ការកែច្នៃគ្រឿងសំណង់ថ្មី កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងសម័យថ្មី

នៅពេលបច្ចុប្បន្ននេះ សំណង់អាគារបានរីកដុះដាលខ្លាំងក្នុងរាជាណាចក្រកម្ពុជា ស្របទៅតាមសេដ្ឋកិច្ចជាតិ។ បើនិយាយពីឥដ្ឋជាគ្រឿងសំណង់ និងជាវត្ថុធាតុដើមមួយ ដែលសំខាន់ និងមិនអាចខ្វះបាន សម្រាប់បម្រើអោយការសាងសង់នៅសំណង់ទាំងនោះ។

ក្នុងគោលជំហកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ យុវជនម្នាក់ឈ្មោះថា ហា គង់ងី មានកំណើតក្នុងត្រកូលកសិករក្រីក្របានសម្រេចបង្កើតគំនិតច្នៃប្រឌិតថ្មី ក្នុងការផលិតឥដ្ឋ សម្រាប់សន្សំសំចៃខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។ បន្ទាប់ពីទទួលបានសញ្ញាប័ត្រជំនាញបច្ចេកទេស ដែលបានសិក្សានៅក្រៅប្រទេស។

លោក ហាល គង់ងី ស្ថាបនិកក្រុមហ៊ុនផលិតឥដ្ឋបរិស្ថាន ម៉ាក Dream Home បានប្រាប់ថា «បន្ទាប់ពីត្រលប់មកពីប្រទេសអូស្រ្តាលីវិញ បូកជាមួយនឹងគ្រួសារ សន្សំបានប្រហែលជារយៈពេល៧ទៅ៨ឆ្នាំដែរ បញ្ចូលលុយគ្នាទិញផ្ទះមួយនៅមិនបាន ជាមូលហេតុមួយដែលតូចចិត្តដែរ នៅមានមនុស្សជាច្រើនអ្នកទៀត ដែលស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំដែរ។ ចំពោះឥដ្ឋនេះយើងដាក់ឈ្មោះថា ឥដ្ឋបរិស្ថាន ការផលិតទី១ យើងមិនដុតដូចឥដ្ឋក្រហមធម្មតាទេបាទ នៅពេលដែរគេរកឃើញថា នៅក្នុងឥដ្ឋក្រហម១ម៉ីនដុំ បំពុលបរិស្ថាន ១៤តោន ចឹងឥដ្ឋរបស់យើងខ្ញុំមិនដុត វាអាចកាត់បន្ថយ។ ចំណុចពិសេសមួយទៀតគឺការប្រើប្រាស់ស៊ីម៉ង់ ក៏បំពុលបរិស្ថាន ទម្រាំងតែបានស៊ីម៉ង់គេបំផ្ទុះភ្នំយកថ្ម នៅពេលដែលយើងប្រើប្រាស់ស៊ីម៉ង់តិច ព្រោះឥដ្ឋនេះយើងប្រើប្រាស់ រលកញីនិងឈ្មោល ដាក់ចូលតែទៅក្នុងរន្ធទេ នេះវាធ្វើអោយការប្រើប្រាស់ស៊ីម៉ង់តិច​ ការបូកក៏ប្រើខ្សាច់តិចដែរ នេះយើងសន្សំសំចៃទៀត ហើយក៏វាអាចកាត់បន្ថយកំដៅបានទៀត»។

ស្ថាបនិករូបនេះ បានដាក់ឈ្មោះឥដ្ឋប្រភេទថ្មី ដែរលោកបានផលិតនេះជាឥដ្ឋបរិស្ថាន ព្រោះបច្ចេកទេសនៃការផលិតនេះខុសប្លែកពីឥដ្ឋធម្មតា គ្មានការដុតក្នុងឡ បង្ហើរផ្សែងទៅក្នុងបរិយាកាសឡើយ។ ការផលិតប្រើប្រាស់ដោយម៉ាស៊ីន ស្វ័យប្រវត្តិកម្ម និងប្រើប្រាស់វត្ថុធាតុដើមរួមផ្សំមួយចំនួនថែមទៀត ដូចជាដីម៉ត់ ស៊ីម៉ង់ ទឹក ខ្សាច់បន្តិចបន្តួច នឹងសារធាតុមួយចំនួនទៀត។

លោក គង់ ហ៊ុយ ជាប្រធានផ្នែកបច្ចេកទេស បាននិយាយថា «សម្ភារៈដែលផលិតឥដ្ឋនោះ យកចេញពីដីដែលម៉ត់ មករែង លាយជាមួយស៊ីម៉ង់ រួចបញ្ចូលទៅក្នុងម៉ាស៊ីនលាយ រួមផ្សំទឹក និងសារធាតុមួយចំនួន ធ្វើអោយដីឆាតុរឹង។ បញ្ចូលទៅក្នុងម៉ាស៊ីនពុម្ភ ដើម្បីសង្កត់វា អោយក្លាយទៅជាឥដ្ឋ។ នៅក្នុងការសង្កត់ ត្រូវប្រើសម្ពាធចំនួន ពី១០០០ ទៅ១៣០០ ប៉ាស្កាល់ បើសិនប្រៀបធៀបនឹងទំងន់ប្រហែលជា ១តោនជាង។ ​អ្នកជំនាញបានលើកឥដ្ឋដាក់ក្នុងរទះ យកទៅទុកទៅតាមកន្លែងវា»។

ប្រធានផ្នែកបច្ចេទេសផលិតឥដ្ឋរូបនេះ បន្តអោយដឹងថា បញ្ហាពិបាកក្នុងការផលិតឥដ្ឋគឺ ដី នៅពេលដែលគេបញ្ជូនមកដំបូង គេអាចអោយដីដែលយើងចង់បាន និងពេលខ្លះគេអោយដីដែលមិនចំប្លង់ដែរយើងចង់បានក៏មាន។ នៅពេលដែលមានភ្លៀងក៏ជាបញ្ហាដល់ការផលិតឥដ្ឋដែរ ព្រោះពិបាកក្នុងការរែងដីអោយបានម៉ត់។

បង្កើតគម្រោងដំបូងក្នុងឆ្នាំ ២០១៥ សិប្បកម្មផលិតឥដ្ឋរបស់លោក ហា គង់ងី មានលក្ខណៈតូច នឹងអាចមានសមត្ថភាពផលិតបានត្រឹមតែ ១០០ការ៉េ ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ម្ចាស់សិប្បកម្មវ័យជាង៣០ឆ្នាំរូបនេះ បានអះអាងថា ឥដ្ឋបរិស្ថានមានគុណភាពល្អ ធ្វើអោយសំណង់មានភាពរឹងមាំ អតិថិជនមិនចំណាយថវិការច្រើនទៀតផង។

លោក ហា គង់ងី បានបន្តថា «គោលបំណងធំ គឺគ្មានគោលបំណងប្រកួតប្រជែងនោះទេ គ្រាន់តែយើងបំពេញនូវចំណុចខ្វះខាត ឬចន្លោះនៅក្នុងទីផ្សារដែល ឥដ្ឋក្រហមគាត់មិនបានផ្តោតទៅលើអ្នកដែលមានជីវភាពមធ្យម និងអ្នកមាននោះទេ ហើយគ្មានអ្នកក្រណាម្នាក់គាត់អាចនឹងសង់ផ្ទះថ្មបាននោះទេ ចឹងអ្វីដែលយើងកំពុងធ្វើនោះគឺបំពេញលើចំណុចខ្វះខាតនៅលើទីផ្សារ»។

និស្សិតថ្នាក់ឧត្តមវិស្វករ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា តិចណូ លោក កែវ មនោរម្យ បាននិយាយថា «បើតាមការសាកល្បងពិសោធនៅមន្ទីរពិសោធរបស់វិទ្យាស្ថាន ឥដ្ឋនេះអាចទ្រទម្ងន់បានរហូតដល់ ទៅ៦មេហ្កាប៉ាស្កាល់ បើនិយាយតាមខ្នាតធម្មតា ចំនួន៦០គីឡូក្រាមក្នុង១ដុំឥដ្ឋ។ ​វាធន់នឹងទ្រនូវទំងន់ខ្លាំង ចំពោះសោភណភាពរបស់ឥដ្ឋនេះ គឺមិនចាំបាច់បូកជញ្ជាំងនោះទេ វាមានភាពរលោងស្រាប់ទៅហើយ ដោយគ្រាន់តែលៀបថ្នាំគឺមានសោភណភាពបាត់ទៅហើយ»។

ចំណែកម្ចាស់ផ្ទះដែលប្រើប្រាស់ឥដ្ឋប្រភេទនេះ លោកយាយ ផុន ជាអតិថិជនរបស់ គម្រោងផ្ទះតាមក្តីប្រាថ្នា របស់រាជធានីភ្នំពេញ បានប្រាប់អោយដឹងថា «សប្បាយចិត្តនៅពេលដែលបានផ្ទះស្អាតនៅ មានគេជាច្រើនសុំមើលផ្ទះដែលសាងសង់ពីឥដ្ឋនេះច្រើនដែរ ព្រោះគេស្រឡាញ់ដូចខ្ញុំដែរ»។

ស្ថាបនិកអាជីវកម្មឥដ្ឋនេះ បានសំណូមពរអោយប្រជាពលរដ្ឋជួយគាំទ្រឥដ្ឋប្រភេទថ្មីនេះ អោយបានកាន់តែទូលាយផងដែរ។

លោក​ ហា គង់ងី បន្តរៀបរាប់ថា​ «សំណូមពរទៅក្រសួងពាក់ពន្ធ័មានការ ចូលរួមលើកកម្ពស់ ទៅនឹងផលិតផលក្នុងស្រុក ព្រោះថាផលិតផលក្នុងស្រុក ​បានចូលរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្រ ចូលរួមផ្តល់នៅលំនៅដ្ឋានមួយដែលមានលក្ខណៈសមរម្យ ហើយខ្ញុំជឿជាក់ថា ទាំងអស់គ្នា​ជាពិសេសគឺយុវជន មានស្មារតី ឈ្លៀសវៃ ស្វាហាប់ តែយើងនៅខ្វះកិច្ចសហការគ្នា ប្រសិនបើមានផ្នែកណាមួយចង់សហការបន្ថែមខ្ញុំរីករាយ ព្រោះយើងធ្វើយ៉ាងមិចអោយជាតិយើងរីកចម្រើនតទៅមុខ»។

ឥដ្ឋថ្មី ឬឥដ្ឋបរិស្ថាន ត្រូវបានទទួលស្គាល់ដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្ម គណៈស្ថាបយ្យករកម្ពុជា ថាជាប្រភេទឥដ្ឋមានគុណភាពរឹងមាំ មិនប៉ះពាល់ដល់ការបំពុលបរិស្ថាន៕

Add new comment

6 + 7 =

Please wait while the page is loading