាយ​ជា​ក្មេង​មិន​ល្អ​បែប​នេះគឺ​មក​ពី​អ្នក​ជិត​ខាង​ឬ​យាយតា ពូ​មីង​តែង​តែ​និយាយ​ចំអន់​ថា នឹង​លែង​មាន​អ្នក​ស្រលាញ់​គេ​ទៀត ​ព្រោះ​គេ​មាន​ប្អូន​ក្រោយ​ហើយ។ ពាក្យ​នេះ​ពេល​ខ្លះ​ធ្វើ​ឱ្យ​កូន​ប្រុស​ច្បង​ខ្ញុំ​យំ​ ឬ​មិន​សប្បាយ​ចិត្ត​ជាដើម​ បើទោះ​បី​ជា​ខ្ញុំ​ជា​ម្តាយ​ឪពុក​ព្យាយាម​និយាយ​លួង​លោម​គេ​បែប​ណា​ក៏​ដោយ​ព្រោះ​អ្វី​ដែល​ចំអន់​នោះ​នៅ​ជាប់​ក្នុង​ចិត្ត​គេ​ជានិច្ច»។

 

ចំណែក​អ្នកស្រី ញឹប យឿន វ័យ ២៩ឆ្នាំ ជា​អាជីវករ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​បឹងទំពុន​បាន​ឱ្យ​ដឹង​ផងដែរ​ថា៖ពេល​ខ្លះ​អ្នកស្រី​ខឹង​អ្នក​ដែល​តែង​តែ​និយាយ​បង្អាប់​កូន​របស់​ខ្លួន​ថា​ គាត់​នឹង​លែង​ស្រលាញ់​គេ​ដូច​មុន​ព្រោះ​តែ​មាន​ប្អូន​ក្រោយ។ សម្តី​នេះ​វា​ជា​ការលែង​សើច​តែ​កូន​របស់​​អ្នកស្រី​បាន​ផ្លាស់​ប្តូរ​ចរិត​ក្រោយ​ពេល​ដែល​បាន​ស្តាប់​ពាក្យ​ទាំង​នោះ។

 

តាម​រយៈ​បទ​ពិសោធន៍​នេះ ធ្វើ​ឲ្យ​អ្នកស្រី​ឈ្វេង​យល់​ថា ការ​វិវដ្តចិត្ត​សាស្ត្រ​​របស់​កុមារ​តូច​ គឺ​ត្រូវ​ការ​មនុស្ស​ចាស់​ និយាយ​ដោយ​ត្រង់​ ព្រោះ​ពួកគាត់​មិន​ទាន់​ចេះ​បែង​ចែក​អ្វី​ដែល​​ហៅ​ថា​និយាយ​លេង​សើច​នោះ​ឡើយ។ ការ​បន្ទោស ឬ​បង្អាប់​ ប្រៀប​ធៀប​រវាង​បងប្អូន​ គឺ​នាំ​ឲ្យ​កុមារ​​មាន​ភាព​ច្រណែន​ដោយ​មិន​ដឹង​ខ្លួន ហើយ​ភាព​ស្អប់​ក៏​កើត​ចេញ​មក។

 

អ្នកស្រី​យឿន​ មាន​ប្រសាសន៍​ថា៖«ដូច​ជា​កូន​ខ្ញុំ​ គេ​និយាយ​បង្អាប់​យូរៗ ឥឡូវ​ចេះ​និយាយ​សម្តី​ថា​ ពេល​ប្អូន​កើត​មក នឹង​យក​ទៅ​បោះ​ចោល​ជា​ដើម។ នេះ​វា​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ក្មេង​ច្បាស់​ណាស់»។

 

លោក ប៊ុន ថារ៉ូ វ័យ ៤២ឆ្នាំ ជា​ប្រធាន​ក្រុម​ហ៊ុន​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹង​ផងដែរ​ថា៖ «ខ្ញុំ​តែង​តែ​ស្តី​បន្ទោស​ទៅ​អ្នកដែលចូលចិត្តនិយាយចំអន់ថា ខ្ញុំលែងស្រលាញ់កូនបងអីចឹងទៅ ព្រោះភាសានេះធ្វើឱ្យក្មេងបាក់ទឹកចិត្តឬមានចិត្តស្អប់ឪពុកម្តាយនិងប្អូនៗគេជាដើម។ បើទោះបីគេនិយាយក្នុងន័យលេងសើចក៏មិនត្រូវនិយាយដែរ»។

 

ដោយភាពតឹងរឹង​ចំពោះការប្រើ​ប្រាស់​ពាក្យ​សម្តីនេះ បាន​ធ្វើ​ឲ្យ​កូន​របស់​លោក​ថារ៉ូ ចេះ​ស្រលាញ់​ប្អូន​របស់​ខ្លួន។ លោក​បាន​ឲ្យ​ដឹង​ថា ពាក្យ​មួយ​ចំនួន​ ឪពុក​ម្តាយ​និង​អ្នក​ជិត​ខាង​គួរតែ​ប្រើ​ដើម្បី​លើក​ទឹកចិត្ត​កុមារ​ កុំ​ឲ្យ​ពួកគេ​មាន​ការ​ភ័យ​ខ្លាច និង​ចេះ​ស្រលាញ់​ដោយ​អស់​ពី​ចិត្ត។

 

លោក​ថារ៉ូ៖ «ប៉ា​ម៉ាក់​ស្រលាញ់​កូន! នេះ​ជា​ពាក្យ​ដែល​ខ្ញុំ​និង​ភរិយា​តែង​និយាយ​ទៅ​កាន់​កូន​ជារៀង​រាល់​ថ្ងៃ ហើយ​កូន​តែង​តែ​ញញឹម​ត្រឡប់​មក​វិញ។ ​ ហេតុ​នេះ​ទាំង​អ្នក​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​ ទាំង​ចាស់​ទុំ​នៅ​ខាង​ក្រៅ​គួរ​តែ​កុំ​និយាយ​អ្វី​ដែល​នាំ​ឱ្យ​កូន​ក្មេង​មិន​សប្បាយ​ចិត្ត​ ​ឬ​អន់​ចិត្ត​ដោយសារ​រតែ​ខ្លាច​លែង​មាន​អ្នក​ស្រលាញ់​គេ។ គួរ​តែ​និយាយ​អប់រំ​និង​ប្រើ​កាយ​វិការ​ល្អៗ​ដើម្បី​ជា​គំរូ​ដល់​កូន​ក្មេង​ ទើប​ល្អ​ជាង​ការបង្អាប់​កូន​ក្មេង»។

 

តាម​ប្រសាសន៍​របស់​លោក អ៊ុំ ផ្លាក ទីន ផ្នែក​ចិត្ត​សាស្រ្ត​ឯករាជ្យ​បាន​ឱ្យ​ដឹង​ថា ក្មេង​តូច​ត្រូវ​ការក្តី​ស្រលាញ់​ការថ្នាក់​ថ្នម​ពី​សំណាក់​ឪពុកម្តាយ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន ដូចជា ផ្តល់​ចំណី​អាហារ ផ្តល់​កន្លែង​ស្នាក់​នៅ បញ្ជូន​ទៅ​សាលា​រៀន និង​ផ្តល់​នូវ​ការអប់រំ​ល្អៗ​ដល់​គេ​ជាដើម។ ក្នុង​នោះ​ទង្វើ​មួយ​ចំនួន​ដែល​មិន​គួរ​ប្រព្រឹត្ត​មក​លើ​កុមារ​ដូចជា ​ស្ដី​បន្ទោស ឬ​បន្តុះ​បង្អាប់ ព្រោះ​កុមារ​​អាច​កាន់​តែ​តូច​ចិត្ត ហើយ​ប៉ះ​ពាល់​ផ្លូវ​អារម្មណ៍​កាន់​តែ​ខ្លាំង។

 

លោក​ផ្លាក​ទីន​បន្ថែម​ថា៖ «ឪពុក​ម្តាយ ឬ​មនុស្ស​ធំ​ដឹង​ក្តី្ត ​ត្រូវ​បង្រៀន​ត្រូវ​ឲ្យ​ក្មេង​យល់​ថា គេ​មាន​តម្លៃ និង​មាន​ភាព​កក់​ក្ដៅ​ក្នុង​គ្រួសារ។ ការ​ធំធាត់​ក្នុង​គ្រួសារ​កក់ក្ដៅ និង​យល់​ពី​តម្លៃ​ជីវិត ជា​ផ្លូវ​ត្រួស​ត្រាយ​បើក​ចិត្ត​ឲ្យ​ក្មេង​សម្លឹង​មើល​អ្វីៗ​ក្នុង​ផ្លូវ​ល្អ​ជានិច្ច»។

 

អ្នក​ចិត្ត​សាស្ត្រ​រូប​នេះ បន្ត​ទៀត​ថា «មិន​ត្រូវ​ប្រើ​សម្តី​លេង​សើច​ ឬ​ទង្វើ​ណា​ដែល​នាំ​ឱ្យ​ក្មេង​មាន​អារម្មរណ៍​តាន​តឹង​ក្នុង​ចិត្ត ឬ​ភ័យ​ខ្លាច​បាត់​បង់​អ្វី​មួយ​នោះ​ទេ ជា​ពិសេស​សេចក្តី​ស្រលាញ់​ពី​ឪពុក​ម្តាយ​របស់​គេ​តែ​ម្តង»៕

Add new comment

2 + 0 =

Please wait while the page is loading